ពាក្យចាស់ពោលថា “កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ពិតជា មិនខុស ដូចប្រពន្ធរបស់បុរសម្នាក់នេះ ដែលពីមុនស្មោះត្រង់ជាមួយប្តីណាស់ តែក្រោយមកបានក្បត់ចិត្តប្តីលួច មានប្រុសសហាយទៅដល់៣នាក់ ឯណោះ ទោះជាប្តីធ្វើការអប់រំយ៉ាងណាក៏មិនកែ ធ្វើឱ្យប្តីឈឺចាប់ខ្លាំង ពេក ក៏នាំកូនចុះចោលផ្ទះតែម្តង ព្រោះមិនចង់រស់នៅមានឈ្មោះ ជា ប្រុសអាវែកទៀត…។
លោកហួត ជីម អាយុ៣៦ឆ្នាំ រស់នៅភូមិ តាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ទាំងឈឺចិត្តស្អិតទ្រូង ឱ្យដឹងថា លោកជាកូនបន្ទាប់ ពៅ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) ដែលម្តាយស្លាប់ នៅសល់តែឪពុកមានឈ្មោះហួត អ៊ិន អាយុ៧០ឆ្នាំ។ កាលពីក្មេង លោកមានសំណាង បានចូលសាលារៀនដល់ថ្នាក់ទី៩ នឹងគេដែរ តែឈប់វិញ ព្រោះខួរក្បាលខ្សោយរៀនលែងចូល។ លុះធំ ពេញកំលោះ ឪពុកម្តាយបានចូលស្តីដណ្តឹងនារីម្នាក់ ឈ្មោះងឹម ហ៊ុង សព្វថ្ងៃអាយុ២៧ឆ្នាំ រៀបការធ្វើជាប្រពន្ធពេញច្បាប់ ក្រាបក្បាលដល់កន្ទេល។ នៅពេលចាប់ដៃគ្នាជាគូជីវិតថ្មីថ្មោង ប្រពន្ធស្រលាញ់ ស្មោះស្មគ្រ័ជាមួយប្តីណាស់ ដោយចាប់របបធ្វើ ស្រែចម្ការ ធ្វើជាស្បៀងលៀងជីវិត។ រីឯលោកឆ្លៀតពេលទំនេរពីការងារស្រែចម្ការ បានស៊ីឈ្នួល ធ្វើជាព្រូឡានរត់តាក់ស៊ី ពីភ្នំពេញ ទៅប៉ោយប៉ែត ដើម្បីយកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនឱ្យប្រពន្ធជួបការលំបាកអ្វីឡើយ ពោលគឺឱ្យនៅ តែផ្ទះមើលថែចិញ្ចឹមកូន និងទ្រព្យសម្បត្តិប៉ុណ្ណោះ។
បុរសរូបនេះបន្តឱ្យដឹងទៀតថា ក្រោយពីកូនធំៗលែងបៅដោះ ប្រពន្ធបានផ្ញើកូនឱ្យម្តាយជួយ មើលថែ ហើយនាងបានសុំប្តីទៅធ្វើការរោងចក្រកាត់ដេរ នៅម្តុំផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ដើម្បី ជួយរកប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ ចំណែក លោកក៏មិនជំទាស់បំណងនាងដែរ តែក្រោយពីធ្វើការបានមួយរយៈ នាងក៏វិលត្រឡប់មកផ្ទះវិញ។ លុះក្រោយមក នាងបានសុំប្តីទៅរកស៊ីជួញដូរត្រី នៅខេត្តសៀមរាប ម្តងវិញ គឺពេលនោះហើយ ដែលប្រពន្ធលោកចាប់ផ្តើមភ្លើតភ្លើនលួចបង្កាត់ភ្លើង ស្នេហ៍ផិតក្បត់ជាមួយប្រុសឈ្មោលនៅទីនោះ យ៉ាងផ្អែមល្ហែម ថែមទាំងប្រព្រឹត្តខុសសីលធម៌ ជាមួយគ្នាទៀតផង តែមុនដំបូង លោកមិនដឹងភ្លាមទេ ទាល់តែបងប្អូនទូរស័ព្ទប្រាប់ ទើបលោកដឹងការ ពិត។ តែយ៉ាងណា ដើម្បីអនាគតកូនៗ លោកមិនបានប្រើអំពើហិង្សា ឬលែងលះជាមួយប្រពន្ធទេ ដោយគ្រាន់តែឱ្យនាងត្រឡប់មកផ្ទះ និងនិយាយអប់រំ ឱ្យនាងកែខ្លួនប៉ុណ្ណោះ ដោយកាលនោះ ប្រពន្ធក៏ទទួលស្គាល់កំហុសរបស់ខ្លួនដែរ។
លោកជីម បន្តឱ្យដឹងទៀតថា ក្រោយពីរឿង អាស្រូវនេះស្ងប់ស្ងាត់ ប្រពន្ធបានសុំប្តីទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ ម្តងទៀត ហើយលោក ក៏មិនហាមឃាត់អ្វីដែរ ព្រោះអារម្មណ៍របស់នាង ហាក់បីដូចជានឹងនវិញហើយ តែដឹងអី! បន្ទាប់ពី នាងទៅធ្វើការបានរយៈពេល៣ខែ ក៏បាត់ដំណឹងសូន្យ សូម្បីតែទូរស័ព្ទក៏មិនអាចទទួលការហៅចូលបានដែរ។ ដោយមិនអស់ចិត្ត លោកធ្វើដំណើរទៅ រកប្រពន្ធដល់បន្ទប់ជួល នៅតែមិនឃើញនាងទៀត តែបានអ្នករស់នៅក្បែរនោះប្រាប់ថា នាងបានទៅរស់ នៅជាមួយប្រុសស្នេហ៍នៅឯខេត្តកំពត បាត់ជាច្រើន ខែមកហើយ។ ចំណែកលោកវិញ គ្រាន់តែបានឮពាក្យនេះ បានរន្ធត់ចិត្តធ្លាក់ថ្លើមក្តុក ស្ទើរដួលសន្លប់ នៅនឹងកន្លែង តែមាន
កូនចិត្តរំលឹកខ្លួនឯង មិនត្រូវទន់ ជ្រាយឡើយ លោកក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ ទាំងទឹកមុខស្អុយប៉ែ។ តែយ៉ាងណា ក្រោយមក លោកបានស៊ើបសួរតាមរយៈអ្នកស្គាល់គ្នា ក៏ធ្វើការស្រាវជ្រាវ ស្វែងរក រហូតស្គាល់ទីកន្លែងដែលប្រពន្ធកំពុងសម្ងំ រស់នៅជាមួយប្រុសស្នេហ៍ឃើញ និងអូសកនាងត្រឡប់មកផ្ទះវិញ។ ពេលនោះ ប្រពន្ធបានទទួលស្គាល់កំហុសរបស់ខ្លួន និងបានស្បថស្បែដាក់ជីវិត ឈប់ប្រព្រឹត្តអំពើផិតក្បត់ចំពោះប្តីទៀតហើយ ធ្វើឱ្យលោកជឿចិត្តនាងជាលើកទី២ ដោយសុខចិត្តទទួល យកនាងរួមរស់ជាប្តីប្រពន្ធតទៅទៀត ទោះបីជាអ្នកស្រុកសើចចំអកឱ្យលោកជាប្រុសមានឈ្មោះ “អាវែក” ក៏ទ្រាំលេបក្រួសលេបថ្មមិនតបតឡើយ សំខាន់ឱ្យតែ ប្រពន្ធឈប់មានស្នៀតក្បត់ចិត្តប្តីតទៅទៀត។ តែមានឯណា! ប្រពន្ធនេះមិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ គ្រាន់តែប្តីភ្លេចខ្លួនបន្តិច
ស្រាប់តែប្រពន្ធជើងល្អនោះ លួចទៅបង្កាត់ភ្លើងស្នេហ៍ក្តៅរោលរាលជាមួយបុរសម្នាក់ទៀត នៅឯខេត្តកំពត ជាលើកទី៣ ធ្វើឱ្យលោកឈឺចាប់ជាខ្លាំង មិនអាចទទួលយកទង្វើផិតក្បត់របស់ប្រពន្ធម្តងជាពីរ ជាបីដងតទៅទៀតបានឡើយ បង្កើតបានជាភ្លើងជម្លោះយ៉ាងក្តៅគគុក ដោយទាមទារលែងលះគ្នា។ ពេលនោះ ប្រពន្ធសុំចែកកូនគ្នាស្មើ ប៉ុន្តែ លោកមិនឱ្យទេ ខ្លាចយកកូនទៅលក់យកប្រាក់ដើរ លេងស៊ីចាយជាមួយប្រុសសហាយ ព្រោះលោកមិន ទុកចិត្តស្រីផិតក្បត់មិនចេះកែខ្លួននោះជាដាច់ខាត ទើប លោកសម្រេចចិត្តនាំកូនទាំងអស់ចុះចោលផ្ទះ មករស់នៅផ្ទះបងស្រីជាបណ្តោះអាសន្នសិន។
លោកសាក់ ប្រុស អាយុ៣៧ឆ្នាំ និងអ្នកស្រីប៉ៅ តុត អាយុ៤១ឆ្នាំ ជាបងបានឱ្យដឹងស្របគ្នាថា ដំណើររឿងជីវិតរបស់ប្តីប្រពន្ធប្អូនប្រុសពិតជាដូច សាមីខ្លួនរៀបរាប់ខាងលើនេះមែន។ ពួកគាត់មាន ការហួសចិត្តចំពោះស្ត្រីជាប្រពន្ធណាស់មិនគួរណា ភ្លើតភ្លីនក្នុងផ្លូវកាមគុណ ក្បត់ចិត្តប្តីលួចមានប្រុស សហាយជាបន្តបន្ទាប់សរុបទៅដល់៣នាក់ យ៉ាងនេះសោះ។ ពួកគាត់អាណិតប្អូនប្រុសណាស់ ដែលមានចិត្តធ្ងន់ពូកែទ្រាំខាំមាត់សង្កត់ចិត្ត ទទួលយក ប្រពន្ធជាស្រីផិតក្បត់ប្តីម្តងជា២ដងបាន លុះប្រពន្ធផិត រត់តាមប្រុសជាលើកទី៣ ទើបគេសម្រេចចិត្តចុះចោល ប្រពន្ធជើងល្អរូបនោះ ដោយនាំកូនទាំងអស់យកមក រស់នៅជាមួយ សុខចិត្តលំបាកខំរកប្រាក់ចិញ្ចឹមតែម្នាក់ ឯង មិនខុសពីពាក្យចាស់ថា “កុំពត់ឈើស្រឡៅ កុំ ប្រដៅមនុស្សខូច”។
ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងនាងងឹម ហ៊ុង អាយុ ២៧ឆ្នាំ ជាប្រពន្ធសុំការបកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ចាំគ្រប់ភាគីពាក់ព័ន្ធឆ្លើយបំភ្លឺជានិច្ច…”៕