Monday, December 23, 2024
Homeព័ត៌មានជាតិប្តីប្រចណ្ឌប្រពន្ធនឹងកូនប្រសាប្រុស ចាប់វ៉ៃបណ្តើរអាក្រោស

ប្តីប្រចណ្ឌប្រពន្ធនឹងកូនប្រសាប្រុស ចាប់វ៉ៃបណ្តើរអាក្រោស

អំពើហិង្សាក្នុងគ្រួសារ មានករណីខ្លះកើតឡើងពីភ្លើងប្រចណ្ឌ ឆាបឆេះដល់កម្រិត សូម្បីតែបងប្អូនកូនចៅឯងក្តី។ យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ តែងជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាជាបន្តបន្ទាប់ ព្រោះប្តីត្រចៀកស ជឿតាមសម្តី ញុះញង់របស់ក្លើ ធ្វើឱ្យការសង្ស័យប្រចណ្ឌប្រពន្ធ ជាមួយកូនប្រសាទៀត ក៏ចាប់ប្រពន្ធវ៉ៃបណ្តើរ អាក្រោសតាមផ្លូវ…។

អ្នកស្រីធួន សិន អាយុ៤៩ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់បានរៀបការយកប្តីឈ្មោះចេត ជឿន អាយុប្អូនប្រពន្ធជិតមួយជួរ ឯណោះ តាមចាស់ទុំរៀបចំទុកដាក់។ នៅពេលរៀបការ ប្តីគាត់ ទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ នៅក្មេងខ្ចីណាស់ ពេលចូលព្រៃ ទៅរកអនុផលព្រៃឈើម្តងៗ ខ្លាចវង្វេងស្រែកយំដូចកូនក្មេង នៅបៀមដៃអ៊ីចឹង។ រីឯរឿងផ្សំដំណេកទៀតសោតកាន់តែល្ងង់ផុត រកលេខដាក់ឱ្យគ្មាន ទាល់តែចាស់ទុំជួយប្រាប់ទើបអាចរកផ្លូវទៅ ឋានសួគ៍លោកិយឃើញ ម៉្លេះអី! រកកូន១គ្រាប់តពូជមិនបានឡើយ។ ហេតុនេះហើយ ទើបគាត់ជាប្រពន្ធតែងស្តីបន្ទោស និងបង្ហាត់ បង្ហាញប្តីឱ្យចេះដឹង។ លុះប្តីយល់ដឹងពីបញ្ហាជីវិតខ្លះៗ សមស្រប អាយុច្រើនបន្តិច បែរជាប្តីមានចិត្តក្រអឺតក្រទមភ្លាម ប្រើអំណាច ជាមេគ្រួសារស្រែកគំហក ប្រើពាក្យសម្តីគំរោះគំរើយជាមួយប្រពន្ធ ថែមទាំងបែកគំនិតដើរផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះចូលដល់ផ្ទះ បង្កជម្លោះប្រើកម្លាំងបាយវាយប្រពន្ធកូនបែកមុខ ជាំភ្នែក ធ្វើឱ្យគាត់រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។

លោកចេក ជឿន

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ប្តីគាត់មិនត្រឹមតែស្រវឹងខួបទេ ថែមទាំងមានត្រចៀកសទៀតផង ឱ្យតែមានមិត្តភក្តិរួមវង់ផឹក និយាយអុជអាលក្នុងគ្រួសារខ្លួន ប្តីជឿសម្តីគេស្លុង ដោយប្រចណ្ឌប្រពន្ធមានសហាយ លុះចូលមកដល់ផ្ទះ រករឿងបង្កជម្លោះក្នុងគ្រួសារ បើមិនវាយប្រពន្ធកូនឱ្យហើមមុខបែកមាត់ ហូរឈាម ក៏វាយបំផ្លាញទ្រព្យសម្បត្តិចានឆ្នាំងកម្ទេចចោលដែរ។ ហើយចុងក្រោយនេះ ប្តីនេះបែរជាឡប់ ខួរប្រចណ្ឌប្រពន្ធជាមួយកូនប្រសា ព្រោះគ្រាន់តែ ប្រពន្ធនិយាយកាន់ជើងកូនប្រសាបន្តិច ប្តីកំណាចរូបនេះ ស្ទុះមកចាប់គាត់វាយដំច្រំធាក់ អូសវាយបណ្តើរអាក្រោស ប្រៀបដូចជាអ្នកទោសអ៊ីចឹង ធ្វើឱ្យគាត់ឈឺចាប់ជាខ្លាំង។ សព្វថ្ងៃនេះ គាត់គ្មានអ្វីត្រូវ ស្តាយស្រណោះជាមួយប្តីរូបនេះទៀតឡើយ បើសិន ជាប្តីចាកចេញពីជីវិតរបស់គាត់ទៅយកប្រពន្ធថ្មី មិនដឹងជាគាត់សប្បាយចិត្តដល់កម្រិតណាទេ ប៉ុន្តែបើ នៅតែបន្តអំពើសាហាវឃោរឃៅបែបនេះដាក់ប្រពន្ធទៀត នៅថ្ងៃណាមួយ គាត់នឹងឱបបង្វេចរត់ចោល ប្តីហេងស៊យនេះជាមិនខាន។

