Monday, December 23, 2024
Homeព័ត៌មានជាតិទុកប្តី និងកូនចោល បោលតាមពូញៀនអាប៉ោង

ទុកប្តី និងកូនចោល បោលតាមពូញៀនអាប៉ោង

ព្យុះកាមកិលេស កាលបើវាបោកបក់ប៉ះ បុគ្គលណា បុគ្គលនោះនឹងក្លាយជាកញ្ឆះតណ្ហា មិនខានឡើយ សូម្បីតែសាច់ឈាមឯង ក៏យកគ្នាបំប៉នតណ្ហាដូចសត្វតិរច្ឆាន។ យ៉ាងណាមិញ បុរសអភ័ព្វស្នេហ៍ម្នាក់នេះ បានប្រាប់ទាំងឈឺចាប់ថា ប្រពន្ធជាទីស្រលាញ់របស់គាត់ ពេលប្តីធ្លាក់ខ្លួនឈឺបម្រើតណ្ហានាងមិនដិតដល់ ក៏បោលតាមពូថ្លៃញៀនអាប៉ោង ភ្លេចប្តី និងកូន…។

លោកសួន ប៉ក់ អាយុ៣៨ឆ្នាំ រស់នៅភូមិ ត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកកើតក្នុងគ្រួសារកសិករមួយ មានជីវភាពត្រឹមតែ គ្រប់ប៉ុណ្ណោះ។ កាលពីឆ្នាំ២០០២ លោកមាន ទំនាក់ទំនងស្នេហាជាមួយនាងក្រមុំម្នាក់ឈ្មោះប៉ុល ចន្ថា សព្វថ្ងៃ អាយុ៣២ឆ្នាំ ក៏ជម្រាប ឪពុកម្តាយឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី ប៉ុន្តែ ត្រូវមេបាខាងស្រីបដិសេធ ព្រោះលោកក្រពេក មិន អាចរកលុយថ្លៃផ្ទះ ថ្លៃបណ្ណាការ តាមការបង្គាប់បាន។ ទោះជាម៉ែឪនាងបដិសេធយ៉ាងណា ក៏នាងចន្ថា នៅតែស្មោះត្រង់នឹងលោកជាសង្សារជានិច្ច រហូតហ៊ាន ប្រគល់ព្រហ្មចារីជូនលោកដោយគ្មានលក្ខខណ្ឌ បន្ទាប់មក ក៏សម្រេចចិត្តរួមរស់ជាមួយគ្នាក្នុងនាម ជាប្តីប្រពន្ធ អត់ខាន់ស្លា។ នៅពេលនាងចន្ថា មាន ផ្ទៃពោះកូនស្រីច្បង ទើបចាស់ទុំទាំងសងខាង សម្របសម្រួលគ្នា ចែកដីឱ្យសង់ខ្ទមរស់នៅ កវែកកឆ្នាំង តែពួកគាត់គ្មានលទ្ធភាពរៀបការឱ្យទេ គ្រាន់តែសែនព្រេនបន្តិចបន្តួច អង្វរខ្មោចកុំឱ្យខឹងប៉ុណ្ណោះ។

លោកសួន ប៉ក់ និងនាងប៉ុល ចន្ថា

លោកសួន ប៉ក់ បន្តទៀតថា លោក និងភរិយា បន្តរួមរស់ជាមួយគ្នា បានជាង១០ឆ្នាំ ដោយបង្កើតបានកូន៣នាក់ សុទ្ធតែស្រី ដោយមានកូនភ្លោះស្រី២ ជាទីស្រលាញ់ពេញបេះដូង។ លោក ប្រកបរបរធ្វើស្រែចម្ការ និងសំណង់ ចំណែក ប្រពន្ធជាកម្មការិនីរោងចក្រ ព្រលឹមចេញ ព្រលប់ចូល។ ថ្ងៃមួយ ពេលព្រលឹមស្រាងៗ លោកបង្កាត់ភ្លើងដាំបាយ ដើម្បីវេចខ្ចប់ឱ្យប្រពន្ធ យកទៅរោងចក្រ ក៏ច្រឡំចាក់ប្រេងសាំងបង្កាត់ភ្លើង ដោយស្មានថា ប្រេងកាត ស្រាប់តែអណ្តាតភ្លើង ឆាបឆេះរលាកពេញខ្លួន ត្រូវបងប្អូន និងប្រពន្ធដឹក ទៅព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាបានជាសះស្បើយ ក៏លោកនៅតែមានស្លាកស្នាមពេញខ្លួន ឯកម្លាំងតណ្ហា ក៏ស្រកស្រុតមិនអាចបម្រើប្រពន្ធរឿងលើគ្រែបាន ខ្លាំងដូចពីមុនទេ។ ភាពទន់ខ្សោយខាងផ្លូវភេទនេះ បណ្តាលឱ្យប្រពន្ធតណ្ហាក្រាស់ មួម៉ៅក្តៅក្រហាយ មិនចង់ដេកជិតប្តី ជួនកាលនាងទៅធ្វើការបាត់ពីរ បីថ្ងៃ ទើបចូលផ្ទះក៏មាន។

