Monday, December 23, 2024
Homeព័ត៌មានជាតិប្រុសពិការជើង ស្រី៤នាក់រត់ឡើងផ្ទះ

ប្រុសពិការជើង ស្រី៤នាក់រត់ឡើងផ្ទះ

មិនថាតែប្រុស ឬស្រីទេ ឱ្យតែមានប្រជ្រុយស្វាក់ ទោះជាមានរូបរាងអាក្រក់​​ សម្បុរខ្មៅ ក្រខ្សត់ ឬក៏ពិកល្យពិការក្តី ក៏នៅតែមានមន្ត ស្នេហ៍ស័ក្តិសិទ្ធិណាស់។ ជាក់ស្តែង បុរសម្នាក់នេះ ថ្វីត្បិតតែពិការជើង ប៉ុន្តែគេមានប្រជ្រុយស្វាក់ និងមានថ្វីមាត់ប្រសប់លួងលោមអង្វរស្រីៗ ណាស់ រហូតធ្វើឱ្យស្រី៤នាក់ លង់ស្នេហ៍ឱបបង្វេចរត់ឡើងផ្ទះ ប្រគល់ខ្លួនប្រាណឱ្យគេនែបនិត្យ…។

លោកហ៊ីង ធា អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា លោកជាកូនបន្ទាប់ពៅ ក្នុងចំណោម បងប្អូន៦នាក់ (ប្រុស៣ ស្រី៣) មានឪពុកឈ្មោះឆោម អាយុ៧០ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង ដោយសារក្រុមគ្រួសារមានជីវភាពទីទ័លក្រ លោករៀនសូត្របានតិចតួចណាស់ មិនចប់ថ្នាក់បឋមសិក្សា ផងក៏ឈប់ទៅ ស្គាល់តែការងារស្រែចម្ការគ្មានទំនេរដៃ។ កាលពី តូចលោកកើតមកមានកាយសម្បទាមាំមួនធម្មតាដូចមនុស្សដទៃ ទៀតដែរ អាចធ្វើការរកប្រាក់ចិញ្ចឹមជីវិតបានជាធម្មតា។
លោកហ៊ីង ធា រៀបរាប់ទាំងក្រៀមក្រំថា លុះចូលដល់អាយុ១៦ឆ្នាំ មិនទាន់ធំពេញកំលោះស្រួលបួលផង ស្រាប់តែលោកចេះ តែមានអាការឈឺត្រឹម ពាក់កណ្តាលភ្លៅចុះក្រោមទៅចុងជើង ហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អាការជំងឺកាន់តែធ្ងន់ធ្ងរ ជាលំដាប់។ តែពេលនោះ ឪពុកម្តាយគ្មានលុយនាំលោក ទៅព្យាបាលនៅមន្ទីរពេទ្យ ឱ្យបាន ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រឡើយ ពោលគឺពួកគាត់នាំលោកទៅ ព្យាបាលជាមួយតែគ្រូឱសថបុរាណខ្មែរប៉ុណ្ណោះ ដោយផឹកថ្នាំផ្សំ ចេញពីប្ញសឈើប្ញសព្រៃ និងបុកលាបរឺតតែប៉ុណ្ណោះ។ ទីបំផុត ការព្យាបាលតាមក្បួនបុរាណនេះ មិនអាចព្យាបាលអាការជំងឺ លោកបានសះស្បើយឡើយ រហូតជើងទាំងគូរបស់លោក ចាប់ផ្តើមស្វិតបន្តិចម្តងៗ ទន់សរសៃពិការ ដើរហើរលែងរួច តែម្តង នៅដេកដួលតែលើគ្រែ ហូបបាយទឹកបន្ទោបង់តូចធំតែ មួយកន្លែងប៉ុណ្ណោះ។ ក្រោយមក ក៏មានអង្គការជនពិការមួយ បានឧបត្ថម្ភរទេះជនពិការមួយគ្រឿងឱ្យលោក ទើបលោកមានឱកាសជិះលើរទេះបន្លាស់ទីបាន។

