Friday, November 15, 2024
Homeព័ត៌មានសិល្បៈស្នេហា1653ថ្ងៃ បងដឹកដៃអូនចូលរោងការ

ស្នេហា1653ថ្ងៃ បងដឹកដៃអូនចូលរោងការ

ខេត្តព្រៃវែង ៖ គូស្នេហ៍មួយគូនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីអ្នកទាំងពីរបានស្គាល់រាប់អាន និងទាក់ទងស្នេហាជាមួយគ្នាតាមហ្វេសប៊ុក អស់រយៈពេល៤ឆ្នាំ ៦ខែ ៩ថ្ងៃ ឬស្មើនឹង១៦៥៣ថ្ងៃ រហូតបានស្គាល់ចិត្តស្គាល់ថ្លើមច្បាស់ និងឈានដល់ការដឹកដៃគ្នាចូលរោងការ ក្លាយជាប្តីប្រពន្ធប្រកបដោយភាពផ្អែមល្ហែម។

គូស្នេហ៍ខាងលើនេះ ត្រូវគេដឹងថា ភាគីកូនក្រមុំនោះ មានឈ្មោះវ៉ា ម៉េងលី និងមានគណនីហ្វេសប៊ុកឈ្មោះ Va Mengly។ ចំណែកភាគីកូនកំលោះ មានឈ្មោះគឿង ហ៊ង និងមានគណនីហ្វេសប៊ុកឈ្មោះ Kieng Horng។ អ្នកទាំងពីរទើបនឹងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ កន្លងមក នៅឯគេហដ្ឋានខាងស្រី ស្ថិតនៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

យោងតាមគណនីឈ្មោះ Va Mengly ដែលជាសាមីខ្លួនកូនក្រមុំថ្មោងថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះនូវរូបថតចំនួន១៨សន្លឹក បង្ហាញពីពិធីមង្គលការរបស់ខ្លួន ដែលពោរពេញទៅដោយស្នាមញញឹម និងថែមទាំងបានបង្ហោះសារមួយផងដែរថា “អរគុណដែលចូលមកជីវិតអូន ហើយក៏អរគុណដល់បណ្តាញប្រព័ន្ធ fb មួយនេះផងដែរ ដែលនាំបងឱ្យមកជួបអូន វាពិតជានិស្ស័យពិតមែន ហើយក៏អរគុណបងខ្លាំងណាស់ ដែលបងបានផ្តល់នូវអ្វីៗជាច្រើនឱ្យអូន ផ្តល់ទាំងការយកចិត្តទុកដាក់ការអធ្យាស្រ័យ ការលើកទឹកចិត្ត ការផ្តល់ជាដំបូន្មានល្អៗ ហើយជាពិសេស ធ្វើជាអ្នកប្រឹក្សារបស់អូនបានយ៉ាងល្អ រាល់ពេលដែលអូនមានបញ្ហាគិតមិនចេញ និងផ្តល់ការគាំទ្រដល់អូនជានិច្ច អូនដឹងថា ពេលខ្លះអូនពូកែរករឿងបន្តិចមែន ប៉ុន្តែបងក៏មិនដែលខឹង ឬក៏ទៅណាចោលអូនម្តងឡើយ ស្រលាញ់បងរហូត Kieng Horng Since 10th June 2013 to Present Been together 4years 6months 9days 1653days…”។

ក្រោយពីម្ចាស់គណនីខាងលើ បង្ហោះរៀបរាប់ពីកំណើតស្នេហ៍របស់ខ្លួន ដែលផ្តើមចេញពីទំនាក់ទំនងគ្នាតាមហ្វេសប៊ុក និងចំណាយពេលវេលាស្វែងយល់ចិត្តគ្នា អស់រយៈពេលជាង៤ឆ្នាំ ទម្រាំឈានដល់ថ្ងៃចូលរោងការរួចមក គេឃើញមានមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក Share តៗគ្នា ព្រមទាំងសម្តែងនូវអារម្មណ៍រំភើប និងជូនពរឱ្យចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរផ្អែមល្ហែម និងរឹងមាំរហូតទៅ៕

RELATED ARTICLES