Monday, December 23, 2024
Homeព័ត៌មានជាតិប្តីចាញ់ល្បែង១០លាន ប្រពន្ធមិនឱ្យរួមដំណេកជាង១ឆ្នាំ

ប្តីចាញ់ល្បែង១០លាន ប្រពន្ធមិនឱ្យរួមដំណេកជាង១ឆ្នាំ

អំពើអបាយមុខទាំង៣ ល្បែង ស្រី ស្រា វាបំផ្លាញមនុស្សលឿន ណាស់ ត្រូវចៀសវាងវាឱ្យ ឆ្ងាយ បើពុំនោះទេដូចបុរស ម្នាក់នេះ ជាដើម គ្រាន់តែព្រាយ ល្បែងចូលខ្លួនបានតែប៉ុន្មាន ថ្ងៃ ក៏បំផ្លាញលុយផ្ទះអស់ជាង ១០លានរៀល បណ្តាលឱ្យ ប្រពន្ធខឹងលែងក្បាលចោល តែចាស់ទុំជួយសម្រួលបាន ទើប ប្រពន្ធប្តូរមកដាក់ពិន័យ មិន ឱ្យរួមដំណេក អស់រយៈពេល ជាង១ឆ្នាំមកហើយ…។

នាងប៉ាត ធឿន អាយុ៣២ឆ្នាំ រស់នៅភូមិខាំគើត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះប៉ាត ដែន អាយុ៦៧ឆ្នាំ សព្វថ្ងៃកំពុងបួសជាសង្ឃ និងម្តាយឈ្មោះគីម វ៉ន អាយុ៦១ឆ្នាំ។ រូបនាងជាកូនទី៥ ក្នុងចំណោមបងប្អូន៧នាក់ ហើយនាង មានប្តីឈ្មោះទៀង ហាំ អាយុបងប្រពន្ធ៣ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៤នាក់ (ស្រី១ ប្រុស៣) ជាចំណងអាពាហ៍ពិពាហ៍។ តាំងពីបានគ្នាជាប្តីប្រពន្ធមក ប្តីស្រលាញ់ថ្នាក់ថ្នមប្រពន្ធកូន ណាស់ និងឧស្សាហ៍ខំប្រឹងធ្វើការរកប្រាក់ មិនចេះដើរលេងប៉ោឡែឥតប្រយោជន៍ឡើយ រហូតលើកស្ទួយជីវភាពបានធូរធារ មានផ្ទះធំទ្រនំខ្ពស់រស់នៅ មានម៉ូតូ គោយន្ត និងសម្ភារៈមួយចំនួនទៀត ទុកសម្រាប់ប្រើប្រាស់ឥតខ្វះ រស់នៅមានមុខមាត់កិត្តិយសសមរម្យក្នុងស្រុកភូមិនឹងគេ ធ្វើឱ្យគ្រួសាររស់នៅយ៉ាងមានសេចក្តីសុខសុភមង្គល។