លោកសុខ ហេង

លោកសួន ប៉ក់ បន្តទៀតថា លោកមានម្តាយមីង ម្នាក់ឈ្មោះសួន សំអាត ប្តីគាត់ឈ្មោះសុខ ហេង អាយុជាង៥០ឆ្នាំ។ ពូសាច់ថ្លៃនោះ ជាមនុស្សញៀន អាប៉ោង និងខិលខូចរឿងស្រីញីលេខ១ ឱ្យតែគាត់លេង ឈ្នះម្តងៗ តែងយកលុយទៅឱ្យប្រពន្ធលោកស៊ីចាយ ជាហូរហែ ជារបៀបហុតទឹកសម្លឹងកាក។ លុះឱ្យ យូរៗទៅឈានដល់ដំណាក់កាល “ទទួលរបស់ ស្រណោះដៃ” ក៏ស្រាប់តែពូថ្លៃ និងក្មួយស្រីនោះ ត្រូវរ៉ូវគ្នាលេងល្បែងស្នេហ៍រោលរាល ភ្លេចកូនភ្លេចប្តី។ លោកបានដឹងរឿងនេះ ដោយសារអ្នកជិតខាងលួច ប្រាប់ ក៏ព្យាយាមណែនាំប្រពន្ធដែរ តែនាងមិនយកត្រចៀកស្តាប់។ លុះចូលមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក ប្រពន្ធស្លៀកពាក់ស្អាតបាត

លោកសួន ប៉ក់ បង្ហាញស្នាមភ្លើងឆេះ

ទាញដៃកូនស្រីភ្លោះទាំងពីរចេញពីផ្ទះ។ ពេលនោះលោកស្មានថា ប្រពន្ធនាំកូនទៅញ៉ាំបបរ ដឹងអី! ស្រាប់តែទៅបាត់រហូត តាមរកយ៉ាងណាក៏មិនឃើញ លុះទៅសួរម្តាយមីង ទើបដឹងថា ប្តីគាត់ និងប្រពន្ធលោក ជាពូ និងក្មួយសាច់ថ្លៃ បានពង្រត់គ្នាទៅសោយសុខឯទីក្រុងបាត់ទៅហើយ។ លោកឈឺចាប់តូចចិត្តនឹងវាសនាខ្លាំងណាស់ ហេតុតែខ្លួនបាត់បង់សមត្ថភាពផ្លូវភេទ ទើបប្រពន្ធហ៊ានក្បត់ តែទោះយ៉ាងណាក៏លោកនៅតែអាចរកស៊ីបានខ្លះៗ ដើម្បីរកប្រាក់ចិញ្ចឹមកូនស្រីច្បង អាយុ១៣ឆ្នាំ កំពុងជាប់រៀន សូត្រ និងរង់ចាំមើលផ្លូវប្រពន្ធក្បត់នោះជានិច្ច។ លោកមិនយកវិញទេ តែចង់ឃើញទឹកភ្នែកនាង ដែលរត់ទៅ តាមមនុស្សញៀនអាប៉ោង ច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់ មិនខានឡើយ។

