Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធទៅរកខ្យងជាមួយអតីតសង្សារ ប្តីខាន់ស្លាផ្ទុះកំហឹង

ប្រពន្ធទៅរកខ្យងជាមួយអតីតសង្សារ ប្តីខាន់ស្លាផ្ទុះកំហឹង

យុវវ័យមួយចំនួនមានទំនាក់ទំនងស្នេហាជាមួយគ្នា តែមិនបានជួបគ្នាទេ ក៏បែកទៅមានគូស្រកររៀងៗខ្លួន ដោយទុកអតីតសង្សារជាបងប្អូន ប៉ុន្តែបើពួកគេនៅតែឆ្លៀតជួបគ្នា អាចធ្វើឱ្យ គូស្រករប្រចណ្ឌ។ យ៉ាងណាមិញ នារីម្នាក់នេះ បានចេញទៅជីកខ្យងក្រាំងជាមួយអតីតសង្សារ ដែលមានប្តីប្រពន្ធ និងកូន១កន្ទេលដូចគ្នា ស្រាប់តែ ប្តីខាន់ស្លាផ្ទុះកំហឹងក្តៅគគុក…។

នាងកន សោន អាយុ២៥ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនស្រីទីី២ ក្នុងចំណោមបងប្អូន៧នាក់ ឪពុកឈ្មោះគង់ កន អាយុ៥៩ឆ្នាំ ម្តាយ ឈ្មោះធួន ស៊ិន អាយុ៥៨ឆ្នាំ។ នាងមាន ប្តីខាន់ស្លា ឈ្មោះសឿន រស់ អាយុ២៧ ឆ្នាំ ដោយបង្កើតបានកូនស្រី២នាក់ ជាមួយគ្នា ហើយសព្វថ្ងៃកំពុងពពោះកូនទី៣ ជិតគ្រប់ខែហើយ។ នាងបញ្ជាក់ថា មុនពេល រៀបការជាមួយប្តីនេះ នាងធ្លាប់មាន ទំនាក់ទំនងផ្លូវចិត្តជាមួយកំលោះម្នាក់ នៅភូមិជាមួយគ្នាឈ្មោះឡាត់ ឡន សព្វថ្ងៃអាយុ២៩ឆ្នាំ ប៉ុន្តែមិនដែលប៉ះពាល់គ្នាទេ ស្រាប់តែព្រហ្មលិខិតតម្រូវ ឱ្យអតីតសង្សារនាងក្លាយទៅជាប្អូនថ្លៃរបស់ប្តីនាងវិញ។ ទោះជាយ៉ាងនេះក្តី ក៏គ្រួសារទាំងពីរនាក់រាប់អាន គ្នាធម្មតា ហើយប្តីក៏ដឹងយ៉ាងច្បាស់ថា នាងធ្លាប់មានសង្សារចាស់ដែរ ដែលពីមុនគេមិនចេះប្រចណ្ឌអ្វីឡើយ ដោយរួមរស់ជាមួយនាងប្រកបដោយសុភមង្គល ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែប្តីបែកគំនិតប្រចណ្ឌ ហួសហេតុ ធ្វើឱ្យសុភមង្គលគ្រួសារត្រូវប្រេះស្រាំបន្តិចម្តងៗ។

