Thursday, April 25, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ល្បីសង្សារក្មេងមិនសប្បាយចិត្ត ក្រោយបណ្តោយឲ្យលោកអែនឌី ឱបថើបវក់វី

សុខ សោម៉ាវត្តី ល្បីសង្សារក្មេងមិនសប្បាយចិត្ត ក្រោយបណ្តោយឲ្យលោកអែនឌី ឱបថើបវក់វី

រយៈពេល១០ឆ្នាំគត់ (២០០៧-២០១៧) ដែលអ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី កញ្ជ្រោកក្នុងសិល្បៈយ៉ាងជោកជាំ តែគេមិនដែលឃើញពិធីការិនីរូបនេះសម្តែង MV ជាឈុតស្នេហារោលរាលដាស់អារម្មណ៍ទេ គឺស្រាប់តែពេលនេះ សោម៉ាវត្តី បានបណ្តោយឱ្យលោកអែនឌី ប្រឡេះឡេវអាវឱបថើបឡើងវក់វីលើគ្រែតែម្តង ទើបធ្វើឱ្យសង្សារក្មេង លី វ៉ាហេទ មិនសប្បាយចិត្តឡើយ…។

សុខ សោម៉ាវត្តី មិនដែលហ៊ានថតដោះអាវ បណ្តោយឱ្យតារាប្រុសឈ្មុលឱបថើបវក់វី និងស្ទាបគល់ភ្លៅ ដោយស្រៀវស្រើបឡើយ ព្រោះថា នាងធ្លាប់ជាអតីតកូនប្រសាមន្ត្រីធំ ហើយអតីតប្តីនាង លោកទូច ដាណារ៉ា ហៅពេជ្រ ក៏មិនអនុញ្ញាតឱ្យនាងថតឈុតក្តៅសាច់ដែរ ម៉្យាងទៀត វត្តី ក៏ជាពិធីការិនីនៅប៉ុស្តិ៍បាយ័ន ផងដែរ។ ប៉ុន្តែ តាំងពីសុខ សោម៉ាវត្តី លែងប្តីជាង3ឆ្នាំនេះ តារារូបនេះប្រែប្រួលគ្រប់បែបយ៉ាងទាំងអស់ ដូចជាពេលខ្លះ នាងទៅផឹកស្រាតែម្នាក់ឯងក្នុងក្លឹប ដោយថែមទាំងស្រវឹងទៀតផង ដែលមិត្តភក្តិវត្តី បានឱ្យដឹងថា តារារូបនេះកំពុងតែមានវិបត្តិដ៏ធ្ងន់ តាំងពីធ្លាក់ខ្លួនមេម៉ាយមក វត្តី ដែលធ្លាប់មានអ្វីៗគ្រប់យ៉ាង ដូចជា វីឡា រថយន្តទំនើបគ្រប់ម៉ាក សណ្ឋាគារ ជាដើម បានរសាត់ពីក្នុងកណ្តាប់ដៃនាងទាំងអស់ ហេតុនេះហើយ ពេលនេះនាងមិនគិតច្រើនទៀតឡើយ។ អ្វីដែលមិនគួរឱ្យជឿ នាពេលថ្មីនេះ សុខ សោម៉ាវត្តី ថែមទាំងហ៊ានថតឈុតដោះអាវបញ្ចោញសាច់ខ្នងសខ្ចី ឱបថើបបឺតមាត់លើគ្រែយ៉ាងរោលរាល ជាមួយអែនឌី ទៀតផង ដែលសកម្មភាពបែបនេះ គឺពីមុន គេមិនដែលឃើញសោម៉ាវត្តី ហ៊ានធ្វើឡើយ។

យ៉ាងណា លោកអែនឌី ដែលជាអ្នកនាំឱ្យសុខ សោម៉ាវត្តី និងឌុច លីដា ឈ្លោះគ្នាបែកផ្សែង ព្រោះស្នេហាត្រីកោណ តាមរយៈបទ “នឹកបង 50%ផង” នោះ បញ្ជាក់ថា ឈុតដែលសោម៉ាវត្តី សម្តែងនោះ មិនជាជ្រុលហួសហេតុពេកទេ ហើយក៏នាងមិនមែនដោះអាវអស់រលីងដែរ គឺជាបច្ចេកទេសនៃការថត និងកាត់តប៉ុណ្ណោះ។

លោកអែនឌី ថ្លែងថា “ខ្ញុំពេញចិត្តសមត្ថភាពវត្តី និងលីដា ខ្លាំងណាស់ ដែលពួកគេសម្តែងសុទ្ធតែដល់កំពូលដូចគ្នា។ ចំពោះមានឈុតខ្លះដែលឱបថើបនោះ គឺយើងចៀសមិនរួចទេ តែខ្ញុំមិនបានទៅកេងចំណេញលើវត្តី និងលីដា ទេ គឺនោះគ្រាន់តែជាការសម្តែងជាសិល្បៈប៉ុណ្ណោះ”។

