Monday, December 23, 2024
Homeព័ត៌មានជាតិលែងប្តីស្លូត យកប្តីកាច វាយប្រពន្ធទម្លាក់ពីលើផ្ទះ

លែងប្តីស្លូត យកប្តីកាច វាយប្រពន្ធទម្លាក់ពីលើផ្ទះ

នារីម្នាក់នេះ ថាអភ័ព្វ ដូចជាមិនត្រូវ បើថារងកម្ម ដូចជាត្រូវជាង ព្រោះកាលពីយកប្តីទី១ ជួបប្រុសស្លូត តែនាងមិនស្រលាញ់ពេញចិត្ត ក៏បែកបាក់គ្នាទៅ តែដឹងអី! យកប្តីទី២ ជួបប្រុសប្រមឹក សាហាវដៃដល់ ពេលផឹកស្រាស្រវឹង ម្តងៗតែងប្រើកម្លាំងបាយវាយដំទាត់ធាក់ទាញ ទម្លាក់ប្រពន្ធពីលើផ្ទះ បាក់ដៃម្ខាង ព្រមទាំងស្រាត ខោនោមដាក់ភ្នែកទៀត ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ…។

នាងម៉ែន ថាវីន អាយុ៣៦ឆ្នាំ រស់នៅភូមិខាំគើត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនកំព្រាឪពុកម្តាយស្លាប់ ចោលជាច្រើនឆ្នាំមកហើយ លុះពេលធំពេញក្រមុំ ក៏បានរៀបការជាមួយបុរសម្នាក់ (សូមមិនបញ្ចោញ ឈ្មោះ) តាមចាស់ទុំរៀបចំទុកដាក់ ប៉ុន្តែដោយសារ នាងមិនស្រលាញ់ពេញចិត្តប្តីរូបនោះ បែកបាក់វិញ ទៅ។ ក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយក្តៅស្រួយ នាងបានសែនព្រេនយកប្តីទី២ ឈ្មោះប៉ាត ហែម អាយុប្អូននាង៤ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបាន កូនចំនួន៥នាក់ (ប្រុស៣ ស្រី២) ដែលប្តីរូបនះ ធ្វើការក្នុងអង្គការការពារសត្វព្រៃមួយ។

លោកប៉ាត ហែម និងនាងម៉ែន ថាវីនជាមួយកូន

នាងបញ្ជាក់ថា ប្តីទី២ រូបនេះ មានអត្តចរិតកាច សាហាវណាស់ ពោលគឺតាំងពីចាប់ដៃគ្នាជាប្រពន្ធប្តី មកប្តីនេះ វាយដំទាត់ធាក់នាងបណ្តាលឱ្យហើមមុខ បែកមាត់ហូរឈាមស្ទើររាល់ថ្ងៃ ធ្វើឱ្យនាងរស់នៅ ក្នុងរណ្តៅកម្ម សមុទ្រទឹកភ្នែករាល់ថ្ងៃ។ ជាពិសេស ទៅទៀត ពេលប្តីត្រឡប់មកពីព័ទ្ធវង់ជល់កែវផឹកស្រា ស្រវឹងធ្លាក់ភ្នែក លុះចូលដល់ផ្ទះ ប្តីតែងរករឿងបង្ក ជម្លោះ ប្រើកម្លាំងបាយវាយតប់ ព្រមទាំងកម្រើក តណ្ហាចាប់បង្ខំប្រពន្ធរួមភេទទាំងកំរោល មានថ្ងៃខ្លះ នាងត្រូវគេវាយដំស្ទើរស្លាប់ ស្ទើររស់ទៀតផង។