លោកទៀង ហាំ

ស្ត្រីជាប្រពន្ធរូបនេះបន្តទៀតថា ទើបតែចូលដល់ដើមឆ្នាំ២០១៥ ប្តីនាងបានសេពគប់ជាមួយមិត្តភក្តិមិនល្អ២-៣នាក់ ជាមនុស្សញៀនល្បែងស៊ីសងមកពីភូមិកំពង់ស្រឡៅ ដោយបានអូស ទាញប្តីរបស់នាងឱ្យដើរក្នុងផ្លូវអបាយមុខទាំងនោះដែរ រហូតធ្វើឱ្យ ព្រាយល្បែងដឹកមុខប្តីនាង មិនព្រមស្តាប់ការពន្យល់របស់ប្រពន្ធ ឡើយ ពោលគឺក្នុងរយៈពេលតែ៣ថ្ងៃសោះ ប្តីវក់លេងល្បែងស៊ីសង ចាញ់អស់ប្រាក់ទៅដល់ ១០លានរៀលឯណោះ ថែមទាំងមកផ្ទះ ចាប់ប្រពន្ធបោចយកខ្សែក កងដៃ ក្រវិល មាសប្រាក់ អស់ពីខ្លួន ដើម្បី យកទៅស្រង់ដើម តាមទ្រឹស្តី “សេះដាច់យកសេះតាម” ហើយពេលនោះ នាងហាមឃាត់ ប្តីឱ្យភ្ញាក់រលឹកឈប់លេងល្បែងត្រឹមហ្នឹងទៅ ប៉ុន្តែប្តីមិនទទួលយកការអង្វររបស់ប្រពន្ធ ឡើយ ថែមទាំងស្រែកគំហកឱ្យនាងថា “កុំចេះដឹងរឿងរបស់ប្តី នៅតែផ្ទះងូតទឹកឱ្យស្អាត ចាំផ្តល់ចំណីលើគ្រែឱ្យប្តីទៅ!” រីឯនាងបានតបទៅប្តីថា “បើទៅហើយចាញ់អស់គូទខោ កុំសង្ឃឹមប្រពន្ធឱ្យប៉ះពាល់ខ្លួនប្រាណទៀត” តែមានអី! ពេលប្តីត្រឡប់មកពីលេងល្បែងវិញ ធ្វើមុខស្អុយប៉ែចាញ់អស់គូទខោ សរុបទៅក្នុងរយៈពេលដ៏ខ្លីសោះ ប្តីបំផ្លាញប្រាក់អស់ជាង ១០លានរៀល តើមិនឱ្យប្រពន្ធឯណាមិនខឹងនោះ? ភ្លាមនោះ នាងបានរៀបចំបង្វេចខោអាវ ឱ្យប្តីស្ពាយចុះចេញពីផ្ទះ នាងមិនអាចរួមរស់ជាមួយប្តីមានព្រាយល្បែងកាន់ក្បាល តទៅទៀតបានឡើយ ប៉ុន្តែដោយសារចាស់ទុំទាំងសងខាងជួយនិយាយសម្របសម្រួល ទើបនាងព្រមរួមរស់ជាមួយប្តីរូបនេះបន្តទៀត តែត្រូវធ្វើការពិន័យប្តី បង្អត់ចំណីយប់ព្រលប់មិនឱ្យស៊ីចុកឡើយ បើគិតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំ នាងមិនទាន់រសាយកំហឹង បើកសំពត់ឱ្យប្តីនៅឡើយ។

នាងប៉ាត ធឿន

លោកទៀង ហាំ ជាប្តីបានឱ្យដឹងថា លោកពិតជា បានសេពគប់មិត្តភក្តិមិនល្អ បានបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ ព្រោះតែលេងល្បែងស៊ីសង ចាញ់ប្រាក់អស់ជាង ១០លានរៀលមែន ប៉ុន្តែរឿងនេះ បានកើតជាង១ឆ្នាំ មកហើយ មិនគួរណាប្រពន្ធគាស់កកាយរឿងចាស់ឡើងវិញទេ អាចនាំឱ្យមានជម្លោះប្តីប្រពន្ធសាឡើងវិញ។ ម៉្យាងទៀត លោកបានភ្ញាក់រលឹកកែខ្លួនឡើងវិញហើយ ដោយមួយថ្ងៃៗខំប្រឹងធ្វើការរកប្រាក់ឡើងបែកញើស ប៉ុនៗគ្រាប់ពោត យកមកសងបំណុលគេ និងចិញ្ចឹម ប្រពន្ធកូន គួរតែប្រពន្ធមានការយោគយល់ព្រមលើក លែងទោសឱ្យប្តីមានឱកាសបានរួមដំណេកខ្លះផង។ លោកបញ្ជាក់រឿងប្រពន្ធផ្តាច់ចំណីលើគ្រែនោះ សម្រាប់ លោកមិនមែនជារឿងសំខាន់ទេ លោកអាចទ្រាំបាន ព្រោះធ្លាប់ស៊ីចុកវាឡើងឆ្អែតស្កប់ស្កល់ហើយ និងទោះ ជាគ្មានចំណីកាមគុណស៊ីចុក ក៏មិនដាច់ពោះស្លាប់ដែរ ដូចពាក្យថា ស៊ីក៏មិនធាត់ អត់ក៏មិនស្គម។ ប៉ុន្តែ លោកគ្រាន់តែចង់ឱ្យប្រពន្ធផ្តល់

