Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធឡើងឋានៈ ប្តីដេកភ័យ

ប្រពន្ធឡើងឋានៈ ប្តីដេកភ័យ

ប្រពន្ធប្តី១គូនេះ តាំងពីចាប់ដៃគ្នាដំបូង រហូតមានកូនទាំងហ្វូងស្រលាញ់គ្នាស្មោះស្ម័គ្រណាស់ ទោះជាប្តីធ្លាក់ខ្លួនជាយោធិន ពិការ ក៏ដោយ។ លុះប្រពន្ធឡើងបុណ្យស័ក្តិ ជាមេភូមិរង ដើរធ្វើការជាមួយអង្គការដៃគូ ក្នុងសហគមន៍ ស្រាប់តែប្តីដេកភ័យខ្លាចមាន អ្នកដណ្តើមប្រពន្ធចេញពីបេះដូងទៅបាត់ ក៏កើតរោគប្រចណ្ធហួងហែងប្រពន្ធរករឿងមិនចេះស្វាង…។

អ្នកស្រីធួន ប៉ោត អាយុ៤៤ឆ្នាំ ជាមេភូមិរងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងរស់នៅក្នុងមូលដ្ឋាននេះ បានរៀបរាប់ឱ្យដឹងថា គាត់មានប្តីឈ្មោះសុខ ហៀប អាយុ៤៦ឆ្នាំ ជាយោធិន ចូលនិវត្តន៍ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រីចំនួន៤នាក់ ដែលសព្វថ្ងៃកូនធំដឹងក្តីរៀបការមានប្តី ប្រពន្ធ បែកផ្ទះអស់ខ្លះហើយ។ កាលពីមុន ប្តីគាត់ជា ទាហានមានកាយសម្បទាល្អធម្មតា តែក្រោយមក ត្រូវគ្រាប់រងរបួសក្នុងសមរភូមិ ពិការជើងម្ខាង ហើយ ចាប់ពេលនោះមកបន្ទុកចិញ្ចឹមគ្រួសារត្រូវធ្លាក់មក លើគាត់ជាអ្នករ៉ាប់រងតែម្នាក់ឯង តែក្នុងនោះ ក៏បានប្រាក់ចូលនិវត្តន៍របស់ប្តីជួយផ្សែផ្សំគ្នាខ្លះដែរ។ លុះរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារអ្នកស្រុក ឃើញគាត់ជាមនុស្សមានចំណេះដឹងក្នុងខ្លួនគួរសម ក៏បានគាំទ្របោះឆ្នោតជ្រើសរើសគាត់ឱ្យក្លាយជាមេ ភូមិរងដឹកនាំក្នុងមូលដ្ឋាន និងបានសហការជាដៃគូ ជាមួយអង្គការក្រៅរដ្ឋាភិបាល ចុះធ្វើការក្នុងសហគមន៍ភូមិឃុំ ជួនពេលខ្លះត្រូវជិះម៉ូតូជាមួយលោកមេភូមិ ធ្វើដំណើរជាមួយក្រុមការងារច្រើននាក់ផ្សេង ទៀតទៅកន្លែងគោលដៅ ដែលសកម្មភាពនេះធ្វើឱ្យ ប្តីកើតរោគប្រចណ្ឌ លែងជឿទុកចិត្តប្រពន្ធ រករឿង ឈ្លោះជេរបញ្ចោររូបគាត់នូវពាក្សអសុរោះជាច្រើន ថែមទាំងបានប្រើអំពើហិង្សាលើរូបរាងកាយគាត់ទៀត ធ្វើឱ្យគាត់ខ្មាសគេជាខ្លាំង ព្រោះតែនិយាយអប់រំ ប្តីខ្លួនឯងមិនបាន រហូតដាក់ពាក្យស្នើសុំឈប់ពីតួនាទី ទៀតផង ប៉ុន្តែមន្ត្រីថ្នាក់លើមិនអនុញ្ញាត ព្រោះគាត់ធ្វើការងារ បានល្អ មានប្រសិទ្ធភាព ម៉្យាងទៀតរកអ្នកមកធ្វើការជំនួស គាត់មិនបាន។