លោកសឿន រស់ និងនាងកន សោន

នាងកន សោន បន្តថា គ្រួសារទាំងពីរមានផ្ទះរបងជាប់គ្នា គឺអតីតសង្សារបានរៀបការជាមួយប្អូនស្រីបង្កើតរបស់ប្តីនាង ឈ្មោះ ភេម យ៉ាន ដែលពីមុន រូបនាងនឹងនាងភេម យ៉ន ជាមិត្តភក្តិជិត ស្និទ្ធនឹងគ្នា ក៏ក្លាយទៅជាបងប្អូនថ្លៃ ឬថា រូបនាងក្លាយទៅជាបងថ្លៃ របស់អតីតសង្សារ។ ថ្ងៃមួយ អ្នកភូមិបានប្រមូលគ្នាចេញទៅជីកខ្យង ក្រាំង នៅតាមមាត់បឹងខាងជើងភូមិ នាងក៏សុំទៅជាមួយគេដែរ ខណៈដែលប្តីនាងមិននៅផ្ទះ។ ពេលនោះ នាងឡើងជិះគោយន្តអង្គុយ ទន្ទឹមលោកឡាត់ ឡន ជាអតីតសង្សារ និងជាប្អូនថ្លៃ រួមជាមួយ អ្នកភូមិឯទៀត។ លុះទៅដល់បឹង ក៏ដើរជីកខ្យងជាមួយគ្នាទៀត ដោយបានខ្យងកន្លះការុងអង្ករ យកមកធ្វើម្ហូប ដោយចែកគ្នាម្នាក់ ពាក់កណ្តាល។ លុះមកដល់ផ្ទះគិតនឹងស្លទំពាំងជាមួយខ្យង ស្រាប់តែ ប្តីនាងអង្គុយចាំក្រោមផ្ទះជាស្រេច ដោយផឹកស្រាផង ក៏ចាប់ផ្តើម រករឿងនាង ស្ទុះមកវ៉ៃទាំងកំរោល ចោទប្រកាន់ថា នាងលួចខូច គ្នាជាមួយអតីតសង្សារពេលទៅជីកខ្យង កុំតែបានអ្នកជិតខាងជួយ ឃាត់មិនដឹងជាយ៉ាងណាទេ។ តាំងពីពេលនោះមក នាងមិនដែលហ៊ាននិយាយរកលោកឡាត់ ឡន ទៀតឡើយ ព្រោះខ្លាចប្តីជ្រុលដៃវាយស្លាប់ ដោយប្តីព្រមាននាងច្រើនដងមកហើយ ធ្វើឱ្យនាងពិបាកចិត្តណាស់ ព្រោះផ្ទះជិតគ្នាយ៉ាងនេះ មិនដឹងដោះស្រាយយ៉ាងណាទេ។

លោកឡាត់ ឡន

ដោយឡែក លោកឡាត់ ឡន អាយុ២៩ឆ្នាំ ជាអតីតសង្សារបានឱ្យដឹងថា លោកគ្មានគំនិតអ្វីក្បត់ចិត្តបងថ្លៃ ឬស្រលាញ់នាងកន សោន ដូចការសង្ស័យរបស់ប្តីនាងទេ។ លោកមានប្រពន្ធកូនរួចហើយ ដោយមិនយក រឿងអតីតកាលមករំព្ញកទេ ប៉ុន្តែបើតាមច្បាប់ លោក មានសិទ្ធិប្តឹង បើបងថ្លៃនៅតែចោទប្រកាន់លោកបែប នេះ។ លោកក៏មិនដាច់ចិត្តប្តឹងអ្វីដែរ ព្រោះអាណិត នាងកន សោន កំពុងមានផ្ទៃពោះ រងការចោទប្រកាន់ ពីប្តីមិនសមទំនង បើប្តីមានរឿង តើបានអ្នកណារក ស៊ីចិញ្ចឹមកូន? ម៉្យាងទៀតប្រពន្ធរបស់លោក និង នាងកន សោន ជាមិត្តភក្តិជិតស្និទ្ធស្នាលនឹងគ្នាណាស់ លុះក្លាយជាបងប្អូនថ្លៃ ក៏នៅតែរាប់អានដដែល ទាស់ត្រង់បងថ្លៃប្រុសនោះអាត្មានិយមពេក បើនៅតែ រករឿងប្រពន្ធមិនឈប់ លោកនឹងប្តឹងឱ្យប៉ូលិសហៅ ទៅអប់រំម្តង។