អ្នកស្រីធួន សិន

លោកចេក ជឿន ជាប្តីបានឱ្យដឹងថា លោកពិតជាបានប្រើកម្លាំងបាយវាយដំលើរូបរាងកាយ ប្រពន្ធមែន ប៉ុន្តែមកពីប្រពន្ធមិនចេះគោរពប្តី ប្រើពាក្យសម្តីប្រមាថមើលងាយលោកខ្លាំងពេក លុះលោកទ្រាំមិនបាន ក៏ប្រើកម្លាំងបាយប្រដៅនាងខ្លះទៅ ឱ្យរាងចាលទៅថ្ងៃមុខ។ ចំណែក ការនិយាយស្តី របស់ប្រពន្ធជាមួយប្តី គំរោះគំរើយអាក្រក់ស្តាប់ណាស់ ដូចជះលាមកទាំងកន្ថោរអ៊ីចឹង តែសម្រាប់ប្រុសផ្សេងវិញ និយាយផ្អែមល្ហែមដូចទឹកឃ្មុំ តើមិន ឱ្យប្រុសណាមួម៉ៅប្រចណ្ឌនោះ? ហើយពេលនេះ ប្រពន្ធបានផ្តាច់ចំណីលើគ្រែប្តី ជាច្រើនថ្ងៃមកហើយ មិនដឹងជានាងកំពុងគិតអ្វីទេ ដូច្នេះបើចង់ឱ្យលោក ឈប់ប្រើអំពើហិង្សា ទាល់តែប្រពន្ធខ្លួនឯង ត្រូវចេះ គោរព ប្រើពាក្យសម្តីសមរម្យជាមួយប្តី និងធ្វើខ្លួនជាប្រពន្ធល្អជាមុនសិន។

លោកម៉េង រ៉េត

នាងជឿន ចម្ប៉ា អាយុ១៩ឆ្នាំ ជាកូនបានឱ្យដឹងថា ឪពុកម្តាយរបស់នាងឧស្សាហ៍ខ្វែងគំនិតឈ្លោះ ប្រកែកគ្នាណាស់ សូម្បីតែកូនធំមានប្តីទៅហើយក៏ ពួកគាត់មិនបញ្ឈប់សកម្មភាពនេះដែរ។ តាមពិតទៅ ឪពុករបស់នាងជាមនុស្សត្រចៀកស ឆាប់ជឿសម្តី អុជអាលរបស់មិត្តភក្តិក្នុងវង់ផឹកណាស់ បណ្តាល ឱ្យកើតភ្លើងប្រចណ្ឌឆាបឆេះគ្មានហេតុផល រហូតប្រើ កម្លាំងបាយវាយតប់ទាត់ធាក់លើប្រពន្ធគ្មានប្រណីដៃ មានពេលខ្លះត្រូវសន្លប់ស្តូកក៏មាន។ ជាចុងក្រោយនេះ ឪពុកប្រចណ្ឌម្តាយជាមួយកូនប្រសាដែលជាប្តីនាងទៅវិញ គួរឱ្យហួសចិត្តណាស់ រហូតចាប់ម្តាយវាយ បណ្តើរអាក្រោសតាមផ្លូវក្នុងភូមិទៀតផង មិនពិចារណាសោះ។ តាមពិតទៅ ប្តីប្រពន្ធនាងមិនចង់រស់នៅ ក្រោមដំបូលជាមួយឪពុកទៀតទេ តែគ្មានលទ្ធភាពសង់ផ្ទះថ្មីបាន ទើបចេះតែទ្រាំរស់នៅទីនេះទាំងតឹង ទ្រូងស្ទើរធ្លាយនិយាយមិនចេញ។ បើថ្ងៃណាប្តីប្រពន្ធ នាងសន្សំប្រាក់បានគ្រប់ចំនួន នឹងទៅសង់ផ្ទះរស់នៅ តែ២នាក់ប្តីប្រពន្ធ សាងជីវិតគ្រួសារថ្មី។