លោកសុខ ហៀប

អ្នកស្រីធួន ប៉ោត បន្តឱ្យដឹងទៀតថា តាំងពីដើមមក ប្តីរបស់គាត់ជឿទុកចិត្តប្រពន្ធណាស់ មិនដែលប្រចណ្ឌប្រពន្ធ ជាមួយប្រុសឈ្មោល រួមរស់ជាមួយគ្នាបង្កើតបានកូនទាំងហ្វូង ថែមទាំងមានចៅទៀត។ ទើបតែចូលដល់វ័យចំណាស់ គ្រាន់តែគាត់ចូលធ្វើការជួយសង្គម ជាមួយមន្ត្រីមូលដ្ឋាន និងមន្ត្រីអង្គការជាដៃគូ ស្រាប់តែប្តីគាត់ឡប់ខួរប្រចណ្ឌប្រពន្ធជាមួយលោក មេភូមិ ដែលមានអាយុក្មេងអាចធ្វើកូនបានទៅវិញ ដោយគ្រាន់តែប្តីធ្លាប់ឃើញពួកគាត់ជិះម៉ូតូ ជាមួយគ្នាទៅធ្វើការ។ ភ្លើងប្រចណ្ឌខុសរឿងរបស់ប្តីបែបនេះ បានអូសទម្លាក់កិត្តិយស សេចក្តី ថ្លៃថ្នូររបស់ប្រពន្ធឱ្យធ្លាក់ភក់ជ្រាំ ពិតជាមិនសមហេតុផលសោះ ប្រសិនគាត់មានស្នៀតផិតក្បត់ មែននោះ ក៏មិនចាំឱ្យប្តីឃើញដែរ។

អ្នកស្រីធួន ប៉ោត

លោកសុខ ហៀប ជាប្តីបានឱ្យដឹងថា លោកមិនចង់ បកស្រាយអ្វីឱ្យវែងឆ្ងាយទេ យ៉ាងណា លោកជាប្តីចាំតែ ខុសទៅហើយ ទោះជាចង់រកភាពស្អាតស្អំរបស់ ខ្លួនក៏គ្មានប្រយោជន៍ដែរ។ តាមពិតទៅ លោកមិនមែនជាមនុស្សល្ងិតល្ងង់ពេកទេ ស្គាល់អ្វីទៅជាការងាររាជការ អ្វីទៅជាការងារ សម្រាប់គ្រួសារ មិនមែនធ្វើដូចប្រពន្ធសព្វថ្ងៃនេះ លោកមិនពេញចិត្តឡើយ។ លោកដឹងថា ភ្លើងប្រចណ្ឌកើតឡើងពីការស្រលាញ់ ប៉ុន្តែបើប្រពន្ធធ្វើអ្វីជារឿងត្រឹមត្រូវឱ្យប្តីជឿទុកចិត្តនូវសកម្មភាព របស់នាងនោះ លោកក៏មិនរករឿងឈ្លោះដែរ ដូច្នេះគួរតែយល់ពីអារម្មណ៍របស់លោកខ្លះផង ព្រោះរួមរស់ជាមួយគ្នារាប់ឆ្នាំមានកូនពូនជាចៅទៅហើយ លោកមិនចង់រស់នៅមានឈ្មោះជាអាវែក ឱ្យអ្នកស្រុកសើចចំអកទេ។

ផ្ទះអ្នកស្រីធួន ប៉ោត

នាងភឿន កុលាប អាយុ២៥ឆ្នាំ និងប្តីឈ្មោះលី សូនីត អាយុ៣២ឆ្នាំ ជាកូន និងកូនប្រសា បានឱ្យដឹងថា ជម្លោះឪពុកម្តាយគឺកើតឡើងពីភ្លើងប្រចណ្ឌរបស់ឪពុក ដែលសង្ស័យមិនជឿទុកចិត្តលើប្រពន្ធ។ លុះពេលគាត់ផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះតែងរករឿងឈ្លោះប្រកែកជេរបញ្ចោូរា ចោទប្រកាន់ប្រពន្ធខូចខិលជាមួយអ្នកនេះ ជាមួយ អ្នកនោះ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសម្តាយជាខ្លាំង ព្រោះគាត់មានតួនាទីជាអ្នកដឹកនាំក្នុងមូលដ្ឋានម្នាក់ បែរជាមិនអាចអប់រំកែប្រែប្តី និងដោះស្រាយបញ្ហា គ្រួសារខ្លួនឯងបាន តើមានមុខមាត់អីទៅ អប់រំដោះស្រាយទំនាស់ប្តីប្រពន្ធអ្នកដទៃ ដែលជាប្រជាជន ក្នុងភូមិនោះ។ បើតាមពួកគេយល់ឃើញប្រហែល ជាឪពុកប្រច័ណ្ឌម្តាយជិះម៉ូតូ ទៅធ្វើការជាមួយប្រធាន ភូមិ ជាប្រុសវ័យក្មេងល្អជាងខ្លួន រួមផ្សំឪពុកកំពុង តូចចិត្តខ្លួនឯងជាមនុស្សពិការជើងផង ភ័យខ្លាច ម្តាយបែកចិត្តទៅសាងអនាគតជាមួយប្រុសផ្សេង ក៏កើតរោគសង្ស័យយ៉ាងនេះទៅ។

លោកយិន បួន

លោកយិន បួន អាយុ៤៧ឆ្នាំ និងនាងរស់ ចន្ថា អាយុ៣៨ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ពេលគ្រួសារប្រជាជនក្នុងភូមិមានជម្លោះនឹងគ្នា អ្នកស្រីធួន ប៉ោត មិនហ៊ានប្រើពាក្យសម្តីរករឿង ឱ្យលើសលស់ទេ យ៉ាងហោចណាស់បាន ត្រឹមតែធ្វើការសម្របសម្រួលប៉ុណ្ណោះ ដោយអៀនខ្លួន ព្រោះលាងគូទឯង មិនជ្រះ អប់រំប្តីខ្លួនឯងមិនបាន ដែលជាបញ្ហាប្រឈម ធ្វើឱ្យអ្នកភូមិមួយចំនួនមិនសូវឱ្យតម្លៃលើគាត់។

នាងរស់ ចន្ថា

ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា តាមពិតទៅ ជម្លោះប្តីប្រពន្ធអ្នកស្រីធួន ប៉ោត គឺមកពីមិត្តភក្តិរួមវង់ផឹកស្រាជាមួយប្តី ចេះតែនិយាយ ចំអន់លេងសើចឱ្យលោកសុខ ហៀប ប្រយ័ត្នមានអ្នកដណ្តើមប្រពន្ធបាត់ ទើបធ្វើឱ្យប្តីចេះតែដេកភ័យខ្លួន ខ្លាចដូចពាក្យគេថា ក៏ចេះតែហួងហែងរករឿងប្រចណ្ឌ ប្រពន្ធតែម្តងទៅ។ តែតាមការពិត អ្នកស្រីធួន ប៉ោត ជាស្រីស្អាតស្អំស្មោះត្រង់ជាមួយប្តី និងគ្រួសារណាស់ រីឯការងារក្នុងសហគមន៍ក៏សកម្មទៀត បើសិនជា ប្តីចង់ជួយប្រពន្ធ ចេះកែខ្លួនឈប់ផឹកស្រា លែងបង្ក ជម្លោះក្នុងគ្រួសារ ធ្វើជាគ្រួសារគំរូ អ្នកស្រីប៉ោត នឹង ក្លាយជាអ្នកដឹកនាំល្អក្នុងមូលដ្ឋាន ពួកគាត់ក៏ដូចអ្នកភូមិគោរពស្រលាញ់គ្រប់គ្នាជាក់ជាមិនខាន…”៕

RELATED ARTICLES