នាងកន សោន

នាងភេម យ៉ាន អាយុ២៥ឆ្នាំ ជាប្រពន្ធលោក ឡាត់ ឡន បានឱ្យដឹងថា បើសិនជាប្តីនាង (លោកឡន) មានគំនិតមិនល្អ ក្បត់ចិត្តនាងមែននោះ មិនចាំ បាច់លោកសឿន រស់ រករឿងទេ គឺនាងនឹងបង្ករឿង មុនទៅទៀត ប៉ុន្តែវាគ្មានភ័ស្តុតាងអ្វីសោះ ព្រោះប្តីនេះ ស្មោះត្រង់នឹងនាងណាស់។ សកម្មភាពរបស់លោក សឿន រស់ គឺរំលោភសិទ្ធិប្រពន្ធ និងប៉ះពាល់ដល់ ប្អូនថ្លៃថែមទៀត ព្រោះថ្ងៃទៅជីកខ្យងនោះ មានអ្នកភូមិទៅជាមួយពេញរ៉ឺម៉កគោយន្ត មិនមែនទៅតែ២ នាក់ស្ងាត់ៗឯណា?

ិដ្ឋភាពផ្តះនាងកន សោន ដែលនៅជាប់នឹងផ្ទះនាងភេម យ៉ាន

រីឯលោកសឿន រស់ អាយុ២៧ឆ្នាំ ជាប្តីខាន់ស្លា របស់នាងសោន អ្នកយកព័ត៌មានយើងមិនអាចសុំ ការបំភ្លឺបានឡើយ ព្រោះលោកបានចូលព្រៃ ប្រកប អាជីវកម្មបោចវល្លិ ដងជ័រជាមុខរបរប្រចាំថ្ងៃ សូម្បី ទូរស័ព្ទក៏ដាច់ប្រព័ន្ធសេវាដែរ ព្រោះចូលព្រៃជ្រៅពេក។

ចំណែកអ្នកភូមិមួយចំនួន បានឱ្យដឹងស្រប គ្នាថា លោករស់ នៅតែចិញ្ចឹមចិត្តប្រចណ្ឌប្រពន្ធនឹង ប្អូនថ្លៃ អតីតសង្សារនោះមិនបាត់ទេ ទោះបីជានាងកន សោន និងលោកឡាត់ ឡន ហ៊ានស្បថដាក់ជីវិត យ៉ាងណាក៏ដោយ។ តាមអ្នកស្រុកខ្លះថា លោករស់ ចូលព្រៃមែន ប៉ុន្តែយប់ខ្លះក៏លបមកផ្ទះតាមដានប្រពន្ធ លុះមើលឃើញប្រពន្ធកំពុងដេកឱបកូនក្នុងមុង ក៏ ចេញទៅព្រៃវិញ មិនខ្លាចនឿយហត់សោះ ព្រោះតែ គំនិតប្រចណ្ឌហួងហែងនេះឯង។

នាងភេម យ៉ាន

គួរបញ្ជាក់ថា បុរសប្រចណ្ឌប្រពន្ធ សូម្បីតែឆ្កែ ឈ្មោល ឬគោឈ្មោលក៏ប្រចណ្ឌដែរ កុំថា ដល់ទៅមនុស្ស។ ភ្លើងប្រចណ្ឌហួសហេតុធ្វើឱ្យរឿងតូចតាច ក្តៅងំ ឬឆាបឆេះធ្ងន់ទៅៗ ក្លាយជាអំពើហិង្សា ឈាន ដល់កាប់សម្លាប់ក៏សឹងមាន ដែលជួនកាលប្រពន្ធ ត្រូវស្លាប់ ប្តីចូលគុក ទុកកូនឱ្យរស់វេទនា។ មនុស្ស ប្រចណ្ឌគ្មានថ្នាំព្យាបាលទេ ទោះជាប៉ូលិស ឬមេឃុំ កោះហៅទៅអប់រំយ៉ាងណា ក៏នៅតែប៉ុណ្ណឹង ដែលករណីបែបនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជារឿយៗ…”៕

RELATED ARTICLES