លោកហ៊ីង ធា

បុរសពិការរូបនេះបន្តថា តាមពិត លោកពិការតែជើងប៉ុណ្ណោះ តែអវយវៈរបស់លោកផ្សេងទៀត ព្រមទាំងបញ្ញា ស្មារតីមិនពិការឡើយ សូម្បីតែអាច្រម៉ក់ក៏អាចប្រតិបត្តិការ ការងារលើគ្រែបានជាធម្មតា ដូចប្រុសដទៃទៀតដែរ។ ជាពិសេស លោកមានសំណាងជាងប្រុស ឯទៀតបន្តិច គ្រាន់តែស្រីៗ លង់ស្នេហ៍រត់ឡើងផ្ទះ ស្ម័គ្រធ្វើប្រគល់ខ្លួនប្រាណឱ្យលោកនែបនិត្យ ទៅដល់៤នាក់ឯណោះ មានទាំងក្រមុំ និងមេម៉ាយ។ ប្រពន្ធទី១ របស់លោកមានឈ្មោះនាងសរ ជាស្រីមេម៉ាយកូន២ មានស្រុកកំណើត នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលចំណង ស្នេហ៍ពួកលោក ផ្តើមឡើងតាមរយៈច្រឡំលេខទូរស័ព្ទ សាងស្នេហ៍ជាមួយគ្នា អស់រយៈពេលប្រហែល១ឆ្នាំ នាងសរ បានឱបបង្វេចនាំកូនស្កាត់មករកលោកដល់ផ្ទះ និងរួមរស់ជាមួយ គ្នាជាប្តីប្រពន្ធ។ ប្រពន្ធរូបនេះ គឺជាមេម៉ាយស្តុក ក្នុងពេលដែល នាងមករួមរស់ជាមួយលោក នាងមានពាក់ខ្សែកខ្សែដៃ ចិញ្ចៀន ក្រវិលមាស ឡើងពេញខ្លួន ហើយបានលក់មាសប្រាក់ទាំងនោះ យកទៅទិញឈើធ្វើផ្ទះមួយខ្នង ដែលលោកកំពុងស្នាក់អាស្រ័យនៅសព្វថ្ងៃនេះ សាងគ្រួសារ។ តែគួរឱ្យស្តាយ ក្រោយពី សាងស្នេហ៍ជាមួយគ្នាបាន១ឆ្នាំ ស្រាប់តែប្រពន្ធរូបនេះ អស់ចិត្ត អស់ស្នេហ៍ ម្តាយកូនពួកនាងត្រឡប់ទៅរស់នៅស្រុកកំណើត របស់នាងវិញបាត់។


បុរសពិការជើងរូបនេះ បន្តទៀតថា ក្រោយមកលោក បានសាងស្នេហ៍ជាមួយប្រពន្ធទី២ តាមរយៈទូរស័ព្ទ ដោយ ប្រពន្ធទី២ រូបនេះជាស្រីក្រមុំព្រហ្មចារី មានឈ្មោះវី ជាអ្នកខេត្ត ព្រៃវែង ដែលកាលនោះ នាងទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ តែគួរឱ្យស្តាយ ក្រោយពីរួមរស់ជាមួយគ្នាបាន រយៈពេល៤ខែ ខណៈដែលនាងមានផ្ទៃពោះ៣ខែ ស្រាប់តែបងប្អូនខាង ប្រពន្ធតាមមកយកនាងត្រឡប់ទៅស្រុកកំណើតវិញ បាត់។ លុះ៣ខែក្រោយមក លោកបានជួបស្នេហ៍ជាមួយប្រពន្ធទី៣ ឈ្មោះជា អាយុ២៥ឆ្នាំ ជាស្រីមេម៉ាយកូន១ ធ្វើការនៅក្នុង រោងចក្រក្នុងខេត្តព្រះសីហនុ តែរួមរស់ជាមួយគ្នាបានតែ៧ថ្ងៃ នាងក៏ត្រឡប់ទៅវិញបាត់ស្រមោល។ បន្ទាប់មក លោកក៏បាន ជួបស្នេហ៍ជាមួយប្រពន្ធទី៤ ឈ្មោះខ្មៅ អាយុ៣០ឆ្នាំ ជាអ្នក រស់នៅស្រុកឈូក ខេត្តកំពត ជាមួយគ្នា។ លុះរួមរស់ជាមួយ គ្នាបានរយៈពេល២ខែ នាងអស់ស្នេហ៍ក៏ត្រឡប់ទៅវិញដូច ប្រពន្ធមុនៗដែរ។
លោកហ៊ីង ធា បញ្ជាក់ថា ប្រពន្ធទាំង៤នាក់នេះ លោក លួងលោមប្រលោមស្នេហ៍នាងតាមរយៈទូរស័ព្ទប៉ុណ្ណោះ រហូតធ្វើឱ្យនាងៗធ្លាក់ក្នុងអន្លង់ស្នេហ៍លោក ដ៏សែនជ្រៅ និងសុទ្ធតែឱបបង្វេចធ្វើដំណើរ ស្កាត់មករកលោកដល់ផ្ទះ ប្រគល់ខ្លួនប្រាណឱ្យលោកនែបនិត្យតាមចិត្តចង់ ប៉ុន្តែដោយសារលោកជាមនុស្សពិការ មិនអាចធ្វើ ការរកប្រាក់ចិញ្ចឹមពួកនាងឱ្យរស់នៅសុខស្រួលមាន សុភមង្គល ទើបប្រពន្ធទាំង៤ នាំគ្នាបោលចោលលោក អស់គ្មានសល់។ តែយ៉ាងណា ក៏លោកមិនទាន់អស់ សង្ឃឹមឡើយ ប្រហែលជាមិនសូវជាជួបការលំបាក រឿងទាក់ទងស្រីញីឡើយ ព្រោះលោកមានប្រជ្រុយ ស្វាក់ នៅថ្ងៃណាមួយ លោកនឹងរកបាននារីម្នាក់ ដែលស្រលាញ់លោកដោយស្មោះ ថែរក្សាគ្នាដល់ចាស់ កោងខ្នងមិនខាន។

