Monday, January 13, 2025
Homeព័ត៌មានជាតិនារីរូបស្រស់ គិតខ្លី! គ្រាន់តែខឹងប្រុសស្នេហ៍បន្ទោសថា «ធ្វើការនៅកន្លែងមិនល្អ» ចងកសម្លាប់ខ្លួន

នារីរូបស្រស់ គិតខ្លី! គ្រាន់តែខឹងប្រុសស្នេហ៍បន្ទោសថា «ធ្វើការនៅកន្លែងមិនល្អ» ចងកសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ នារីវ័យក្មេងរូបស្រស់ ជាអ្នកបម្រើការងារនៅក្នុងហាងខារ៉ាអូខេម្នាក់ ទំនងជាតូចចិត្តនឹងរឿងក្រុមគ្រួសារ ពិសេសបុរសជាសង្សារស្តីបន្ទោសថា ធ្វើការនៅកន្លែងមិនសមរម្យ (ស្រីខារ៉ាអូខេ) ក៏សម្រេចចិត្ត គិតខ្លីចងកបញ្ចប់ជីវិតទាំងនៅវ័យក្មេងខ្ចី ដោយបន្សល់ទុកលិខិតបណ្តាំមួយច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២៥ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នារីគំនិតខ្លីដែលចងកធ្វើអត្តឃាតទាំងក្មេងខ្ចីនោះ មានឈ្មោះនន សារ៉ុម អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ព្រីមមា មានស្រុកកំណើតនៅភូមិអូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានមិត្តភក្តិរបស់ នារីរងគ្រោះម្នាក់ បានមករកនារីរងគ្រោះដល់បន្ទប់ តែពេលមកដល់ គោះទ្វារហៅយ៉ាងណា ក៏មិនឮសូរសំឡេងនារីរងគ្រោះឆ្លើយតបសោះ លុះពេលដើរទៅបង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានគាស់ទ្វារចូលទៅពិនិត្យមើល ក៏ឃើញនារីរងគ្រោះបានចងកជាប់នឹងមាត់បង្អួចស្លាប់បាត់ទៅហើយ។ ដោយឡែកនៅក្នុងបន្ទប់នារីរងគ្រោះសមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយច្បាប់ ដែលនារីរងគ្រោះបាន សរសេរដោយផ្ទាល់ដៃ និងមានអត្ថន័យទាំងស្រុងថា “ខ្ញុំសូមទោសបងៗផង ដែលខ្ញុំមិនអាចធ្វើជាប្អូនស្រីដ៏ល្អបាន តែខ្ញុំមិនអាចទ្រាំនឹងជីវិតបែបនេះតទៅទៀតបានទេ កុំដោយសារតែខ្ញុំម្នាក់ ធ្វើឱ្យបងៗខ្មាសគេ សូមបំភ្លេចខ្ញុំចោល ទៅចាត់ទុកថាបងគ្មានប្អូនស្រីម្នាក់នេះ ចុះជីវិតដែលគ្មានភាពកក់ក្តៅ គ្មានអ្នកស្រលាញ់ដឹងថា ឯកាប៉ុណ្ណាទេ ខ្ញុំមិនចង់រស់ទេ បើមានជាតិក្រោយមែន សូមឱ្យក្លាយជាទឹក និងខ្យល់ កុំកើតជាមនុស្សអីពីខ្ញុំដែលស្រលាញ់បងៗទាំងអស់គ្នា លាហើយណាពីខ្ញុំសារ៉ុម…”។

តាមរយៈការរៀបរាប់នៅក្នុងលិខិតបណ្តាំខាងលើ អាចបញ្ជាក់បានថា នារីរងគ្រោះមានវិបត្តិផ្លូវចិត្តពីរឿងក្រុមគ្រួសារ និងសង្សារស្តីបន្ទោសពីរឿងដែលនាងធ្វើការជានារីខារ៉ាអូខេតែម្តង ទើបបានជាដាច់ចិត្តបញ្ចប់ជីវិតទាំងវ័យក្មេងខ្ចីបែបនេះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហមលាយស ចងកភ្ជាប់ទៅនឹងចម្រឹងបង្អួចបន្ទប់ដេកដែល មានកម្ពស់២ម៉ែត្រពីឥដ្ឋ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES