Thursday, March 28, 2024
Homeព័ត៌មានជាតិថៃបានប្រពន្ធខ្មែរ ជាប់ស្នេហ៍ងាកមិនរួច

ថៃបានប្រពន្ធខ្មែរ ជាប់ស្នេហ៍ងាកមិនរួច

ស្ត្រីម្នាក់នេះ អះអាងថា គាត់ជាមេម៉ាយចេញ ទៅរកស៊ីស្រុកថៃ ស្រាប់តែបុរសថៃ ជាពោះម៉ាយលង់ស្នេហ៍គាត់ងាកមិន រួច។ ទោះជាគាត់វិលមកនៅស្រុកខ្មែរ ក៏ប្តីថៃ នេះ តាមមករួមរស់ជាមួយដេញ យ៉ាងណាក៏មិនទៅដែរ រហូតដល់អ្នកស្រុកមួយចំនួនថា គាត់មានប្រជ្រុយស្នេហ៍ ឬក្រយៅស្វាក់ប្រុស តែគាត់ថា គ្មានចេះស្នេហ៍ស្នូកអីទេ គ្រាន់តែប្រសប់ប៉ុណ្ណោះ….។

អ្នកស្រីគង់ នី អាយុ៤៥ឆ្នាំ រស់នៅភូមិសែនភាស ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដែលមានប្តីជាជនជាតិថៃ បានរៀបរាប់ថា រូបគាត់ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) ឪពុកម្តាយនៅរស់ទាំងពីរ តែពួកគាត់ ចាស់ជរាអស់ហើយ។ គាត់រៀនសូត្រចេះតិចតួចស្តួចស្តើងណាស់ ព្រោះគិតរឿង ធ្វើស្រែធំជាងការរៀនសូត្រ រហូតចូលវ័យក្រមុំ ឪពុកម្តាយក៏ទុកដាក់ឱ្យមានប្តីឈ្មោះ ណេង អ៊ន នៅស្រុកភូមិជាមួយគ្នា និងបានរៀបការតាមប្រពៃណីខ្មែរ។ គាត់ និងប្តីនោះរួមរស់ជាមួយគ្នាជាង១០ឆ្នាំ បង្កើតបានកូន៣នាក់ ក៏ជួបភាពរកាំរកូស លែងលះគ្នាទៅ ដោយរូបគាត់ត្រូវទទួល បន្ទុករកស៊ីចិញ្ចឹមកូនតែម្នាក់ឯង។ ក្រោយមក ដោយសារជីវភាពយ៉ាប់យ៉ឺនពេក គាត់បានផ្ញើកូនឱ្យឪពុកម្តាយថែរក្សា រួចក៏ចេញទៅរកស៊ីនៅប្រទេសថៃ ក៏ជួបប្តីទី២ ជាជនជាតិថៃ ទំនងជាគូព្រេងតែម្តង ព្រោះប្តីចាស់នេះ បែកប្រពន្ធ១យប់មិនបានផង។

អ្នកស្រីគង់ នី និងលោកតាថង ដាវ ជាមួយកូនៗ

អ្នកស្រីគង់ នី បន្តទៀតថា កាលគាត់ទៅដល់ទឹកដីថៃ ដំបូងតែងដើរស៊ីឈ្នួលបេះផ្លែឈើតាមចម្ការធំៗ និងចាំចម្ការឱ្យគេ ជាចៃដន្យក៏បានជួបបុរសថៃ ឈ្មោះថង ដាវ អាយុបងគាត់ដល់ទៅ១៥ឆ្នាំឯណោះ។ បុរសនេះ មានស្រុកកំណើតនៅភូមិកូនបាឡាត់ ឃុំស៊ីសាកេត ស្រុកបាឡាត់ ខេត្តស៊ីសាកេត ជាប់នឹងខេត្តព្រះវិហារ របស់ខ្មែរ។ លោកដាវ ជាបុរសពោះម៉ាយកូន១ លែងលះ ប្រពន្ធជាអ្នកបើកបរត្រាក់ទ័រភ្ជួរដីចម្ការ ឱ្យថៅកែថៃ ដូចគ្នា។ គ្រាន់តែបានឃើញ គាត់ជាស្រីមេម៉ាយស៊ីឈ្នួលបេះផ្លែឈើ បណ្តាលឱ្យបុរសថៃ លង់ស្នេហ៍មួយរំពេច លុះពេលឈប់សម្រាក ក៏មកទាក់ទងគាត់។ កាលនោះ លោកដាវ មិនចេះនិយាយខ្មែរទេ ឯរូបគាត់ចេះភាសាថៃខ្លះៗល្មមប្រើការបាន ក៏ត្រូវដងត្រូវផ្លែគ្នាមួយរំពេច។ រាត្រីនោះ បុរសថៃ បានលូនចូលមុងរបស់គាត់ អង្វរសុំរួមរ័ក ព្រោះខានយូរ ជូរមាត់ ចំណែកគាត់អត់ប្តីយូរដែរ ក៏ព្រមព្រៀងគ្នាទៅ។

លោកតាថង ដាវ

អ្នកស្រីគង់ នី បន្តរឿងស្នេហាទៀតថា កាលត្រូវរ៉ូវគ្នានោះ គាត់មានអាយុ៣៥ឆ្នាំ ចំណែកលោកដាវ មានអាយុ៥០ឆ្នាំ កំពុងពេញកម្លាំង បណ្តាលឱ្យភ្លេចអ្វីៗទាំងអស់។ ពួកគាត់យកគ្នាលួចលាក់ក្នុងចម្ការមៀន បាន២ខែ ទើបបានរៀបចំសែនព្រេនតាមប្រពៃណីជនជាតិថៃ ក្នុងទឹកដីថៃ តែម្តង។ តាំងពីបានគ្នាជាប្តីប្រពន្ធ ពេញសិទ្ធិមក ប្តីថៃ ស្រលាញ់គាត់ងប់ងុល បាត់មួយយប់មិនបានទេ រហូតបង្កើត បានកូន២នាក់ (ស្រី១ ប្រុស១) ជាចំណងនិស្ស័យ។ លុះគាត់នឹកស្រុកពេក ក៏សុំប្តីវិលមកវិញ តែប្តីមិនអាចដេកបែកគ្នាបាន ក៏សុំគាត់តាមមកជាមួយ លុះអ្នកស្រីខ្ជិលវិលទៅវិញ ក៏ដេញប្តីទៅស្រុកវិញម្នាក់ឯងចុះ។ ដឹងអី! ប្តីទៅបាត់ប៉ុន្មានថ្ងៃក៏វិលមកវិញ មានទាំងលិខិតឆ្លងដែន សុំមក រស់នៅទឹកដីខ្មែរ ដោយស្របច្បាប់ ដោយសន្យាថា មិនទៅណាចោល ប្រពន្ធទេ គឺសុខចិត្តស្លាប់រស់ជាមួយប្រពន្ធ លើទឹកដីខ្មែរហើយ។

អ្នកស្រីគង់ នី

ដោយឡែក លោកតាថង ដាវ អាយុ៦០ឆ្នាំ ជាប្តី ចេះនិយាយ ភាសាខ្មែរ រដឺនៗតាមសំនៀងថៃ បានប្រាប់អ្នកយកព័ត៌មានយើងថា គាត់មានប្រពន្ធមុនឈ្មោះឈីវ អាយុជាង៥០ឆ្នាំ ជាជនជាតិថៃ ដូចគ្នា ដោយបង្កើតបានកូនប្រុសម្នាក់ សព្វថ្ងៃមានគូស្រករហើយ។ បន្ទាប់ពី មានរឿងលែងលះប្រពន្ធទី១នោះមក គាត់រាងចាលមិនយកប្រពន្ធទៀតទេ តែងប្រកបរបរបើកត្រាក់ទ័រភ្ជួរដីឱ្យម្ចាស់ចម្ការធំៗ។ ថ្ងៃមួយគាត់កំពុងបើក ត្រាក់ទ័រ ស្រាប់តែក្រឡេកទៅឃើញនារីខ្មែរម្នាក់ អាយុ៣៥ឆ្នាំ កំពុងបេះមៀន ទើបគាត់ពន្លត់គ្រឿងយន្ត ដើរ ទៅសួរនាង។ កាលទាក់ទងគ្នាដំបូងនោះ គាត់មិនចេះភាសាខ្មែរទេ ចំណែកនាងនី ចេះថៃ បន្តិចបន្តួច ក៏ធ្វើកាយវិការភាសា គ

ផ្សំផង ក៏ត្រូវរ៉ូវគ្នាមួយរំពេច។ យប់នោះ គាត់ស្គាល់កន្លែងនាងច្បាស់ ដែលទៅដេក ចាំចម្ការឱ្យគេ ជាមួយកម្មករ-កម្មការិនី ខ្មែរមួយចំនួន ក៏លូនចូលមុងរបស់នាង រួចអង្វរសុំរួមរ័ក ព្រោះខានយូរហើយ តាំងពីលែងប្រពន្ធមក។ ហេតុតែមាននិស្ស័យ នាងនី ក៏យល់ព្រមបើកដៃឱ្យ គាត់បានស្គាល់រសជាតិតណ្ហាជាមួយស្រីខ្មែរម្នាក់។ គាត់ទទួលស្គាល់ថា ប្រពន្ធខ្មែរ នេះប្រសប់ថ្នមប្តីជាងប្រពន្ធថៃ ឆ្ងាយណាស់ ទើប គាត់បែកពីនាងមួយយប់មិនបានទេ លុះនាងវិលមក ស្រុកខ្មែរវិញ គាត់ស៊ូតាមរស់ក្បែរនាងជារៀងរហូត មិនវិលទៅថៃវិញទេ។ សព្វថ្ងៃកុំតែប្រពន្ធប្រើថ្នាំអូខេ កុំអីមានកូនខ្ចីទៀត ព្រោះគាត់ជាប្តីនៅខ្លាំងគួរសមដែរ ទាស់ត្រង់ជីវភាពយ៉ាប់បន្តិច ដោយនៅស្រុកខ្មែរ ពិបាករកការងារធ្វើ។

លោកយាយចាន់ សុន

លោកយាយចាន់ សុន អាយុ៧០ឆ្នាំ លោកមាស លេង អាយុ៥៦ឆ្នាំ និងអ្នកស្រីធី គីម អាយុ ៥៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងស្របគ្នាថា គ្រួសារប្រពន្ធខ្មែរ ប្តីថៃនេះ ស្រលាញ់គ្នាណាស់ មិនដែលបែកគ្នាទេ។ សព្វថ្ងៃ បុរសថៃ ដែលធ្លាប់បើកត្រាក់ទ័រ ងាក មកប្រកបរបរធ្វើស្រែចម្ការវិញ ជាពិសេស បុរសជាប្តី នោះមិនដែលមានទំនាស់អ្វីជាមួយអ្នកភូមិណាទេ។

លោកមាស លេង

គួរបញ្ជាក់ថា ករណីអ្នកស្រីនី រកបានប្តីថៃ នេះ ត្រូវបានអ្នកស្រុកនិយាយលេងសើចថា មកពីអ្នកស្រី មានប្រជ្រុយស្វាក់ បានជាអាចទាក់បានប្តីថៃ នាំមក នៅជាមួយ ងាកទៅណាមិនរួច។ សម្ព័ន្ធស្នេហ៍នេះ អាចថា មកពីភាគីប្រពន្ធចិត្តត្រជាក់មិនចេះរម៉ាំងរម៉ោក ដាក់ប្តី ជាពិសេស ចេះថ្នមប្តីចាស់ឱ្យងាប់ក្រឡាក្រោម កន្ទុយក្បិនតែម្តង។

អ្នកស្រីធី គីម

បើសិនជាប្រពន្ធមិនប្រសប់ថ្នម ឬកាចឆ្នាសឆ្នើមនោះ ច្បាស់ជាប្តីថៃ រត់ទៅស្រុកវិញ បាត់ទៅហើយ មិនមែនសុខចិត្តនៅតស៊ូស៊ី អត់ស៊ីឃ្លានជាមួយប្រពន្ធយ៉ាងនេះទេ។ ប្តីប្រពន្ធរបៀបនេះ គួរយកជាគំរូសម្រាប់ យុវវ័យឯទៀត ដែលបានប្តី ប្រពន្ធខុសជាតិសាសន៍គ្នា គឺអ្វីៗស្រេចលើការយោគយល់គ្នា ចេះថ្នមស្នេហ៍ ទើបស្នេហ៍គង់វង្សជាអមតៈ…”៕

RELATED ARTICLES