ភ្នំពេញ៖ កម្មករ២នាក់ ធ្វើការនៅផ្ទះលក់វាំងននឈរហុចដែកបំពង់ទីបទៅជាន់ទី១ស្រូប ចរន្តអគ្គិសនីឆក់សន្លប់ស្តូកទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី០២ ខែសីហា នៅផ្ទះលក់វាំងនន គឹមសុង តាមផ្លូវ៣៧១ ក្រុម៤ ស្ថិតនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះទី១មានឈ្មោះ កែវ បុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដេរវាំងនន ស្នាក់នៅកើតហេតុខាងលើ របួសរលាត់ស្បែកកដៃទាំងសងខាងនិងក្បាលពោះសន្លប់មិនទាន់ដឹងខ្លួនពេលទៅដល់មន្ទីរពេទ្យ ទី២ឈ្មោះ ញឹម ហ៊ម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដេរវាំងនន របួសកងដៃទាំងសងខាងនិងសន្លប់មិនទាន់ដឹងខ្លួនដូចគ្នា ។
ប្រភពព័ត៌មានពីប្រជាការពារភូមិបានឲ្យដឹងថា មុនពេលកើតហេតុបុរសទាំងពីរនាក់ជាកម្មករនៅ គឹមសុង វាំងនន បានហុចដែកបំពង់ទីប១ដើមប្រវែង៣ម៉ែត្រយកទៅទុកនៅជាន់ទីមួយ ព្រោះទុកនៅជាន់ក្រោមនេះចង្អៀតពេក ខណៈពេលកំពុងតែឈរហុចដែកបំពង់ទីប នោះម្នាក់ឈរនៅជាន់ខាងក្រោមហើយម្នាក់ទៀតចាំទទួលនៅជាន់ទីមួយ ពេលដែលអ្នក ទាំងពីរនាក់កំពុងតែកាន់ដែកហុចនិងទទួលបាននោះស្រាប់តែស្រូបចរន្តពីខ្សែកាបស្រាត ដែលនៅលើបង្គោលភ្លើងប្រមាណកន្លះម៉ែត្រពីកន្លែងហុចនោះធ្វើឲ្យឆក់សន្លប់ទាំង២នាក់ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់មិនបានចាប់អារម្មណ៍ថាឈរហុចដែកនៅជិតខ្សែភ្លើងដែលសុទ្ធតែជាមេភ្លើងមានកម្លាំងស្រូបខ្លាំងបណ្តាលឲ្យឆក់បែបនេះទេ ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានអ្នកជិតខាងយកទៅកប់ដី ខ្សាច់រួចទើបដឹកតាមរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕
គួន ចំរើន