ប្រជាជនរស់នៅជនបទស្រុកស្រែ ចម្ការ មិនសូវមានការយល់ដឹងពីវិធីពន្យារកំណើតទេ ទើបចេះតែមានកូនច្រើននាក់ គ្មានដែនកំណត់។ ជាក់ស្តែង ប្តីប្រពន្ធមួយនេះ ចាប់ពីរួមរស់ជាមួយគ្នាមកមានកូន ឱ្យបន្តកន្ទុយគ្នា សរុបទៅ៨នាក់ បណ្តាលឱ្យប្រពន្ធទ្រុឌទ្រោមកម្លាំង សុំផ្អាកត្រឹមកូន៨ ប៉ុន្តែប្តីមានចំណង់តណ្ហាមិន ទាន់រលត់ សុំប្រពន្ធថែមកូន ២ទៀតឱ្យគ្រប់១០…។
អ្នកស្រីពេជ្រ ឡម អាយុ៣៩ឆ្នាំ រស់នៅភូមិគុណភាពពីរ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនទី២ ក្នុងចំណោម បងប្អូន៣នាក់ ដែលឪពុកឈ្មោះលួន ឡាម ម្តាយឈ្មោះថែន ស៊ិន ស្លាប់ទាំងពីរនាក់។ នៅពេលធំពេញវ័យ គាត់បានរៀបការជាមួយប្តីឈ្មោះ ហេង ទីន សព្វថ្ងៃអាយុ៤២ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៨នាក់ (ស្រី១ ប្រុស៧) សម្រាប់តពូជពង្សវង្សត្រកូល ដោយចាប់របរធ្វើស្រែចម្ការ ច្បារដំណាំ ធ្វើជាស្បៀងលៀងជីពជន្ម។
អ្នកស្រីពេជ្រ ឡម រៀបរាប់បន្តថា តាំងពីចាប់ដៃជាមួយប្តីអស់ រយៈពេលជាង២០ឆ្នាំមកនេះ គាត់ពោះធំបង្កើតកូនឱ្យរដឹក មិនទំនេរពោះ ម្តងណាឡើយ ពោលគឺឆ្លងទន្លេកូនមិនទាន់ចុះពីលើគ្រែផង ប្តីកេះកៀវ ប្រពន្ធរួមភេទ មានផ្ទៃពោះកូនមួយទៀតបាត់ទៅហើយ ធ្មេចបើកៗមានកូន ៧នាក់បាត់ ដេកឱ្យរដូករណែលពេញផ្ទះ ធ្វើឱ្យកម្លាំងចុះទ្រុឌទ្រោមបង់រូបបង់ឆោម រូបកាយចាស់ជ្រីវជ្រួញជាងវ័យ និងមានអារម្មណ៍ធុញរឿង បង្កើតកូនជាខ្លាំង ដោយស្នើសុំប្តីឱ្យផ្អាកការរួមមេត្រីមួយរយៈ បង្ការកុំ ឱ្យមានផ្ទៃពោះតទៅទៀត ប៉ុន្តែប្តីមិនស្គាល់ពីសុខទុក្ខប្រពន្ធឡើយ ព្រមទាំងកើតចិត្តខឹងមួម៉ៅ ក្តៅក្រហាយប្រើកម្លាំងបាយ លើរូបរាងកាយ ប្រពន្ធទៀតផង ធ្វើឱ្យគាត់អត់ទ្រាំមិនបាន ក៏រត់ភៀសខ្លួនទៅរស់នៅផ្ទះ បងប្អូនមួយរយៈ។
អ្នកស្រីពេជ្រ ឡម បន្តឱ្យដឹងទៀតថា លុះ២ខែក្រោយមក ទើបប្តី តាមទៅអង្វរប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ និងសន្យានៅចំពោះមុខបងប្អូន កែខ្លួនឈប់ប្រើអំពើហិង្សាក្នុងគ្រួសារទៀតហើយ ព្រមទាំងធ្វើតាមការស្នើសុំរបស់ប្រពន្ធទៀតផង តែដឹងអី! នៅពេលគាត់ត្រឡប់មករស់នៅ ជួបជុំគ្នាមួយរយៈ ប្តីលួងលោមប្រពន្ធរួមមេត្រីពោះធំកំណើតកូនទី៨ មួយទៀត គាត់គិតថា ឈប់យកកូនត្រឹមទី៨នេះហើយ ប៉ុន្តែប្តីនៅតែទទូចយកកូន២នាក់ទៀត ឱ្យគ្រប់១០នាក់។ តែយ៉ាងណា គាត់សុំបិទ បញ្ចប់យកកូនត្រឹមនេះហើយ ដើម្បីឱ្យមានពេលទំនេរសម្រាកផង ម៉្យាងទៀតកុំឱ្យខ្មាសកូនប្រសា ព្រោះកូនស្រីច្បងរៀបការរួច និងពោះធំ បង្កើតកូនបានម្នាក់ដែរ កុំឱ្យកូនប្រសាឬញាតិជិតខាង នាំគ្នាសើចចំអក ឱ្យថា ម្តាយកូនពួកគាត់ដណ្តើមគ្នាបង្កើតកូន។
លោកហេង ទីន ជាប្តី បានឱ្យដឹងថា លោកក៏ ដឹងប្រពន្ធលំបាកនឿយហត់បង្កើតកូនឱ្យប្តីដែរ ប៉ុន្តែ មិនដឹងជាធ្វើយ៉ាងណា បើធម្មជាតិបង្កើតមនុស្ស ឱ្យបង្កើតកូនតៗគ្នា ទៅហើយនោះ។ ចំណែករឿង ការងារស្រែភ្លឺចិញ្ចឹមគ្រួសារវិញ លោកជាអ្នករ៉ាប់រងតែម្នាក់ឯង មិនឱ្យប្រពន្ធកូនពិបាក ឬអត់បាយ ក្រហាយទឹកឡើយ លោកឱ្យប្រពន្ធនៅផ្ទះចិញ្ចឹម មើលថែកូន ទ្រព្យសម្បត្តិប៉ុណ្ណោះ។ បើតាមចិត្តលោក បានកូន៨នាក់នេះ គឺមិនទាន់គ្រប់គ្រាន់ទេ លោកចង់ បានទៅដល់១០នាក់ឯណោះ ហើយបើបានកាន់តែ ច្រើនកាន់តែល្អ ប៉ុន្តែប្រពន្ធជំទាស់សុំត្រឹម៨ និយាយ ឱ្យខ្លីទៅនាងសុំញ៉ាកប្តីតែម្តង ដូច្នេះមហិច្ឆតាចង់បាន កូនបន្ថែមដល់១០ ប្រហែលជាមិនបានសម្រេចទេ។
បុរសជាប្តីនេះ បញ្ជាក់ថា ការមានកូនច្រើនមិន អត់ប្រយោជន៍ឡើយ ឪពុកម្តាយពិបាកចិញ្ចឹមតែពួកគេ នៅតូចប៉ុណ្ណោះ តែបើកូនធំដឹងក្តីចេះធ្វើការជំនួស ដៃជើងបានហើយ ច្បាស់ជាឪពុកម្តាយស្រួលចិត្ត ជាមិនខាន។ ជាពិសេស ពេលមានរវល់ម្តងៗ ជួយគ្នា មួយដៃមួយជើងម្នាក់ការងារនោះ ដំណើរការដោយ រលូន។ ជាងនេះទៅទៀត នៅពេលខ្លួនចាស់ទៅ ទោះជាមានកូនខ្លះមិនដឹងគុណ ក៏មានកូនខ្លះទៀតដឹងគុណ ដែរ មិនភ័យរឿងអត់បាយដាច់ពោះស្លាប់ឡើយ។
នាងទីន ឡេម អាយុ២០ឆ្នាំ ជាកូនបានឱ្យដឹងថា នាងពិតជាមានចិត្តអាណិតម្តាយណាស់ ដោយបានពពោះបង្កើតកូនទាំងហ្វូងដេករដូករណែលពេញផ្ទះ ប៉ុន្តែសម្រាប់នាងវិញ ទើបតែរៀបការយកប្តី បានកូនម្នាក់សោះ លំបាកប៉ុណ្ណឹងហើយ ចុះទម្រាំម្តាយ មានកូនទៅដល់៨ នាក់នោះ មិនដឹងជាលំបាកយ៉ាងណាទៅ? ហើយបើសិនជាឪពុកអាណិតម្តាយគួរតែឈប់ យកកូនត្រឹម៨នេះទៅ នាងមិនចង់យកប្អូន២នាក់ បន្ថែមដល់១០ស្អីនោះទៀតទេ។