នាងរ៉េម

អ្នកស្រីញីម ច្រឹប អាយុ៤៨ឆ្នាំ និងនាងរ៉េម អាយុ៣៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា លោកហ៊ីង ធា ពិតជាធ្លាប់មានប្រពន្ធ៤នាក់មែន ប៉ុន្តែ រួមរស់ជាមួយគ្នាមិនសូវបានយូរអង្វែងទេ ប្រពន្ធ ទាំងនោះក៏បោលចោលប្តីអស់។ ពួកគាត់បញ្ជាក់ថា ប្រពន្ធទាំង៤របស់បុរសពិការជើងរូបនេះ សុទ្ធតែឱបបង្វេចរត់មករួមរស់ដល់ៗផ្ទះតែម្តង និងមិនបាន រៀបការឬសែនព្រេនឱ្យបានត្រឹមត្រូវតាមប្រពៃណីទេ ពោលគឺមករួមរស់ជាមួយលោកធា តាមអំណាច ភ្លើងស្នេហ៍ដុតរោល ហើយត្រឡប់ទៅវិញ ក៏ដោយសារភ្លើងស្នេហ៍រលត់ដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់ ក៏ដូចជាអ្នកស្រុកចាប់អារម្មណ៍នោះ គឺដោយសារតែ ប្រជ្រុយស្វាក់ស្រីរបស់លោកហ៊ីង ធា មានឥទ្ធិពល ឆាប់ធ្វើឱ្យស្រីៗបាក់ចិត្តលង់ស្នេហ៍រូបគេណាស់ ទោះជារូបគេពិការជើង ក៏ដោយ។

ផ្ទះលោកហ៊ីង ធា

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា លោកហ៊ីង ធា ត្បិតតែជាមនុស្សពិការជើងដើរ ហើរមិនរួច អង្គុយនៅតែលើរទេះរុញមែន ប៉ុន្តែលោក មានមន្តស្នេហ៍ណាស់ ដោយសារមានប្រជ្រុយស្វាក់ អាចអន្ទងបេះដូងស្រីៗឱ្យបាក់ចិត្តលង់ស្នេហ៍ឱបបង្វេចរត់េឡីងផ្ទះស្ម័គ្រធ្វើជាប្រពន្ធឱ្យបន្តកន្ទុយគ្នា ធ្វើឱ្យប្រុសៗមួយចំនួន មានចិត្តច្រណែនលោកធា ជាខ្លាំង ដែលមានសំណាងបាននែបនិត្យខ្លួនប្រាណស្រី ច្រើនបែបនេះ តែគួរឱ្យស្តាយដែលចំណងស្នេហ៍ទាំង នោះមានអាយុខ្លីពេក មិនមានស្រីណាមានចិត្ត ស្រលាញ់ស្ម័គ្រស្មោះនៅមើលថែលោកអស់មួយជីវិតនោះទេ…”៕

RELATED ARTICLES