ខេត្តព្រះសីហនុ ៖ ស្ត្រីវ័យក្មេងម្នាក់ មានផ្ទៃពោះគ្រប់ខែ លុះឈឺពោះសម្រាល ក៏ត្រូវបុរសជាប្តីប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជួយសម្រាល ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ឈឺពោះខ្លាំងពេក ក៏សម្រាលកូននៅលើចិញ្ចើមផ្លូវ និងត្រូវក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍ទាន់ពេល ធ្វើឱ្យទាំងម្តាយទាំងកូនមានសុវត្ថិភាពទាំងអស់គ្នា។
ករណីស្ត្រីមានផ្ទៃពោះគ្រប់ខែឈឺពោះ សម្រាលកូននៅកណ្តាលផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤៥ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងស្រុកព្រៃនប់។
ស្ត្រីដែលសម្រាលកូនកណ្តាលផ្លូវនោះ មានឈ្មោះឆៀង ឆវី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង មានប្តីឈ្មោះសេង រុន អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។ ចំណែកកូនប្រុសតូចដែលទើបសម្រាលនៅតាមផ្លូវនេះ ជាកូនទី៣ក្នុងគ្រួសារ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ត្រូវបានប្តីដឹកសំដៅទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយសារតែឈឺពោះខ្លាំងពេក មិនអាចទ្រាំបន្តដំណើរទៅដល់មន្ទីរពេទ្យបាន ទើបឈប់សម្រាលកូននៅលើចិញ្ចើមផ្លូវតែម្តង និងត្រូវបានប្រជាពលរដ្ឋក្បែរខាងប្រទះឃើញជួយអន្តរាគមន៍ និងទាក់ទងហៅក្រុមគ្រូពេទ្យជំនាញ ឱ្យចុះមកជួយសម្រាលកូនឱ្យស្ត្រីខាងលើ បានដោយសុវត្ថិភាព។
តាមសម្តីបុរសជាប្តីបានរៀបរាប់ប្រាប់ថា កូនប្រុសដែលទើបនឹងសម្រាលនៅពេលនេះ គឺជាកូនទី៣ ហើយត្រូវបានពួកគាត់សម្រេចចិត្តដាក់ឈ្មោះថាសំណាង ព្រោះគេបានសម្រាលនៅតាមផ្លូវ ប៉ុន្តែសំណាងបានប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រូពេទ្យជំនាញ និងឆ្មប ជួយសម្រាលយ៉ាងសស្រាក់សស្រាំ រួចផុតពីគ្រោះថ្នាក់។ នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់ដែលមានផ្ទៃពោះគ្រប់ខែទៅហើយនោះ បានឈឺពោះសម្រាល ទើបគាត់ជាប្តីប្រញាប់ដឹកបញ្ជូនបំណងទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជំនាញ ជួយសម្រាល តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ឈឺពោះរន្ថើនខ្លាំងពេក ទ្រាំមិនបានក៏ឈប់ សម្រាលនៅលើចិញ្ចើមផ្លូវតែម្តង តែត្រូវបានប្រជាពលរដ្ឋក្បែរខាងខ្នះខ្នែងជួយ ព្រមទាំងទាក់ទងផ្តល់ដំណឹងដល់ខាងមន្ទីរពេទ្យ បញ្ជូនគ្រូពេទ្យជំនាញ និងឆ្មប មកជួយសម្រាលកូន ឱ្យប្រពន្ធរបស់គាត់នៅលើចិញ្ចើមផ្លូវបានដោយជោគជ័យ ពោលគឺមានសុវត្ថិភាព ទាំងម្តាយនិងកូន។ បន្ទាប់មកក្រុមគ្រូពេទ្យបានជួយដឹកប្រពន្ធកូនរបស់គាត់ទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី១៩ ធ្នូ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរបស់លោកបានជួយសម្រាលកូនឱ្យស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ដែលឈឺពោះសម្រាលនៅលើចិញ្ចើមផ្លូវ បានដោយជោគជ័យ ដោយទារកនោះ មានទម្ងន់២,៨គីឡូក្រាម។ បច្ចុប្បន្នទាំងស្ត្រីជាម្តាយ និងទាំងទារក មានសុខភាពល្អ ធម្មតា និងកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រូពេទ្យជំនាញ៕