នាងជឿន ចម្ប៉ា និងលោកម៉េង រ៉េត

លោកម៉េង រ៉េត អាយុ៣១ឆ្នាំ បានឱ្យដឹងថា លោកមិនចង់និយាយបកស្រាយអីវែងឆ្ងាយទេ ព្រោះនេះជារឿងប្តីប្រពន្ធរបស់ឪពុកម្តាយក្មេក គ្រាន់តែ លោកហួសចិត្ត មិនគួរណាឪពុកក្មេកប្រចណ្ឌប្រពន្ធ (ម្តាយក្មេក)ជាមួយលោកជាកូនប្រសាសោះ។ និយាយតាមត្រង់ទៅចុះកុំថាឡើយម៉ែក្មេក ទោះបីជាអ្នកជិតខាង ក៏លោកគ្មានអារម្មណ៍ត្រេកត្រអាល អ្វីដែរ ព្រោះគាត់មានអាយុចាស់ស្បែកជ្រីវជ្រួញណាស់ តើឱ្យលោកបោះបង់ប្រពន្ធខ្ចីញិញ ទៅស្រលាញ់ស្រីចាស់ តើវាទៅរួចទេ? ណាមួយគាត់ជាម្តាយក្មេកផង ទោះជាគាត់នៅវ័យកណ្តាល ក៏នៅតែគោរពគាត់ជាម្តាយអ៊ីចឹង ដូច្នេះលោកសូមឱ្យឪពុក ក្មេកពិចារណាសាឡើងវិញ កុំយកប្តីប្រពន្ធកូន ដែលកំពុងតែស្រលាញ់ល្អូកល្អិនគ្នាស្ទើរលេប ទៅពាក់ព័ន្ធ ក្នុងរឿងគាត់តទៅទៀត ហើយពេលនេះ លោកកំពុងតែ ខំប្រឹងកាប់ឈើ ធ្វើស្រែ និងសន្សំប្រាក់ត្រៀមទុកធ្វើផ្ទះថ្មី រស់នៅ២នាក់ប្តីប្រពន្ធ មិនចង់នាំអំពល់ទុក្ខដល់ឪពុក ម្តាយក្មេកទៀតឡើយ។

អ្នកស្រីធួន សិន

អ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា លោកចេត ជឿន កាលដើមឡើយ មិនសូវជាកើតភ្លើង ប្រចណ្ឌ និងប្រើអំពើហិង្សាវាយដំប្រពន្ធប៉ុន្មានឡើយ តែក្រោយពីចេះផឹកស្រា ក្លើផ្លុំត្រចៀក ហើយស្ត្រីជាប្រពន្ធ មិនព្រមផ្តល់ចំណីកាមគុណឱ្យប្តីបានស៊ីចុកឆ្អែត ស្កប់ស្កល់ ទើបបុរសជាប្តីខឹងមួម៉ៅក្តៅក្រហាយ កើតភ្លើងប្រចណ្ឌ សូម្បីតែកូនប្រសាក៏ប្រចណ្ឌ ជាមួយប្រពន្ធដែរ។ ដូច្នេះប្តីប្រពន្ធអ្នកទាំងពីរ គួរតែមកអង្គុយ តទល់គ្នាជជែករកដំណោះស្រាយ ទើបអាចពន្លត់ភ្លើង ប្រចណ្ឌរបស់ប្តី និងបញ្ចប់ជម្លោះនេះបាន…”៕

RELATED ARTICLES