ភ្នំពេញ ក្រុមធុរកិច្ចម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ធ្វើការវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសារកម្ពុជាមានភាពអនុគ្រោះក្នុងការនាំចេញទំនិញទៅកាន់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកច្រើនធៀបជាមួយប្រទេសជិតខាងកម្ពុជា។
លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា តាមរយៈជំនួបជាមួយប្រតិភូវិនិយោគម៉ាឡេស៊ី ដែលមកពីសភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រតិភូធុរកិច្ចម៉ាឡេស៊ីបានបង្ហាញពីបំណងធ្វើការវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសារកន្លងមករដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាច្រើន ក្នុងការជួលពលកររាប់លាននាក់ពីប្រទេសផ្សេងៗទៅធ្វើការនៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ហេតុនេះទើបរដ្ឋាភិបាលម៉ាឡេស៊ីជំរិញឲ្យអ្នកវិនិយោគរបស់ខ្លួន មកធ្វើការវិនិយោគនៅប្រទេសជិតខាងរបស់ពួកគេ។
លោកបន្តថា “សម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមមិនចង់ឲ្យអ្នកវិនិយោគនានានាំទំនិញពីក្រៅប្រទេសមកលក់នៅកម្ពុជាទេ តែមានបំណងចង់ឲ្យអ្នកវិនិយោគចូលមកផលិតនៅកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសផ្សេង”។
លោកឧកញ៉ាតែ តាំងប៉បានបន្តថា នាពេលខាងមុខនេះ លោកនឹងដឹកនាំប្រតិភូពីFASMECមួយក្រុមទៅទស្សនកិច្ចម៉ាឡេស៊ី និងចាប់ដៃគូជាមួយអ្នកវិនិយោគម៉ាឡេស៊ីឲ្យមកបង្កើតរោងចក្រ សហគ្រាសនានានៅកម្ពុជា ដោយសារប្រទេសកម្ពុជា មានភាពអនុគ្រោះ ក្នុងការនាំទំនិញចេញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបច្រើនជាងប្រទេសថៃ និងវៀតណាម។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រសិនជាយើងមើលប្រវត្តិសាស្រ្តប្រទេសរបស់យើង គឺប្រទេសអ្នកមានបានផ្តល់ភាពអនុគ្រោះដល់កម្ពុជាច្រើន ដូចជាពេលនេះសហរដ្ឋអាមេរិកលើកលែងពន្ឋលើទំនិញដូចជា វ៉ាលី និងកាតាបចេញពីកម្ពុជា គឺបានទាក់ទាញអ្នកវិនិយោគម៉ាឡេស៊ីចូលមក ហើយមិនត្រឹមតែអ្នកវិនិយោគម៉ាឡេស៊ីទេចូលមកកម្ពុជា។ នាពេលខាងមុខអ្នកវិនិយោគមកពីប្រទេសចិន ហុងកុង ជាដើមនឹងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកបន្តថា “អ្វីៗក៏ដោយអាស្រ័យលើទីផ្សារ ពេលមានទីផ្សារគេនឹងមកវិនិយោគនៅប្រទេសរបស់យើង ដែលនេះជាការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាញយកតំលៃបន្ថែមបានកាន់តែច្រើនសម្រាប់ប្រទេសយើង ព្រោះកាតាប និងវ៉ាលីជាទំនិញធំជាងសម្លៀកបំពាក់ ដែលមានតំលៃបន្ថែមខ្ពស់”។លោកបន្តថា “ប៉ុន្តែកម្ពុជាត្រូវមាន ការកែលំអរបរិយាកាសវិនិយោគបន្ថែមទៀត ដូចជា ការពង្រឹងប្រព័ន្ឋដឹកជញ្ជូន កាត់បន្ថយតំលៃអគ្គសនី និងការពង្រឹងធនធានមនុស្សជំនាញជាដើម”។
ដោយ ៖ គង់ លាងហួរ