អ្នកនាងម៉េង កែវពេជ្ជតា ធ្លាប់តែ បណ្តើរដៃគូចម្រៀងដ៏ស៊ីចង្វាក់គ្នា ទាំងនៅលើឆាក និងក្រៅឆាក បុរសសង្ហា សំឡេងផ្អែម លោករ័ត្ន មករា ទៅចូលរួមមង្គលការតារាជិតស្និទ្ធ នាពេលកន្លងមក ដូចជា ជប់លៀងការអ្នកនាងឈិន សុធារី លោកគង់ សិទ្ធារិទ្ធ ជាដើម ដោយធ្វើឱ្យភ្ញៀវទាំងតារាៗ និងអ្នកក្រៅសិល្បៈ មានការចាប់អារម្មណ៍ជាខ្លាំង ពិសេសក្រោយធ្លាយរឿងស្នេហ៍ ជាមួយគ្នាក្រៅឆាកមក។ ប៉ុន្តែថ្មីៗនេះ ក្នុងកម្មវិធីមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានបង្ហាញខ្លួនចូលរួមក្នុងឈុតរ៉ូបក្រណាត់ខ្មែរ ពណ៌មាស ដ៏ស្រស់ស្អាតនោះ បែរជាធ្វើឱ្យគេគ្រប់គ្នាខកចិត្តទៅវិញ ព្រោះអ្នកនាងមិនបានបណ្តើរដៃគូដ៏សមគ្នា លោករ័ត្ន មករា ចូលរួមជាមួយគ្នាឡើយ។
តាមព័ត៌មានពីអ្នកស្និទ្ធតារាទាំង២ បានឱ្យដឹងថា លោកមករា មានធុរៈចាំបាច់ ទើបមិនបានរួមដំណើរជាមួយអ្នកនាងម៉េង កែវពេជ្ជតា ដូចសព្វដងបែបនេះ តែតារាខ្លះទៀតបង្ហើបឱ្យដឹងថា អ្នកនាងពេជ្ជតា ដឹងថា ក្នុងកម្មវិធីនោះ មានអ្នកកាសែតចូលរួមច្រើន បានជា មិនចង់បង្ហាញភាពស្និទ្ធស្នាលជាមួយលោករ័ត្ន មករា ជាចំហពីមុខកាមេរ៉ាអ្នកកាសែតនោះឡើយ តែតាមកម្មវិធីសិល្បៈផ្សេងៗ អ្នកទាំង២នៅតែរួមការងារជាមួយគ្នាដដែលទេ ព្រោះអ្នក រៀបចំកម្មវិធីភាគច្រើនតម្រូវឱ្យតារាទាំង២ច្រៀងជាដៃគូ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តារាចម្រៀងមេម៉ាយកូន២ អ្នកនាងម៉េង កែវពេជ្ជតា បានប៉ះរឿងស្នេហ៍ដ៏រសើបជាមួយបុរសដែលល្បីថា ធ្លាប់មានកូន២ដែរ គឺលោករ័ត្ន មករា តែតារាទាំង២ បានព្យាយាមប្រកែក។
តាមប្រភពបានឱ្យដឹងដែរថា អ្នកនាងពេជ្ជតា និងលោកមករា ត្រៀមរៀបការជាមួយគ្នាទៀតផង តែលោកមករា ធ្លាប់ប្រកែករឿងស្នេហ៍នេះ ដោយចាត់ទុកថា នេះគ្រាន់តែល្បីតៗគ្នាប៉ុណ្ណោះ តែតាមពិត លោកនិងលោកមករា គ្រាន់តែរួមការងារជាមួយគ្នាធម្មតាប៉ុណ្ណោះ ហើយលោកមករា តាំងជំហរថា បើទោះជាមានអ្នកណានិយាយម៉េចក៏ដោយ តែលោកមិនខ្វល់ទេ គឺនៅតែរួមការងារជាមួយអ្នកនាងពេជ្ជតា ជានិច្ច។
ដោយឡែកអ្នកនាងម៉េង កែវពេជ្ជតា វិញ បានឆ្លើយតបយ៉ាងខ្លីចំពោះសំណួរអ្នកនាងពេជ្រ សិរីរ័ត្ន ក្នុងកម្មវិធី “តុបំភ្លឺ” រឿងថា បើមានមានបុរសថ្មី សុំអ្នកនាងរៀបការ តើគិតយ៉ាងម៉េច? ពេលនោះ អ្នកនាងពេជ្ជតា ថា “ខ្ញុំសុំទុករឿងគូស្រករហ្នឹងមួយឡែកសិន។ សំខាន់ឥឡូវយើងធ្វើអ្វីដើម្បីពង្រឹងខ្លួនឯងសិន ក្នុងវិស័យសិល្បៈផង និងក្នុងសង្គមគ្រួសាររបស់យើងផង។ បើគាត់ (អ្នកថ្មី) មានគុណសម្បត្តិគ្រប់គ្រាន់ យើងនឹងអាចទទួលយកបានហើយ”។
ថ្វីត្បិតតែអ្នកនាងម៉េង កែវពេជ្ជតា នៅតែរក្សាតំណែងបានជាតារាស្រីលំដាប់ឈានមុខគេមែន តែរយៈពេលចុងក្រោយនេះ តារារូបនេះមិនមានបទចម្រៀងថ្មីៗចេញនៅផលិតកម្មហង្សមាស ទៀតទេ ព្រោះតែទ្រនំធំនេះ មានតារាជាន់ជើងគ្នាទៅហើយ ទើបធ្វើឱ្យអ្នកនាងម៉េង កែវពេជ្ជតា ងាកទៅ ច្រៀងនៅផលិតកម្មថ្មី បុស្តារមេឌា ដោយថែមទាំងនាំលោកមករា ទៅជាមួយផង។
ទោះយ៉ាងណា ទស្សនិកជនអ្នកគាំទ្រជឿថា ម៉េង កែវពេជ្ជតា ដែលហង្សមាស ចាត់ទុកថាជាតារា១ គ្មាន២ តែមិនព្រមធ្វើបទថ្មីៗឱ្យច្រៀងនោះ នឹងនៅតែល្បីបើមានបទល្អៗច្រៀង ទោះជាទៅដល់ផលិតកម្មណាក៏ដោយ…៕ ហុឹម វិចិត្រ