ខេត្តមណ្ឌលគិរី ៖ ជារឿងគួរឱ្យសង្វេគ និងអាណិតអាសូរជាពន់ពេក ខណៈដែលក្មេងស្រីម្នាក់ទើបនឹងចម្រើនវ័យបាន៤ខែ បែរជាម្តាយសរសៃខ្ចី បានហូបចំណីទាស់ បណ្តាលឱ្យធ្លាក់ខ្លួនឈឺ អត់មានលុយទៅមន្ទីរពេទ្យព្យាបាល ក៏បានស្លាប់យ៉ាងអាណោចអាធ័ម ចោលកូនស្រីអាយុ៤ខែរស់នៅគ្មានទីពឹង ហើយសូម្បីតែសពក៏មិនត្រូវបានម្តាយក្មេកអនុញ្ញាតឱ្យធ្វើបុណ្យនៅផ្ទះទៀត ដោយតម្រូវឱ្យដឹកទៅតម្កល់ទុកនៅវត្ត។
ករណីស្ត្រីអភ័ព្វទាស់ចំណីស្លាប់ចោលកូនខ្ចីវ័យ៤ខែនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ស្ត្រីរងគ្រោះខាងលើ មានឈ្មោះវា ស៊ីណា អាយុ៣០ឆ្នាំ មានប្តីឈ្មោះឆៃ យ៉ា ជាបុគ្គលិកក្រុមហ៊ុនមិត្តហ្វូនក្នុងស្រុកកែវសីមា ស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះទើបនឹងសម្រាលកូនស្រីម្នាក់បានរយៈពេល៤ខែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានហូបចំណីដោយខ្វះការប្រុងប្រយ័ត្ន ទាំងខ្លួនកំពុងសរសៃខ្ចី ទើបបណ្តាលឱ្យទាស់សរសៃ ធ្លាក់ខ្លួនឈឺ ប៉ុន្តែដោយសារជីវភាពគ្រួសារក្រីក្រពេក គ្មានលទ្ធភាពទៅមន្ទីរពេទ្យព្យាបាល ទើបស្ត្រីរងគ្រោះចេះតែទ្រាំតាមយថាកម្ម និងដើររកតែថ្នាំខ្មែរយកមកផឹក ព្រោះធូរថ្លៃ តែមិនឃើញមានប្រសិទ្ធភាពសោះ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺ (ទាស់សរសៃ) បានទៀត ទើបស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ចោលកូនស្រីអាយុ៤ខែយ៉ាងអាណោចអាធ័ម ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារហូបចំណីខុសបណ្តាលឱ្យទាស់សរសៃខ្ចីប្រាកដមែន។ បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តកែវសីមា ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពពីអ្នកជិតខាងបានខ្សឹបប្រាប់ថា ក្រោយពេលដែលស្ត្រីអភ័ព្វខាងលើ បាត់បង់ជីវិត មិនត្រូវបានស្ត្រីជាម្តាយក្មេកអនុញ្ញាតឱ្យដឹកសពទៅធ្វើបុណ្យនៅផ្ទះនោះទេ ដោយតម្រូវឱ្យដឹកទៅតម្កល់ធ្វើបុណ្យនៅវត្ត ទំនងជាមិនចុះសម្រុងនឹងគ្នា។ យ៉ាងណាក្តីអ្នកជិតខាងបានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងព្រួយបារម្ភថា តើកូនស្រីស្ត្រីរងគ្រោះខាងលើដែលទើបនឹងមានវ័យ៤ខែ មានមុខមាត់ស្រស់ស្អាតគួរឱ្យស្រលាញ់នោះ នឹងមានវាសនាទៅជាយ៉ាងណា បើម្តាយស្លាប់ចោលបែបនេះទៅហើយ៕