សុខ សោម៉ាវត្តី ក្រោយលែងប្តីលោកទូច ដាណារ៉ា ហៅពេជ្រ មក អ្នកមេម៉ាយរូបស្រស់នេះ មានមន្ត្រីធំៗចោមស្នេហ៍ច្រើន ដែលក្នុងនោះមានលោកផ្កាយ2 ដ៏មានឥទ្ធិពលម្នាក់ តាមពិធីការិនីរូបនេះស្អិតជាងគេ។ ប៉ុន្តែ វត្តី បែរជាមិនចាប់អារម្មណ៍ខ្លាំងចំពោះតំណែងជំទាវនោះឡើយ ហើយចុងក្រោយបែរជាទទួលស្នេហ៍ប្រុសក្មេងជាកីឡាករខ្សែការពារក្លឹបបឹងកេត លី វ៉ាហេទ ទៅវិញ ទើបធ្វើឱ្យប្រុសៗដែលរង់ចាំត្រងស្នេហ៍អ្នកមេម៉ាយកូន1 ឈ្ងុយដូចដូងដុតរូបនេះខកចិត្តខ្លាំង ដោយសារតែពេលនេះ វត្តី ស្អិតល្មួតជាមួយកីឡាករបាល់ទាត់នោះ ដូចប្តីប្រពន្ធអ៊ីចឹង រហូតគេល្បីថា ពួកគេបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៀតផង បន្ទាប់ពីបានដឹកដៃគ្នាទៅថតរូបឈុតកូនកំលោះក្រមុំ ជាការតេស្តមុនចូលរោងការនោះ។ ប៉ុន្តែវត្តី អះអាងថា ឈុតអាពាហ៍ពិពាហ៍នោះ គ្រាន់តែគេជួលរូបនាង និងវ៉ាហេទ ទៅថតជាមួយគ្នា គឺថតយកលុយប៉ុណ្ណោះ គ្មានចេតនាណាមួយតេស្តឱ្យគេជួយមើលថា សមឬមិនសមគ្នានោះទេ។

ប្រភពបានឱ្យដឹងថា សង្សារក្មេងរបស់សុខ សោម៉ាវត្តី ដែលជាកីឡាករបាល់ទាត់រូបនេះ មិនពេញចិត្តវត្តី ក្នុងការថតសម្តែងដែលមានឈុតស្នេហា បណ្តោយឱ្យប្រុសៗឱបថើបនោះឡើយ ហេតុនេះហើយ ទើបគ្រាន់តែវត្តី លេងឈុតឱ្យលោកអែនឌី ដោះអាវ និងបឺតមាត់នោះ ប្រុសក្មេងរូបនោះ ហាក់ប្រចណ្ឌអ្នកមេម៉ាយរូបនេះខ្លាំង បើទោះជាវត្តី ប្រាប់ថា នោះគ្រាន់តែជាការសម្តែងក៏ដោយ។ ដោយឡែក ផលិតករមួយចំនួនដែលធ្លាប់តែហៅវត្តី ឱ្យថតសម្តែងជាតួកំប្លុកកំប្លែងក្រមិចក្រមើមនោះ ហាក់ភ្ញាក់ផ្អើលខ្លាំង នៅពេលដែលឃើញវត្តី ហ៊ានលេងឈុតដោះអាវនោះ ទើបពួកគេចង់ឱ្យវត្តី ជំនួសតំណែងឌុច លីដា ប៉ុន្តែ សោម៉ាវត្តី បានប្រាប់មិត្តភក្តិថា នាងមិនអាចថតភាពយន្តបែបស្រើបស្រាលខ្លាំងឡើយ ព្រោះថា នាងជាពិធីការិនីរបស់ប៉ុស្តិ៍បាយ័ន ហើយមូលហេតុដែលនាងសម្តែងសិចស៊ីមិនធ្លាប់មានជាមួយលោកអែនឌី នោះ ព្រោះថា មកពីរូបនាងនិងលោកអែនឌី បានស្គាល់គ្នាជាយូរមកហើយ តែសម្រាប់ផលិតកម្មផ្សេង ដែលចង់ឱ្យនាងថតបែបនេះដែរ គឺនាងមិនទទួលឡើយ។

សុខ សោម៉ាវត្តី ដែលផាត់ចោលស្នេហ៍លោកផ្កាយ2 ស្រវាប្រុសក្មេងវ៉ាហេទ នោះ នៅតែមានទំនាក់ទំនងជាមួយអតីតប្តី លោកទូច ដាណារ៉ា ដោយពេលខ្លះ នាងញ៉ាំអាហារជុំគ្នាជាមួយប្តីនិងកូន ដូចពីមុនអ៊ីចឹង បើទោះជាពេលនេះ ពួកគេមានថ្មីៗរៀងៗខ្លួនទៅហើយក្តី។ ទស្សនិកជនរង់ចាំមើលថា ចំណងស្នេហ៍ពិធីការិនីសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់រូបនេះ អាចឈានទៅជីវិតអាពាហ៍ពិពាហ៍ដែរឬទេ? ខណៈដែលពេលនេះលេចឮថា វត្តី ចង់រៀបការជាលើកទី2 ដើម្បីលុបដានស្នេហ៍ចាស់ ដែលធ្វើជាកូនប្រសាអ្នកធំ គឺបានត្រឹមតែក្តីស្រមៃប៉ុណ្ណោះ៕

RELATED ARTICLES