អ្នកស្រីមាឃ វឿន ជាអ្នកសម្របសម្រួលសុខភាពភូមិបានឱ្យដឹងថា គាត់បានត្រឹមតែចុះណែនាំ ពន្យល់ពីការលំបាកយកកូនច្រើនតែប៉ុណ្ណោះ ប៉ុន្តែបើ ប្តីប្រពន្ធណាព្រមព្រៀងគ្នាយកកូនច្រើន គាត់ក៏គ្មាន សិទ្ធិហាមឃាត់ដែរ។ ចំណែកឯប្តីប្រពន្ធនាងឡម ពិតជាមានកូនច្រើនណាស់ ម៉្យាងទៀតគ្រួសាររបស់ ពួកគេក៏មានជីវភាពមិនសូវជាធូរធារដែរ មិនអាច ទំនុកបម្រុងឱ្យកូនរៀនសូត្របានជ្រៅជ្រះមានអនាគត បានវែងឆ្ងាយឡើយ បើអាចឈប់បានបុរសជាប្តីគួរ តែឈប់យកកូនត្រឹម៨នេះទៅ។
រីឯអ្នកស្រុករស់នៅភូមិផងរបងជាប់គ្នាបាន ឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងពេជ ឡម ពូកែខាង បង្កើតកូនណាស់ ឃើញស្ត្រីជាប្រពន្ធពោះធំឱ្យរហូត តិចឆ្លងទន្លេ មានកូនឱ្យរញង់ពេញផ្ទះ មិនសូវមានពេល ចេញទៅធ្វើការរកស៊ីប៉ុន្មានឡើយ។ ពួកគេមានកូន ទៅដល់៨នាក់ហើយ បុរសជាប្តីទៅមិនទាន់ស្កប់ស្កល់ទៀត ដោយទទូចឱ្យប្រពន្ធបង្កើតកូន២នាក់ ឱ្យខ្លួនទៀត គ្រាប់១០នាក់ ប៉ុន្តែប្រហែលជាមិនអាច ទៅរួចឡើយ បើស្ត្រីជាប្រពន្ធទ្រុឌទោមកម្លាំងខ្លាំង សុំញាក់ត្រឹមកូន៨នាក់នេះទៅហើយ ដូច្នេះបុរស ជាប្តីគួរតែស្គាល់សុខទុក្ខរបស់ប្រពន្ធដែរ ព្រោះទម្រាំ បង្កើតកូនបានម្នាក់ៗ ត្រូវពពោះ៩ខែ១០ថ្ងៃឯណោះ ហើយត្រូវថ្នមខ្លួនប្រយ័ត្នប្រយែងចំណីហូបចុកជាដើម ចុះបើមានកូនតូចនៅជុំវិញខ្លួនឱ្យរញង់ទៅហើយ តើអាចថ្នមខ្លួនបានទេ?
គួររំលឹកថា ចាស់ៗពីសម័យមុន ការមានកូន មិនអាចកំណត់បានឡើយ គឺយកទៅតាមធម្មជាតិ ពោលគឺ ស្ត្រីជាប្រពន្ធលែងមានកូនត្រឹមណា អស់ត្រឹម នោះ ដោយសារការសម័យនោះ មិនទាន់មានវិធី ពន្យារកំណើត ប៉ុន្តែសម័យនេះ ប្តីប្រពន្ធមួយចំនួន ចង់បានកូនតិច ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹម ជីវិត តាមរយៈប្រើថ្នាំ ឬវិធីម៉្យាងទៀតការមានកូនតិច ធ្វើឱ្យសុខភាពម្តាយរឹងមាំ មានពេលវេលាចិញ្ចឹមកូន បានល្អជាដើម តែយ៉ាងណា ក៏មានអ្នកខ្លះត្រូវការច្រើន នាក់ដែរ តែមិនដល់កន្លះឡូត៍ទៅ១ឡូត៍ ដូចសម័យដើម នោះទេ…”៕