Monday, December 23, 2024
Homeព័ត៌មានជាតិមេម៉ាយយូរជូរមាត់ ស្មគ្រ័ធ្វើប្រពន្ធចុងគេ

មេម៉ាយយូរជូរមាត់ ស្មគ្រ័ធ្វើប្រពន្ធចុងគេ

ធ្លាប់ជាស្រីខារ៉ាអូខេ រកបានប្តីពីរនាក់កំដរអារម្មណ៍ លុះដាច់ដោចប្តីទាំងពីរនេះទៅ ជូរមាត់ដែរ មិនសុខចិត្តនៅទំនេរទេ។ ដោយហេតុនេះហើយ បានជាអ្នកមេម៉ាយពីរ ភ្លើងនេះ លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយ ប្តីគេស្មគ្រ័ធ្វើប្រពន្ធចុង ទោះជាប្រពន្ធ ដើមជេរបញ្ចោរយ៉ាងណា ក៏មិនខ្ចីឈឺ ធ្វើម៉េចឱ្យតែបាត់ជូរមាត់…។

នាងដុះ និមល អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាលជ្រំ ឃុំទ្រមែង ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ សុទ្ធតែស្រីទាំងអស់ ដែលឪពុកម្តាយស្លាប់ ចោលអស់ហើយ។ កាលពីតូច ដោយសារកត្តាជីវភាពក្រីក្រ ទើបនាងរៀនសូត្រមិនចប់បឋមសិក្សាផង ក៏ឈប់ទៅ ហើយក៏គ្មានជំនាញ អ្វីក្រៅពីការដកស្ទូងច្រូតកាត់ និងស៊ីឈ្នួលជួលព័ទ្ធគេ។ លុះចូលដល់វ័យក្រមុំ នាងបានលាម្តាយចេញទៅរកស៊ីនៅក្រុងតាកែវ និងត្រូវមិត្តភក្តិអូសទាញទៅធ្វើជាស្រីខារ៉ាអូខេ បម្រើការងារក្នុងហាងមួយ នៅក្បែរស្ថានីយរថភ្លើង តាកែវ។ នាងធ្វើការកន្លែងរាំច្រៀងស៊ីផឹក សម្បូរប្រុសៗចេញចូលនោះ មិនបានប៉ុន្មានក៏មានទំនាក់ទំនងស្នេហា ជាមួយកំលោះម្នាក់ឈ្មោះម៉ៅ ស្រុកកំណើតនៅខេត្តតាកែវ ក៏បាន ដឹកដៃគ្នាចូលរោងការតាមប្រពៃណី យកគ្នាជាប្តីប្រពន្ធទៅ។


នាងនិមល បន្តទៀតថា នាងរួមរស់ជាមួយប្តីនោះបានជាង២ឆ្នាំ ក៏ជួបភាពរកាំរកូស រហូតចែកផ្លូវគ្នាដើរទៅ ដោយគ្មានកូនជាប់ សាច់ឈាមជាមួយគ្នាទេ។ នាងទំនេរកាយមួយរយៈខ្លី ក៏រកបានប្តី ទី២ឈ្មោះចិន អាយុស្របាលគ្នា ស្រុកកំណើតនៅខេត្តកំពង់ធំ ក៏យក គ្នាដោយមិនបានសែនព្រេន ឬរៀបការអ្វីឡើយ ដោយបង្កើតបាន កូនស្រីមួយជាចំណងនិស្ស័យ។ ប្តីទី២នេះ ក៏មិនខុសពីប្តីទី១នោះឡើយ ជាមនុស្សអាត្មានិយម ពូកែតែខាងស៊ីផឹក តែមិនពូកែរកលុយ ទើបនាងទ្រាំបានតែ២ឆ្នាំ ក៏លែងលះគ្នាទៀតទៅ។ នាងក៏ធ្លាក់ខ្លួនជាស្រីមេម៉ាយ២ភ្លើង មិនអាចចេញទៅ រកស៊ីឯណាកើតទេ ព្រោះកូននៅតូច ក៏ដេកចាំសំណាងក្រែងរកប្តីទី៣ ជាមនុស្សល្អល្មមពឹងពាក់បាន។

លោកឈួន សារឿន

នាងដុះ និមល បន្តទៀតថា ជារៀងរាល់យប់ នាងតែងយកទូរស័ព្ទទាក់ទងរកមិត្តភក្តិ ស្រាប់តែច្រឡំលេខ ចុចចូលទូរស័ព្ទបុរសម្នាក់ឈ្មោះឈួន សារ៉ែម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅខេត្តស្វាយរៀង ក៏មានទំនាក់ទំនងនឹងគ្នារហូតត្រូវដងត្រូវផ្លែ។ នាងក៏ដឹងដែរថា គេជាបុរសមានប្រពន្ធនិងកូន២នាក់ទៅហើយ ប៉ុន្តែនាងក៏ មិនសុខចិត្តមេម៉ាយយូរជូរមាត់នោះដែរ ឱ្យតែប្រុសនានារកស៊ីចិញ្ចឹម ត្រូវតែទទួលដោយដៃទាំងពីរ។ ជាចុងក្រោយ បុរសនេះបានស្កាត់មកជួបនាង ហើយបន្ទាប់ពីឃើញមុខនាង គេស្រលាញ់នាងដកចិត្តមិនរួច ឯរូប នាងក៏មាននិស្ស័យជាមួយគេដែរ ទើបសម្រេចយកគ្នាជាប្តីប្រពន្ធអត់ខាន់ស្លាទៅ។ នាងទើបនឹងបានប្តីទី៣ នេះ ជាងកន្លះខែប៉ុណ្ណោះ ទោះបីជាប្រពន្ធដើមរបស់គេ ទូរស័ព្ទមកជេរបញ្ចោរយ៉ាងណា ក៏នាងមិនឈឺដែរ ឯប្តីនេះ ទោះជាប្រពន្ធដើមហៅទៅវិញ ក៏មិនព្រមទៅ តែអនាគតយ៉ាងណានោះ នាងមើលមិនឃើញទេ។

នាងដុះ និមល និងកូន

ដោយឡែក លោកឈួន សារឿន អាយុ៣២ឆ្នាំ ជាប្តីទី៣ បនាឱ្យដឹងថា លោកមានស្រុកកំណើត នៅភូមិឈូក ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ លោកមានប្រពន្ធដើមឈ្មោះឈិន ភឿន អាយុ៣០ឆ្នាំ មានកូន២នាក់ ប្រកបរបរធ្វើស្រែ និងធ្វើកម្មករសំណង់ ប៉ុន្តែតាំងពីចាប់ដៃគ្នាមក លោករកសុភមង្គលមិនឃើញទេ ព្រោះប្រពន្ធនោះ កាចឆ្នាសពេក ធ្វើឱ្យលោកនឿយណាយ។ ថ្ងៃមួយ លោកបានទទួលទូរស័ព្ទច្រឡំលេខពីនាងដុះ និមល ដែលជាមេម៉ាយ២ភ្លើង និងមានកូន១ ធ្វើឱ្យលោក អាណិតនាងជាពន់ពេក។ នាងមានពាក្យសម្តីពីរោះ ផ្អែមល្ហែមណាស់ បានចងចិត្តលោកឱ្យភ្លេចអ្វីៗ ទាំងអស់ ថ្ងៃណាក៏ចង់ឆ្លើយឆ្លងជាមួយនាងដែរ។

លោកឈួន សារឿន និងនាងដុះ និមល ជាមួយកូន

លោកឈួន សារឿន បន្តទៀតថា ក្រោយមក ដោយសារប្រពន្ធធ្វើទុក្ខពេក លោកក៏សម្រេចចិត្ត ស្កាត់មកជួបនាងនិមល ដល់ផ្ទះរបស់នាង ហើយ គ្រាន់តែបានជួបគ្នា ធ្វើឱ្យក្តីស្រលាញ់ដែលមានខ្លះ ហើយនោះ កាន់តែកើនទ្វេឡើង ក៏ស្រុះស្រួលបបួល គ្នាផ្សំដំណេក ក្នុងយប់នោះទៅ។ បន្ទាប់ពីបានខ្លួននាងមេម៉ាយ២ភ្លើងនេះមក លោកទទួលស្គាល់ថា និមល ប្រសប់ថ្នមប្រុសណាស់ នាងចេះជួយចូកជួយ ចែវ មិនដូចប្រពន្ធមុននោះទេ ធ្វើឱ្យលោកបាក់ចិត្ត ងាប់ក្រឡាទៅណាចោលនាង មិនរួច។ ទោះជាប្រពន្ធ ដើមទូរស័ព្ទហៅទៅវិញ និងជេរប្រទេចនាងនិមល យ៉ាងណាក៏គ្មានប្រយោជន៍ដែរ លោកសុខចិត្តស្លាប់ រស់ជាមួយប្រពន្ធក្រោយនេះហើយ ដោយដើរធ្វើ សំណង់រកលុយមកចិញ្ចឹមនាង។

នាងដុះ យិន អាយុ៣៨ឆ្នាំ ជាបងនាងនិមល បានឱ្យដឹងថា នាងមិនដឹងជាឃាត់យ៉ាងណាទេ បើប្អូនស្រីទាក់បានប្តីទី៣ ដែលជាប្តីគេយ៉ាងនេះ។ និមល ជាស្រីមេម៉ាយ២ភ្លើង ត្រូវការប្តីរកស៊ីចិញ្ចឹម តែចំពោះអនាគតយ៉ាងណានោះ មើលមិនឃើញទេ ព្រោះជួនកាលពេលយកនាងនិមល ឆ្អែតឆ្អន់ បុរសនេះ ក៏ដាក់មេផាយទៅយកប្រពន្ធដើមវិញក៏ថាបាន។

នាងដុះ យិន

រីឯអ្នកស្រុកមួយចំនួនបានឱ្យដឹងស្របគ្នាថា នាងនិមល ពិតជាមានក្រយៅស្វាក់ប្រុសតែម្តង ព្រោះគ្រាន់តែនាងអន្ទងតាមទូរស័ព្ទ ក៏អាចទាក់ទងបានប្តី ទី៣ មកកំដរអារម្មណ៍ និងជួយរកស៊ីចិញ្ចឹមនាង និងកូនយ៉ាងស្រួល។
គួរបញ្ជាក់ថា ឆាកជីវិតមនុស្សមិនទៀងទាត់ទេ ចំណែកសេចក្តីស្នេហារបៀបនេះ ក៏មិនទៀងទាត់ដែរ ខណៈដែលបុរសម្នាក់មិនដឹងប្រវត្តិពិតយ៉ាងម៉េចផង ឮតែការរៀបរាប់ តើគួរឱ្យទុកចិត្តម្តេចបាន? ហេតុនេះ ឆាកជីវិតនាងនិមល អាចនឹងប្រែប្រួលទៀត បើសិន ជានាងមិនចោលក្បួនផ្លាស់ប្តូរប្រុសតាំងពីនាងនៅ ជាស្រីខារ៉ាអូខេ តែបើនាងស្មោះត្រង់នឹងប្តីទី៣នេះ ហើយព្យាយាមដោះស្រាយយ៉ាងណាឱ្យមានខាន់ស្លា ត្រឹមត្រូវ ទើបធានាថា ជីវិតនាងនឹងមិនប្រែប្រួលឡើយ…”៕

RELATED ARTICLES