នាងម៉ែន ថាវីន ជាមួយកូនៗ

នាងថាវីន រៀបរាប់ទាំងក្រៀមក្រំថា កាលពី អំឡុងខែសីហា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ នាងបាន ទៅដេកចាំចម្ការជាមួយប្តីមានចម្ងាយពីភូមិអ្នកស្រុក ប្រមាណ៨គីឡូម៉ែត្រ។ ពេលនោះ ប្តីទៅផឹកស្រា ជាមួយមិត្តភក្តិ ដែលដេកចាំចម្ការដូចគ្នាឡើងស្រវឹង ដើរផ្លូវ១ម្នាក់ឯង លុះពេលត្រឡប់មកវិញ រករឿង បង្កជម្លោះជាមួយប្រពន្ធទាំងគ្មានមូលហេតុ ដោយ ស្រែកជេរដៀលពូជអម្បូរនាងនូវពាក្យអសុរោះជា ច្រើន ថែមទាំងចាប់ទាញជើងប្រពន្ធទម្លាក់ពីលើខ្ទម មកដីមានកម្ពស់២ម៉ែត្រ ឡើងទល់ផ្អកឈឺចុកចាប់ និ់យាយលែងចេញ និងបាក់ដៃម្ខាងទៀតផង។ បន្ទាប់មក ប្តីកំណាចរូបនោះ ស្រាតខោនោមដាក់ក្បាល ប្រពន្ធទៀត កុំតែនាងស្រែកហៅឱ្យអ្នកដេកចាំចម្ការ ជួយម៉្លេះអី! ប្រហែលជានាងជ្រែកដីទៅជួបមុខ ស្តេចយមរាជបាត់ទៅហើយ មិនបាននៅឱ្យកូនឃើញ មុខដូចសព្វថ្ងៃនេះទេ។

ផ្ទះចម្ការក្នុងព្រៃនាងម៉ែន ថាវីន

ស្ត្រីជាប្រពន្ធរូបនេះបន្តថា កន្លងមក អាជ្ញាធរមូលដ្ឋានធ្លាប់ហៅប្តីនាងទៅធ្វើការអប់រំផ្តិតមេដៃ ធ្វើកិច្ចសន្យាដែរ ប៉ុន្តែមានប្រសិទ្ធភាពបានតែមួយរយៈខ្លីប៉ុណ្ណោះ ព្រោះប្តីរបស់នាង មិនខុសពីឆ្កែកន្ទុយខ្វៀន។ មូលហេតុ ដែលនាងទ្រាំទៅដេកចាំចម្ការ ជាមួយប្តី ដើម្បីថែទាំដំណាំ លក់យកលុយទិញអង្ករ ច្រកឆ្នាំងដាំបាយឱ្យកូនៗចម្អែតក្រពះ ពុំនោះទេ ប្រាកដជា ដាច់ពោះស្លាប់ជាមិនខាន។ ម៉្យាងទៀតអ្នករស់នៅ ក្បែរខាងតែងចោទប្រកាន់ លើរូបនាងចេះអំពើអាបធ្មប់ ដើរធ្វើឱ្យគេឈឺ ទើបនាងមិនចង់រស់នៅក្នុងភូមិ តែម្តង តែងចេញទៅដេកចាំចម្ការជាមួយប្តី។ បើប្តី មិនកែប្រែអត្តចរិតនេះទេ នៅថ្ងៃណាមួយ នាងប្រាកដ ជាត្រូវស្លាប់ក្រោមស្នាដៃប្តីកំណាចរូបនេះជាមិនខាន។

លោកជួន សាម៉េន

លោកប៉ាត ហែម ជាប្តីបានឱ្យដឹងថា លោកស្រលាញ់ប្រពន្ធកូនណាស់ មិនចង់ប្រើដៃជើងវាយ តប់នាងទេ ហើយក៏មិនដឹងថា ខ្លួនឯងបានប្រព្រឹត្ត អំពើមិនគប្បីធ្ងន់ធ្ងរលើប្រពន្ធដល់ម៉្លឹងដែរ ព្រោះពេលលោកផឹកស្រាស្រវឹងរាល់លើក បាត់បង់ម្ចាស់ ការលើខ្លួនឯងរលីង មិនដឹងថា ខ្លួនឯងបានធ្វើអ្វីខ្លះលើ ប្រពន្ធកូនទេ ទម្រាំតែស្វាងស្រា ប្រពន្ធរងរបួសពេញ ខ្លួនបាត់ទៅហើយ លោកមានការស្តាយក្រោយ និង អាណិតនាងជាពន់ពេក។ ប៉ុន្តែក្រោយពីអាជ្ញាធរធ្វើ ការអប់រំមក ធ្វើឱ្យលោកមានការភ្ញាក់រលឹកដូចខ្មោច ៧ថ្ងៃ ស្តាយកំហុសរបស់ខ្លួន។ ចាប់ពីពេល នេះទៅ លោកនឹងកាត់បន្ថយការផឹកស្រា មិនឱ្យស្រវឹង រហូតបាត់បង់ម្ចាស់ការទៀត ឡើយ តែមិនទាន់អាចកាត់ផ្តាច់ ឈប់ផឹកស្រាជាមួយមិត្តភក្តិបាន១០០%នោះទេ។

