បន្ទាប់ពីពិសោធស្នេហ៍ជាមួយលោកសុវណ្ណ មករា ជាច្រើនឆ្នាំ អតីតពិធីការិនីល្បីឈ្មោះ ឈិន សុធារី ក៏បានសម្រេចចិត្តចូលរោងការ នៅអំឡុងឆ្នាំ២០១៥ ហើយក្រោយពេលរៀបការ បានជាង៤ខែប៉ុណ្ណោះ នាងក៏ទទួលបានដំណក់ឈាមនិស្ស័យស្នេហ៍ កូនភ្លោះប្រុសស្រីពីរនាក់ គួរឱ្យស្រលាញ់ ដែលមជ្ឈដ្ឋានជាច្រើន ជាពិសេស មិត្តភក្តិក្នុងចង្កោមសិល្បៈ រំពឹងថា ជីវិតគូរវាងសុធារី ជាមួយតារាសម្តែងរូបសង្ហាលោកសុវណ្ណ មករា នឹងកាន់តែមានសុភមង្គលទ្វេឡើង ខណៈដែលអ្នកទាំងពីរធ្លាប់បានប្រកាសនៅក្នុងថ្ងៃរៀបមង្គលការថា ពួកគេនឹងស្រលាញ់គ្នា មិនក្បត់គ្នា និងថែរក្សាគ្នាពេញមួយជីវិត។
យ៉ាងណា ក្រោយពេលសម្រាលកូនភ្លោះ ឈិន សុធារី ឧស្សាហ៍បង្ហោះសំណេរមិនសប្បាយចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ រហូតអ្នកខ្លះគិតថា ស្នេហារបស់នាងកំពុងប្រឈមនឹងការបែកបាក់ទៀតផង។
ថ្មីៗនេះ សុធារី បានបង្ហោះសារត្អូញត្អែរ ខណៈដែលនាងកំពុងមើលថែកូនភ្លោះថា “កូននៅក្មេងខ្ចីមិនទាន់យល់ទេ ទឹកភ្នែកម្តាយស្រក់ស្ទើរក្លាយជាទន្លេ ទុក្ខរយសែនទ្វេស្ទើរតែក្សិណក្ស័យ”។
សុធារី បានសរសេរបង្ហោះទៀតថា “ចង់ប្រាប់ថា ហត់ខ្លាំងណាស់ ហត់ទាំងចិត្តនិងកាយ ស៊ូហត់កាយ តែកុំឱ្យហត់ចិត្ត បើនៅតែបែបនេះតទៅទៀត ប្រហែលជាមិនរស់ទេ។ សង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងបានជួបអ្នកដែលយល់ចិត្តខ្ញុំពិតប្រាកដ នៅក្នុង ឆាកជីវិតមួយនេះ។ ហត់ណាស់ ទៅមុខលែងរួចហើយ!”។
ក្រោយបង្ហោះសារទាំងនេះ សុធារី ទទួលបានការលើកទឹកចិត្តពីមិត្តភក្តិក្នុងបណ្តាញសង្គម ដោយឱ្យនាងត្រូវប្រឹងតស៊ូ ឡើង ជីវិតគឺតែងតែបែបហ្នឹង។ អ្នកខ្លះទៀតបានចោទសួរថា ហេតុម្តេចមិនឃើញប្តីជួយមើលថែកូនៗ? សុធារី តបថា “គាត់ (សុវណ្ណ មករា) ជាប់រវល់ ហើយអាចដឹងត្រឹមថា គាត់ជាប់រវល់ទៅបានហើយ ព្រោះខ្ញុំមិនហ៊ាននិយាយអ្វីលើសពីនេះទេ ព្រោះខ្លាចមានទោស”។
តាមប្រភពថា អតីតពិធីការិនីឈិន សុធារី កំពុងតែមានទុក្ខព្រួយ ដោយសារតែប្តីរបស់នាងមិនយល់ចិត្ត ឧស្សាហ៍ដើរលេងក្រៅផ្ទះ មិនជួយមើលថែកូនភ្លោះ។ មិនត្រឹមតែប៉ុណ្ណោះ នាងកំពុងសង្ស័យប្តីមានស្រីថ្មីក្បត់ចិត្តនាងទៀតផង។
ឈិន សុធារី ក៏បានបង្ហោះសារហាក់ចង់ព្រមានប្តីនាងថា “ការពិតនៅតែជាការពិត មិនអាចកែប្រែបាន។ កុហកគេបាន តែមិនអាចកុហកព្រះ និងខ្លួនឯងបានឡើយ ហត់និងមើលក្នុងការសម្តែងរបស់អ្នក ណាស់ ហត់ណាស់ ឈប់បានឈប់ទៅ អ្នកដឹងបានដឹង”។
ទាំងឈិន សុធារី និងលោកសុវណ្ណ មករា មិនអាចទាក់ទងសុំការបំភ្លឺចំពោះដំណឹងទាំងនេះបានទេ។ តាមប្រភពថា ស្នេហារបស់ឈិន សុធារី កំពុងបាត់ភាពផ្អែមល្ហែម ហើយក៏ប្រឈមការប្រេះឆាផងដែរ ប្រសិនបើសុវណ្ណ មករា នៅតែមិនជួយរំលែកទុក្ខធុរៈនាងទេនោះ។
ឈិន សុធារី ជាអតីតពិធីការិនីល្បីឈ្មោះមួយរូបរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុន្តែ នាងបានបោះបង់អាជីពពិធីការិនី ក្រោយពេលល្បីត្រៀមរៀបការជាមួយអ្នកជំនួញម្នាក់។ យ៉ាងណា ស្នេហារវាងនាងជាមួយអ្នកជំនួញរូបនោះ បានបរាជ័យត្រឹមពាក់កណ្តាលទី។ សុធារី ក៏ព្យាយាមចង់ចូលប្រឡូកសិល្បៈពេញទំហឹងវិញដែរ តែមិនបានសម្រេច ហាក់ពិបាកដណ្តើមទីផ្សារ ទាំងការងារ ពិធីការរិនី និងសម្តែង។ លុះនៅអំឡុងឆ្នាំ២០១៣ ក៏បែកធ្លាយរឿងស្នេហ៍ជាមួយលោកសុវណ្ណ មករា ដែលជាពោះម៉ាយកូនមួយ ហើយក៏សម្រេចចិត្តចូលនឹមអាពាហ៍ពិពាហ៍ នៅឆ្នាំ២០១៥ បញ្ចប់ព័ត៌មានចចាមអារ៉ាមទាំងឡាយ។
យ៉ាងណា ខណៈដែលឈិន សុធារី កំពុងតែបៀមទុក្ខនេះ មិត្តក្តិនៅក្នុងចង្កោមសិល្បៈជាច្រើន រំពឹងថា នាងនឹងអាចជម្នះឧបសគ្គទាំងនោះបាន ដើម្បីរក្សាចំណងស្នេហ៍មួយនេះបន្តទៀត។ ជាពិសេស ដើម្បីភាពកក់ក្តៅដល់កូនភ្លោះប្រុសស្រីទាំងពីររបស់នាង…៕ សុខ ស៊ីឡាង