Thursday, March 28, 2024
Homeព័ត៌មានជាតិបាត់ប្តី៣ថ្ងៃ មេភូមិឃើញភ្ញាក់ផ្អើល រត់មកប្រាប់ប្រពន្ធ

បាត់ប្តី៣ថ្ងៃ មេភូមិឃើញភ្ញាក់ផ្អើល រត់មកប្រាប់ប្រពន្ធ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ត្រូវបានប្រពន្ធអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ និងឧស្សាហ៍ដើរបាត់ពីផ្ទះជាញឹកញាប់ លុះក្រោយពីដើរបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ក៏ត្រូវបានលោកមេភូមិប្រទះឃើញសពបុរសជាប្តីរូបនេះ អណ្តែតហើមស្អុយរលួយនៅក្នុងស្រះចម្ការមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្រះទឹកក្នុងចម្ការរបស់ឈ្មោះរៀម ស៊ីណាត ភេទស្រី នៅខាងត្បូងភូមិចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់។

សពបុរសរងគ្រោះខាងលើ ដែលត្រូវបានគេប្រទះឃើញអណ្តែតស្លាប់ក្នុងស្រះទឹកនោះ មានឈ្មោះចន ឡេវ អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះសៅ សារ៉េង អាយុ៣៣ឆ្នាំ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សដែលកើតមានជំងឺវិកលចរិតប្រចាំកាយជាយូរឆ្នាំមកហើយ ហើយកន្លងមក ធ្លាប់ដើររសាត់អណ្តែតគ្មានទិសដៅជាញឹកញាប់ មិនសូវចូលផ្ទះនោះទេ និងតែងបានពួកគាត់ជាក្រុមគ្រួសារ ដើរតាមរកឃើញនាំត្រឡប់មកផ្ទះវិញ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់មុនថ្ងៃកើតហេតុ ប្រមាណ៣ថ្ងៃ ប្តីរបស់គាត់ក៏បានដើរចេញបាត់ពីផ្ទះម្តងទៀត ហើយគាត់ក៏បានដើរតាមស្វែងរកប្តីដែរ តែរកមិនឃើញសោះ មិនដឹងជាប្តីដើររសាត់អណ្តែតដល់កន្លែងណា។ រហូតមកដល់វេលារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែត្រូវលោកមេភូមិក្រវៀនធំ បានប្រទះឃើញសពប្តីរបស់គាត់ស្លាប់ អណ្តែតទឹកស្រះនៅក្នុងដីចម្ការរបស់ស្ត្រីឈ្មោះ រៀម ស៊ីណាត ដែលជាអ្នកភូមិជាមួយគ្នា ទើបផ្តល់ដំណឹងមកឱ្យគាត់ទៅមើល លុះទៅដល់ក៏ឃើញសពប្តីមានសភាពហើមស្អុយរលួយទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតិហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES