Monday, January 13, 2025
Homeព័ត៌មានជាតិពស់ពភ្លាក់ចឹក! ទុកឱ្យគ្រូខ្មែរស្តោះផ្លុំទាល់តែចេញឈាមតាមរោម ភ័យទើបរត់រកពេទ្យ

ពស់ពភ្លាក់ចឹក! ទុកឱ្យគ្រូខ្មែរស្តោះផ្លុំទាល់តែចេញឈាមតាមរោម ភ័យទើបរត់រកពេទ្យ

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវពស់ពភ្លាក់ដំរី ដែលជាប្រភេទពស់មានពិសខ្លាំង ចឹកចំកែងជើងខាងស្តាំ រួចក៏រត់ទៅរកគ្រូខ្មែរស្តោះផ្លុំ ព្យាបាលតែអាការមិនបានធូរស្រាលសោះ ផ្ទុយទៅវិញកាន់តែធ្ងន់ធ្ងរខ្លាំងឡើង រហូតដល់ចេញឈាមតាមរោមតាមធ្មេញ និងតាមមាត់ធ្ងន់ធ្ងរ ទើបភ័យខ្លួនរត់ទៅមន្ទីរពេទ្យឱ្យគ្រូពេទ្យជំនាញជួយព្យាបាលវិញម្តង។

ករណីពស់មានពិសខ្លាំងចឹកបុរសខាងលើ បានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិជីឱក ឃុំរម្មណីយ៍ ស្រុករវាង។

បុរសរងគ្រោះដែលត្រូវពស់ពភ្លាក់ចឹក មានឈ្មោះអុក សំអន អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានដើរចេញពីផ្ទះទៅធ្វើចម្ការដូចសព្វមួយដង ស្រាប់តែក្រោយមក ដើរមិនប្រយ័ត្នក៏ត្រូវសត្វពស់ពភ្លាក់ដំរី ដែលជាប្រភេទសត្វពស់មានពិសខ្លាំងមួយក្បាល ចឹកចំកែងជើងខាងស្តាំ បណ្តាលឱ្យទទួលរងការចុកចាប់យ៉ាងខ្លាំង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិនាំទៅរកគ្រូខ្មែរឱ្យជួយព្យាបាលស្តោះផ្លុំទាំងយប់។ បន្ទាប់មក ពីមួយថ្ងៃទៅមួយថ្ងៃ ការព្យាបាលដោយវិធីបុរាណ ស្តោះផ្លុំឃើញថា ហាក់មិនបានធូរស្រាលឡើយ ផ្ទុយទៅវិញអាការកាន់តែធ្ងន់ធ្ងរទៅៗ ដោយជនរងគ្រោះមានការឈឺចុកចាប់ត្រង់មុខរបួសកាន់តែខ្លាំងឡើង រហូតមានចេញឈាមតាមរោម តាមធ្មេញ តាមមាត់ និងហូរជោកខ្លួនមិនឈប់ ទើបក្រុមគ្រួសារមានការភិតភ័យ ក៏សម្រេចចិត្តបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយព្យាបាល តាមក្បូនវេជ្ជសាស្ត្រទំនើបវិញម្តង។ ក្រោយការព្យាបាល និងជួយសង្គ្រោះដោយយកចិត្តដាក់ពីគ្រូពេទ្យឯកទេស ឃើញថាពឹសពស់ត្រូវបានបន្សាប និងមានអាការៈធូរស្បើយប្រសើរជាងពេលមុន។

លោកវេជ្ជបណ្ឌិត នួន វិជិត្រ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ និងជាប្រធានផ្នែកវះកាត់ នៃសាលសង្គ្រោះបន្ទាន់ បានថ្លែងបញ្ជាក់ថា ចំពោះអាការៈអ្នកជំងឺពស់ចឹក ដែលមានសភាពធ្ងន់ធ្ងរនេះ ដោយសារតែមូលហេតុថានៅពេលដែលពស់ចឹកភ្លាមៗ សាច់ញាត់មិនបាននាំជនរង គ្រោះមកឱ្យជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗនោះទេ រវល់តែទៅរកគ្រូខ្មែរ ទម្រាំតែមកដល់ពេទ្យ អ្នកជំងឺមានសភាពធ្ងន់ធ្ងរទៅហើយ។ តែយ៉ាងណាបន្ទាប់ពីទទួលបានការព្យាបាលតាមឯកទេស និងក្រោមការយកចិត្តទុកដាក់ ស្ថានភាពអ្នកជំងឺបានធូរស្បើយឡើងវិញច្រើនហើយ និងវិលទៅរកការជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយនេះលោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា នៅពេលដែលជួបប្រទះនូវសត្វមានពឹស ទិច ខាំ ឬចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ពីព្រោះបច្ចុប្បន្ននេះវិទ្យាសាស្ត្រជឿនលឿនណាស់ និងមានសេរ៉ូម និងថ្នាំសម្រាប់បន្សាបជាតិពិសបានយ៉ាងពូកែស័ក្កិសិទ្ធ ហេតុនេះ សូមកុំពន្យាពេលទៅរកគ្រូខ្មែរឱ្យសោះ ព្រោះវាអាចបណ្តាលឱ្យជនរងគ្រោះមានគ្រោះថ្នាក់ដលជីវិតបាន៕

RELATED ARTICLES