កូនស្រីភ្លោះទាំង២ ដែលប្រពន្ធយកទៅជាមួយ

អ្នកស្រីសួន សំអាត អាយុ៥២ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា គាត់មានប្តីឈ្មោះសុខ ហេង អាយុស្របាល គ្នា និងមានកូន៣នាក់សុទ្ធតែប្រុស។ កាលនៅក្រមុំ គាត់រស់នៅជាមួយបងស្រីបង្កើតឈ្មោះសួន ឌឿង (ម្តាយ លោកសួន ប៉ក់) តែងទៅស៊ីឈ្នួលលាងចានគុយទាវឱ្យគេ ក៏បានជួបប្តីឈ្មោះសុខ ហេង រស់នៅភូមិពេជមុនី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ឈានដល់ ការស្តីដណ្តឹង រៀបការតាមប្រពៃណី។ លុះក្លាយជាប្តី ប្រពន្ធ ទើបដឹងថា ប្តីនេះជាអ្នកលេងជោក ញៀនអាប៉ោង និងខិលខូចរឿងស្រីញីខ្លាំងណាស់។ ជាចុងក្រោយ ប្តីកំហូចនេះបានពង្រត់នាងប៉ុល ចន្ថា ជាប្រពន្ធក្មួយទៅ បាត់ទុកឱ្យគាត់ឈឺចិត្តស្ទើរក្អួតឈាមស្លាប់ និងអាណិត ក្មួយប្រុសខ្លាំងណាស់ មិនគួរប្រពន្ធហ៊ានក្បត់។

ផ្ទះលោកសួន ប៉ក់ និងនាងប៉ុល ចន្ថា

លោកប៉ុល អាន អាយុ៦៧ឆ្នាំ ជាឪពុកចុង របស់ នាងចន្ថា បានឱ្យដឹងថា ទោះបីរូបគាត់ជាឪចុង ក៏តែងតែ អប់រំកូនស្រីនេះឱ្យស្មោះត្រង់នឹងប្តី កុំឃើញលុយគេឱ្យ ចេះតែស្រវាដៃ២។ ទីបំផុត នាងចន្ថា មានទៅស្តាប់គាត់ ឯណា នាងឈ្លក់ទឹកប្រាក់ឈ្នះអាប៉ោង ក៏រត់តាមពូថ្លៃ ជាមេអាប៉ោង ចោលប្តី និងកូនគ្មានអាល័យ។

លោកប៉ុល អាន

លោកយាយសួន ឌឿង អាយុ៦៦ឆ្នាំ ជាម្តាយ លោកសួន ប៉ក់, យុវជនសុខ ហ៊ីម អាយុជាង២០ឆ្នាំ និងនាងឌីន អាយុ១៩ឆ្នាំ ជាកូន និងកូនប្រសាលោក សុខ ហេង, លោកសួន ពាន អាយុ៣៦ឆ្នាំ ជាប្អូន លោកសួន ប៉ក់, លោកផុន ភឿន អាយុ៣២ឆ្នាំ ជា អ្នកជិតខាង, លោកតុប សុភន អាយុ៣៩ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា នាងប៉ុល ចន្ថា ដែល ឱបបង្វេចរត់តាមពូថ្លៃញៀនអាប៉ោងនោះ ចៀសមិន ផុតពីទឹកភ្នែកជូតក្បាលជង្គង់ រត់មកសុំទោសប្តីមិន ខាន តែមិនដឹងថា តើបុរសជាប្តីព្រមទទួលប្រពន្ធផិត ឬយ៉ាងណាទេ។

លោកផុន ភឿន
លោកយាយសួន ឌឿង
អ្នកស្រីសួន សំអាត

គួរបញ្ជាក់ថា ស្រីមានតណ្ហាក្រាស់ត្រូវការតែប្តី ដែលអាចបម្រើតណ្ហានាងបាន តែបើខ្សោយផ្លូវភេទ ច្បាស់ជានាងរកគូថ្មីមិនខាន។ ចំណែកអ្នកញៀនអាប៉ោង បើឈ្នះក៏ត្រូវការស្រីស្រា យកមកបង្គ្រប់ការ ចង់បានរបស់ខ្លួន ដោយមិនខ្វល់ថា ស្រីនោះជាប្រពន្ធ កូនអ្នកណាឡើយ។ ទោះជាយ៉ាងណាក៏យើងអាច សន្និដ្ឋានបានថា ពេលមានលុយអត់អីទេ តែបើអស់លុយ ឬលេងចាញ់សល់តែគូទខោ ច្បាស់ជាពូនោះ ធ្វើ បាបដៃគូស្នេហ៍របស់ខ្លួនមិនខាន ហើយដល់ពេលនោះ នាងចន្ថា នឹងភ្ញាក់ខ្លួនស្តាយកំហុស វិលមកលុតជង្គង់ សុំទោសប្តី ក៏អាចថាបាន…”៕

RELATED ARTICLES