នាងប៉ាត ធឿន និងលោកទៀង ហាំ ជាមួយកូន

ឱកាសឱ្យប្តីរួមរ័ក សាជាថ្មី ដើម្បីផ្តល់កម្លាំងចិត្តមានកម្លាំងធ្វើការរកប្រាក់ ចិញ្ចឹមគ្រួសារ សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កូនៗ តែប៉ុណ្ណោះ ទោះជានាងនៅប្រកាន់ចរិតបែបនេះ ទៀត ក៏គ្មានបានប្រយោជន៍អ្វីដល់គ្រួសារដែរ។
លោកយាយគីម វ៉ន ជាម្តាយបានឱ្យដឹងថា កាលពីកូនប្រសាផុងខ្លួនចាញ់ល្បែងអស់ប្រាក់ជាង ១០លានរៀល កូនស្រីគាត់ទាមទារលែងលះគ្នាយ៉ាង ដាច់អហង្ការ មិនព្រមផ្សះផ្សាជាមួយប្តីឡើយ។ លុះ បងប្អូនសាច់ញាតិទាំងសងខាងធ្វើការសម្របសម្រួល អង្វរនាងខ្លាំងពេក ទើបនាងព្រមទទួលយកសំណូមពរ នេះ ដោយយល់មុខមាត់

ផ្ទះនាងប៉ាត ធឿន

ឪពុកម្តាយប៉ុណ្ណោះ។ តាមពិតទៅតាំងពីតូចមក កូនស្រីរូបនេះមានចិត្តខ្លាំងណាស់ បើនាងខឹងជាមួយអ្នកណាម្នាក់ហើយ មិន ងាយលើកលែងទោសឱ្យគេទេ។ បើនាងខឹងជាមួយ ក្រុមគ្រួសារ សុខចិត្តដេកសម្ងំអត់បាយក្រហាយទឹក ទោះជាអង្វរ ឬបង្ខំឱ្យនាងហូបបាយផឹកទឹកក៏ឥតប្រយោជន៍ដែរ។ ចំពោះរឿងនាងមិនឱ្យប្តីប៉ះពាល់ខ្លួនប្រាណវិញ គាត់មិនហ៊ានលូកដៃទៅសម្របសម្រួលទេ គឺមានតែឱ្យប្តីទ្រាំចាំទាល់តែនាងត្រជាក់ចិត្តដោយ ខ្លួនឯងទើបមានសង្ឃឹម។

លោកជួន សាម៉េន

លោកជួន សាម៉េន អាយុ៦២ឆ្នាំ ជាមេភូមិខាំគើត បានឱ្យដឹងថា ជម្លោះប្តីប្រពន្ធនាងធឿន បើកុំតែ ប្តីងប់ងុលលេងល្បែងស៊ីសងចាញ់អស់ប្រាក់សន្ធឹកសន្ធាប់ ក៏ស្ត្រីជាប្រពន្ធមិនខឹងដាច់ក្បាលដាច់កន្ទុយ បែបនេះដែរ ហើយក្នុងនាមលោកជាអាជ្ញាធរ ក៏ដូចជាក្រុមគ្រួសារបានត្រឹមសម្របសម្រួលមិនឱ្យពួក គេបែកបាក់គ្នាប៉ុណ្ណោះ។ ឯរឿងមិនឱ្យប្តីរួមដំណេក មិនអាចលោកធ្វើការដោះស្រាយបានទេ ប៉ុន្តែលោក មានសំណូមពរមួយ សម្រាប់ឱ្យនាងធឿន ពិចារណា សាជាថ្មី មិនត្រូវយកកំហឹងដាក់ខ្លួនយូរពេកទេ បើអនុគ្រោះឱ្យប្តីបាន គួរអនុគ្រោះទៅ ដើម្បីសុភមង្គល គ្រួសារនិងអនាគតកូនៗ។ ម៉្យាងទៀតលោកទៀង ហាំ ជាប្តីក៏ទទួលស្គាល់កំហុសភ្ញាក់រលឹកកែខ្លួនដែរ។

លោកយាយគីម វ៉ន

គួរបញ្ជាក់ថា ក្រោយពីអាជ្ញាធរ និងអ្នកយកព័ត៌មានធ្វើការសម្របសម្រួលអស់រយៈពេល២ម៉ោង ក្នុងពេលធ្វើបទសម្ភាសន៍នោះ នាងប៉ាត ធឿន ទន់ចិត្ត ព្រមទទួលសំណើនេះ ដោយបើកភ្លើងខៀវឱ្យប្តីប៉ះពាល់ខ្លួនប្រាណវិញដូចដើម ក្នុងលក្ខខណ្ឌមិនឱ្យប្តី ប្រព្រឹត្តល្បែងស៊ីសងបំផ្លាញទ្រព្យសម្បត្តិម្តងទៀតឡើយ ពុំនោះទេ លោកទៀង ហាំ គួរតែដឹងខ្លួនឯង ច្បាស់ត្រូវធ្វើអ្វីហើយ…”៕

RELATED ARTICLES