តារាចម្រៀងថៃ YINGLEE ជាមួយអ្នករាំ២នាក់ទៀត ច្រៀង១០បទ ធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើលនិងព្រឺសម្បុរ

តារាចម្រៀងស្រីល្បីរបស់ប្រទេសថៃ នាងYINGLEE បានលេចមុខដ៏គួរឲ្យភា្ញក់ផ្អើលនៅហាង URBAN ដែលមានទីតាងតាមបណ្ដោយផ្លូវ២៨៨ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នោះ មានភ្ញៀវជាច្រើនបានទៅអបអរសាទរពេញហាង URBAN នោះតែម្ដង ដើម្បីទស្សនាការច្រៀង និងសម្ដែងដោយផ្ទាល់របស់តារាចម្រៀងដ៏ល្បីល្បាញឈ្មោះនេះ។

បើតាមអ្នកតំណាងរបស់ហាង URBAN បានឲ្យដឹងថា “កម្មវិធីដ៏អស្ចារ្យនេះប្រារព្ធឡើង គឺដើម្បីអបអរសារទរចំពោះខួប១ឆ្នាំ នៃហាង URBAN ហើយកម្មវិធីរាត្រីនេះ ក៏ជាការចូលរួមរីករាយនៃថ្ងៃ Chismas Party ដែរ ដែលហាង URBAN មានការសហការជាមួយស្រាបៀរ Carlsberg រៀបចំដើម្បីលើកទឹកចិត្តដល់អតិថិជនទាំងអស់ដែលគាំទ្រហាងរបស់ខ្លួន។

បន្ទាប់ពីការមកដល់របស់តារាចម្រៀងល្បី YINGLEE ក៏មានតារាចម្រៀងល្បីៗរបស់ប្រទេសជិតខាង ក៏នឹងមកចូលរួមជាបន្ដបន្ទាប់ទៀត ក្នុងកម្មវិធីពិសេសេរបស់ URBAN នាពេលក្រោយៗទៀតផងដែរ។

នៅក្នុងកម្មវិធីសន្និសីទសារព័តមានរយៈពេលខ្លីនោះ តារាចម្រៀងល្បីឈ្មោះមកពីព្រះរាជាណាចក្រថៃ បានឲ្យដឹងថា “អ្នកនាងមានអារម្មណ៍រីករាយចំពោះការបានមកច្រៀងសម្ដែងនៅប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រ (Fan) ជាច្រើនបានមកគាំទ្រ និងច្រៀងរាំសប្បាយទាំងអស់គ្នា នៅ URBAN ហើយម្ចាស់កម្មវិធីបានទទួលនាងដោយយកចិត្តទុកដាក់ ដោយឲ្យគេងនៅសណ្ឋាគារប្រណីតមួយ ដែលអាចមើលឃើញទិដ្ឋភាពជុំវិញនៃរាជធានីភ្នំពេញ ទៀតផង។

YINGLEE ថ្លែងថា ”នេះគឺជាលើកទី៣ហើយសម្រាប់ខ្ញុំ ក្នុងការមកច្រៀងសម្ដែងនៅប្រទេសកម្ពុជា តែនៅហាង URBAN នេះ គឺជាលើកទី១។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ព្រោះឥឡូវមានការអភិវឌ្ឍមិនចាញ់ប្រទេសថៃឡើយ ដោយមានអគារខ្ពស់ៗពេញទីក្រុង ហើយប្រទេសមានសុខសន្ដិភាព សុវត្ថិភាពល្អ។ ខ្ញុំច្រៀង១០បទ ដែលជាបទល្បីៗរបស់ខ្ញុំ ហើយមានបងប្អូនប្រជាជនកម្ពុជា ស្គាល់និងគាំទ្រច្រើន ដូចជាបទ ”Your Heart For My Number” ជាដើម។ ខ្ញុំនឹងមកប្រទេសកម្ពុជា លើកក្រោយៗទៀត បើសិនជាមានការអញ្ជើញ និងស្វាគមន៍ដោយរាក់ទាក់បែបនេះ ហើយចំពោះស្រាបៀរ Carlsberg គឺខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះនៅថៃ ក៏គេពេញនិយមដែរ”។

តារាចម្រៀងល្បីរបស់ប្រទេសថៃ YINGLEE បានធ្វើឲ្យភ្ញៀវជាង២៥០នាក់ នៅហាង URBAN មានការសប្បាយរីករាយជាខ្លាំងនៅពេលដែលអ្នកនាងច្រៀងសម្ដែង ហើយមានក្រុមរាំអមនាង២នាក់ សុទ្ធតែជាស្រីស្អាតសិចស៊ីលេងក្បាច់រាំឲ្យអស់ដៃនោះ ទើបធ្វើឲ្យភ្ញៀវទាំងស្រីទាំងប្រុសរាំ និងច្រៀងតាមតារាថៃរូបនេះ ដោយមានភាពស្និទ្ធស្នាលគ្នាទៀតផង។ បទ”Your Heart For My Number” ពិតជាមានការពេញនិយម នៅពេលដែលនាង YINGLEE លើកយកមកបកស្រាយនោះ ព្រោះយុវវ័យកម្ពុជា បានស្គាល់បទនេះយ៉ាងច្បាស់ណាស់ ហើយពួកគេបានសរសើរថា តារាថៃ រូបនេះមានក្បាច់រាំ និងការសម្ដែងយ៉ាងរស់រវើកគួរឲ្យជក់ចិត្តតែម្ដង ជាមួយរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ ពិតជាគួរឲ្យក្នាញ់។

អ្នកតំណាងស្រាបៀរ Carlsberg បានឲ្យដឹងដែរថា “ក្រុមហ៊ុននឹងបន្ដនាំយកតារាល្បីៗផ្សេងទៀត នៅប្រទេសជិតខាង ដើម្បីឲ្យអតិថិជនរបស់ខ្លួនបានជួប និងទស្សនាផ្ទាល់ដោយភាពរីករាយទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ Carlsberg កន្លងមក។ ជាក់ស្ដែងដូចជាការមកដល់របស់ YINGLEE នៅពេលនេះ គឺពិតជាស័ក្តិសមខ្លាំងណាស់ ជាមួយម៉ាកសញ្ញា Carlsberg នេះ ហើយយើងមានការសប្បាយរីករាយដែលមានភ្ញៀវចូលមកគាំទ្រពេញហាង URBAN នេះ។

ប៉ុន្ដែទាំង URBAN និងខាងក្រុមហ៊ុន Carlsberg មិនបានប្រាប់ពីតម្លៃខ្លួនក្នុងការអញ្ជើញនាង YINGLEE នោះឡើយ៕