លោកម៉ា ផុន

លោកម៉ា ផុន អាយុ៤៤ឆ្នាំ និង អ្នកស្រីប៉ង លាង អាយុ៤៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ពួកគាត់ មានចិត្តអាណិតនាងថាវីន ណាស់ មិនគួរណាបែកបាក់ជាមួយប្តីទី១សោះ ព្រោះគេជាមនុស្សស្លូតបូតណាស់ លុះមកយកប្តីទី២ ត្រូវធ្ងន់កហែលក្នុងសមុទ្រ ទឹកភ្នែករាល់ថ្ងៃ។ ប្តីទី២របស់នាង បើមិនផឹកស្រា មិន សូវកាចសាហាវទេ ប៉ុន្តែបើមានទឹកប្តូរនិស្ស័យចូល ពោះវិញ ប្រៀបដូចជាមនុស្សផ្សេងអ៊ីចឹង មិនខុសពី មនុស្សមានជំងឺសរសៃប្រសាទឡើយ វាយដំទាត់ធាក់ ប្រពន្ធគ្មានញញើតដៃទេ។ បើនៅតែបណ្តោយឱ្យគេ ធ្វើរបៀបនេះទៀត នៅថ្ងៃណាមួយស្ត្រីជាប្រពន្ធនឹង ត្រូវស្លាប់ក្រោមស្នាដៃប្តីជាមិនខាន។
លោកជួន សាម៉េន ជាមេភូមិខាំគើត បានឱ្យដឹងថា លោកប៉ាត ហែម ឱ្យតែបានផឹកស្រាចូលពោះហើយ មានចរិតកាចសាហាវព្រហើនកោងកាច និយាយ ស្តាប់គ្នាមិនបាន ប្រើអំពើហិង្សាលើប្រពន្ធគ្មាន ប្រណីទេ។ ចំណែកស្ត្រីជាប្រពន្ធវិញ ហាក់បីដូចជា ខ្លាចអំណាចប្តីណាស់ ទោះជាកន្លងមក ប្តីវាយដំទាញ ទម្លាក់លើផ្ទះ នោមដាក់ភ្នែកក៏នាងមិនមកដាក់ពាក្យ បណ្តឹងឡើយ ដូច្នេះអាជ្ញាធរពិបាកនឹងធ្វើការដោះស្រាយណាស់ បានត្រឹមតែធ្វើការអប់រំ និងសម្របសម្រួលប៉ុណ្ណោះ។

អ្នកស្រីប៉ង លាង

រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ចាប់តាំងពីជួបប្រសព្វជាមួយប្តីទី២នេះមក ជីវិត នាងម៉ែន ថាវិន រស់នៅមិនដែលបានស្រណុកស្រួល ម្តងណាឡើយ ថ្ងៃណាក៏ដូចថ្ងៃណាដែរ បើកភ្នែកឡើង ត្រូវហូរទឹកភ្នែករហាមស្ទើរខ្សោះអស់ពីខ្លួន ដោយសារប្តីវាយដំច្រំធាក់លើរូបរាងកាយ មានពេលខ្លះ ចាប់ទាញទម្លាក់ពីលើផ្ទះ រួចនោមដាក់ក្បាល បណ្តាល ឱ្យនាងរងរបួសបាក់ដៃម្ខាងទៀតផង។ ប៉ុណ្ណឹងហើយ បើអាជ្ញាធរធ្វើព្រងើយកន្តើយមិនមានវិធានការទប់ស្កាត់ទេនោះ នឹងកាន់ធ្វើឱ្យបុរសជាប្តីរឹតតែបានចិត្តវាយ ដំទាត់ធាក់លើប្រពន្ធថែមទៀតជាមិនខាន ថាមិនត្រូវ អាចបណ្តាលឱ្យស្ត្រីជាប្រពន្ធ មានគ្រោះថ្នាក់ដល់ ជីវិតទៀតផង…”៕

RELATED ARTICLES