រឿង “មាយាស្ត្រី” បានបង្ហាញពីល្បិចផិតក្បត់ ដ៏ប្រសប់របស់ស្ត្រីជាប្រពន្ធ លួចទៅមានប្រុសឈ្មោល រកប្តីចាប់កំហុសមិនបាន។ ចំពោះស្ត្រីម្នាក់នេះ ក៏មាន ល្បិចមិនចាញ់តួស្រីក្នុងរឿងមាយាស្ត្រីប៉ុន្មានឡើយ ទាស់តែខ្សោយគំនិត គិតតែផឹកស្រា កៀកកើយ ជាមួយប្រុស ត្រូវប្តីចាប់ការសង្ស័យបាន ក៏ទាញ ដំបងសំពងទ្រមខ្លួន ព្រោះតែស្តីប្រដៅ ប្រើធម៌ត្រជាក់ជាមួយប្រពន្ធមិនស្តាប់…។
លោកពឿត ពីន អាយុ៣២ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកមានឪពុកឈ្មោះជុន ពឿត អាយុ៦១ឆ្នាំ ជាមេភូមិ ម្តាយឈ្មោះម៉ន។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ លុះពេលធំពេញកំលោះ ក៏បានរៀបការជាមួយប្រពន្ធឈ្មោះជាប់ នេន រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់។ កាលពីរៀបការ ហើយថ្មីថ្មោង ប្រពន្ធមានកិរិយាមារយាទល្អផូរផង់ណាស់ មិនចេះ ប្រព្រឹត្តផ្តេសផ្តាសឡើយ ខំប្រឹងធ្វើការរកប្រាក់ ចេះ ទុកដាក់ទ្រព្យសម្បត្តិ សមជាប្រពន្ធគ្រប់លក្ខណ៍។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមានការផ្លាស់ប្តូរ ចិត្តច្រើនណាស់ បែកគំនិតដើរផឹកស្រាស្រវឹងធ្លាក់ ភ្នែកស្ទើររាល់ថ្ងៃ ក្លាយជា
មនុស្សប្រមឹកប្រចាំភូមិ ព្រមទាំងមានចិត្តមិនស្មោះត្រង់ជាមួយប្តី ដើរលួចទៅ ខិលខូចប្រព្រឹត្តទង្វើអសីលធម៌ជាមួយួប្រុសឈ្មោល ធ្វើឱ្យលេចឮពាក្យអាស្រូវស្អុយពេញភូមិ ព្រមទាំងដើរ បាត់ៗ លុះម៉ោង៦-៧យប់ ទើបត្រឡប់ចូលផ្ទះ ជាមួយ សក់ក្បាលសំពីងសំពោងស្មៅជាប់ពេញក្បាល។ លុះពេលរូបលោកជាប្តីសួរនាំទៅ នាងប្រាប់មកពីស្រែ ប៉ុន្តែពីមុនមក លោកមិនដែលឃើញប្រពន្ធទៅស្រែទេ នាងគ្រាន់តែនិយាយយកធ្វើជាលេស ដើម្បីដោះសាប៉ុណ្ណោះ។
បុរសជាប្តីរូបនេះបន្តថា លោកចេះតែឮអ្នកស្រុកលួចខ្សឹបខ្សៀវគ្នាពីអំពើផិតក្បត់របស់ប្រពន្ធ ជារឿយៗ លុះពេលលោកធ្វើការតាមដាន ឃើញប្រពន្ធព័ទ្ធវង់ជល់ កែវផឹកស្រាជាមួយប្រុសឈ្មោល និងអង្គុយកៀកកើយជាមួយប្រុស សាសងសម្តី ស្នេហាដាក់គ្នាយ៉ាងផ្អែមល្ហែមដូចគូសង្សារកំលោះ ក្រមុំ ឬធ្វើខ្លួនដូចគ្មានប្តីអ៊ីចឹង ប៉ុន្តែលោកធ្វើជាមិន ដឹងមិនឮ ដោយទៅធ្វើចម្ការធម្មតាដូចជាគ្មានរឿងអ្វី កើតឡើងអ៊ីចឹង។ មានថ្ងៃខ្លះពេលលោកត្រឡប់មក ពីស្រែវិញ មិនឃើញប្រពន្ធនៅផ្ទះរៀបចំបាយទឹកឱ្យ កូនហូបទេ លុះម៉ោង៦-៧យប់ ទើបឃើញនាង ស្រវឹងស្រាដើរទ្រេតទ្រោតចូលផ្ទះ ហើយនិយាយ កុហកប្តីថាទើបត្រឡប់មកពីស្រែដែរ។ លុះពេល លោកស្តីអប់រំបន្តិចបន្តួច តមាត់មិនបាត់មួយពាក្យ ធ្វើឱ្យលោកទ្រាំមិនបានក៏ប្រើដៃជើង ដំបងព្រមាននាង ខ្លះទៅ ព្រោះកន្លងមកប្រើធម៌ត្រជាក់ស្តីប្រដៅអប់រំ នាងតាមសម្រួលអស់ចិត្តហើយ នាងមិនយកត្រចៀក ស្តាប់ ឬកែប្រែអត្តចរិតឡើយ។
លោកពឿត ពីន បន្តទៀតថា ប្រពន្ធរបស់លោក មានល្បិចកិចកលច្រើនមិនខុសពីរឿង “មាយាស្ត្រី” ទេ តែងត្អូញត្អែរឈឺនេះ ឈឺនោះ ពិបាកចិត្តស្ទើរគ្រប់ រឿង យកលេសផឹកស្រាដើម្បីបំបាត់ទុក្ខកង្វល់ក្នុងចិត្ត បានជាដើរដួល ស្មៅជាប់សក់បែបនេះ។ សូម្បីតែទៅ ដកស្ទូងប្រវាស់ដៃជាមួយអ្នកស្រុកភូមិ ក៏គេមិនចង់ យកដៃធ្វើដែរ ព្រោះអ្នកស្រុកធម្មតាគេយកបាយទៅ ហូបពេលថ្ងៃ ប៉ុន្តែប្រពន្ធរបស់លោកយកស្រាធ្វើ ជាអាហារ ពេលស្រវឹងធ្វើការឱ្យគេមិនកើតទេ។ សព្វថ្ងៃនេះ បើតាមចិត្តរបស់លោកផ្ទាល់បែកផ្លូវ ជាមួយប្រពន្ធរូបនេះយូរណាស់បាត់ទៅហើយ ប៉ុន្តែ ដោយសារអាណិតកូន ទើបទ្រាំរស់មានឈ្មោះជា ប្រុសអាវែក ទាំងគ្រាំគ្រាចិត្តមកដល់សព្វថ្ងៃ ប៉ុន្តែ លោកដេកបែកគ្រែជាមួយប្រពន្ធអស់រយៈពេល៦ ខែមកហើយ គឺរស់នៅក្នុងនាមជាឆ្មាចាំចាប់កណ្តុរ។ លោកសុំផ្តាំទៅបុរស ដែលជាឆ្មាលួចស៊ីត្រីអាំង ដែលហ៊ានលូកយកថ្លើមលោកនោះ កុំចេះតែហ៊ានពេក ប្រយ័ត្នមានគ្រោះថ្នាក់ ព្រោះលោកកំណត់មុខសញ្ញា បានហើយ រង់ចាំតែតាមទាន់ជាន់កែងយកជាភ័ស្តុតាងប៉ុណ្ណោះ។
ដោយឡែក នាងជាប់ នេន ជាប្រពន្ធដែលកំពុង អង្គុយស្តាប់ប្តីរៀបរាប់នៅក្បែរជ្រុងផ្ទះម្ខាង បានឱ្យ ដឹងថា នាងក្លាយជាមនុស្សប្រមឹកនៅថ្ងៃនេះ គឺមកពី ប្តីឧស្សាហ៍ប្រើអំពើហិង្សាវាយដំ ធ្វើឱ្យនាងពិបាកចិត្ត ខ្លាំងពេក ទើបយកស្រាធ្វើជាមិត្តយល់ចិត្ត ផឹកដើម្បី បំបាត់ទុក្ខកង្វល់ក្នុងចិត្ត។ ឥឡូវនេះប្តីចង់ធ្វើអ្វីនាង ក៏ ធ្វើតាមចិត្តចុះ នាងមិនទៅណាទេ គឺរស់នៅជាមួយកូន ហើយក៏មិនខ្លាចប្តីដែរ ព្រោះនាងមិនបានធ្វើអ្វីខុស សីលធម៌សង្គមផង។ ចំណែកប្តីធ្វើនេះក៏មិនសមដែរ យករឿងដែលរំលងជាច្រើនឆ្នាំមករំលឹកបង្កជម្លោះ ប្រើកម្លាំងបាយលើរូបរាងកាយនាងឥតស្រាកស្រាន្ត តើមិនឱ្យនាងឈឺចិត្តផឹកស្រាម្តេចនឹងកើត? ទោះជាប្តី ដេកបែកគ្រែគ្នា ចែកចានឆ្នាំងគ្នាដាំបាយ ឬមិនយក នាងធ្វើប្រពន្ធតទៅទៀត ក៏នាងមិនថាអីដែរ ប៉ុន្តែសូម កុំធ្វើបាបនាងទៀតអី ព្រោះរាល់ថ្ងៃ នាងរងកម្មត្រូវប្តី វាយព្រឹកល្ងាចៗឡើងឡប់សតិទៅហើយ។
លោកកន បាច់ អាយុ៤៩ឆ្នាំ និងអ្នកស្រីអ៊ឹម សុជួន អាយុ៤៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា បើតាមពួកគាត់សង្កេតឃើញជាក់ស្តែង ជម្លោះ ប្តីប្រពន្ធលោកពឿត ពីន គឺផ្តើមឡើងពីសំណាក់ស្ត្រី ជាប្រពន្ធដែលយកស្រាធ្វើជាត្រីមុខ ហើយដើរក្នុង ផ្លូវមិនល្អ លួចជួបប្រុស ទើបធ្វើឱ្យប្តីទប់ចិត្តខ្លួនឯង មិនបាន ក៏ប្រើកម្លាំងបាយប្រដៅប្រពន្ធខ្លះទៅ។ តាមពិតទៅ បុរសជាប្តីជាមនុស្សស្លូតបូតស្រលាញ់ប្រពន្ធ ខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមប្រពន្ធកូនណាស់ អ្នក ភូមិផងអាណិតស្រលាញ់គ្រប់គ្នា។ ប៉ុន្តែបើប្រពន្ធ ប្រព្រឹត្តមិនគប្បីលើប្តីបែបនេះ ទោះជាមនុស្សស្លូត បូតដល់កម្រិតណាក៏ទប់កំហឹងមិនជាប់ឡើយ។
ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលពីមុន នាងជាប់ នេន មានកិរិយាមារយាទ ល្អត្រឹមត្រូវ សមជាប្រពន្ធនិងម្តាយល្អម្នាក់ ប៉ុន្តែក្រោយ ពីនាងបែកគំនិតផឹកស្រាក្លាយជាមនុស្សប្រមឹកមក តម្លៃជាស្ត្រីភេទត្រូវរសាត់បាត់អស់ រហូតហ៊ានលួច ប្រព្រឹត្តអំពើផិតក្បត់ប្តីនៅពីក្រោយខ្នងទៀត ដែលទង្វើរបស់នាងមិនអាចគេចផុតពីភ្នែកច្រមុះអ្នកស្រុក បានឡើយ។ បើសិនជានាងមិនភ្ញាក់រលឹកចេះកែខ្លួនទេ ជីវិតរបស់នាងប្រាកដជាធ្លាក់ក្នុងរណ្តៅអវីចីជា មិនខាន។ រីឯប្រុសដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយ ប្រពន្ធគេនោះ គួរតែបញ្ឈប់សកម្មភាពរបស់ខ្លួនត្រឹម នេះទៅ បើពុំនោះទេនឹងមានគ្រោះថ្នាក់ធំនៅថ្ងៃណា មួយជាមិនខាន…”៕