Monday, December 23, 2024
Homeព័ត៌មានជាតិកូនស្រីរត់តាមប្រុសស្នេហ៍ ម៉ែតាមវ៉ៃ

កូនស្រីរត់តាមប្រុសស្នេហ៍ ម៉ែតាមវ៉ៃ

រឿងស្នេហាយុវវ័យសម័យនេះ មានប្រៃ មានជូរ គួរឱ្យចង់តាមដាន ដែលរឿងខ្លះមិនដែលឃើញសោះ បែរជាកើតឡើង។ ដោយឡែក នារីម្នាក់នោះ ជាមេម៉ាយកូន១ ក៏នៅតែថ្លៃដូចពេជ្រ មានកំលោះសុំស្នេហ៍ ឪម៉ែកាត់ថ្លៃដូចក្រមុំ តែដន្លងខាងប្រុស អត់លុយឱ្យក៏ជួបឧបសគ្គ លុះកូនស្រីរត់ ទៅនៅជាមួយប្រុសស្នេហ៍ ម៉ែក៏តាម វ៉ៃនាងផ្អើលអ្នកភូមិ…។

នាងជី ឌីណា អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងគឺជាកូនទី៤ ក្នុងចំណោមបងប្អូន៦ នាក់ ឪពុកឈ្មោះកង ស៊ីណាត អាយុ៥២ឆ្នាំ ម្តាយឈ្មោះរស់ សុខ អាយុ៥១ឆ្នាំ។ កាលពីតូច នាងរៀនសូត្របានត្រឹមបញ្ចប់បឋមសិក្សាក៏ឈប់ទៅ និងនៅតែ ផ្ទះជួយការងារស្រែចម្ការ ពុំដែលចេញទៅណាឆ្ងាយទេ។ លុះចូលដល់វ័យក្រមុំ ឪពុកម្តាយបានលើកនាងឱ្យមានប្តីឈ្មោះអ៊ូច អន ដោយបង្កើតបានកូនប្រុស១ សព្វថ្ងៃ អាយុ៧ឆ្នាំ ក៏ជួបភាពរកាំរកូសលែងលះគ្នាទៅ។ នៅពេលធ្លាក់ខ្លួនជាស្រីមេម៉ាយ ដោយអផ្សុកពេក នាងតែងចុចទូរស័ព្ទស្វែងរកមិត្តជាបន្តបន្ទាប់ ជាចៃដន្យ ក៏ទាក់ទងបានមិត្តប្រុសម្នាក់ឈ្មោះង៉ាន់ ទូច អាយុប្អូននាង៤ឆ្នាំ ស្រុកកំណើតនៅភូមិទ្រមែង ឃុំនារាយណ៍ ស្រុកខេត្តជាមួយគ្នា។ មុនដំបូង ការទាក់ទងជាលក្ខណៈ មិត្តភាពទេ លុះឆ្លើយឆ្លងគ្នាយូរៗទៅ ក៏ផុសជាសេចក្តីស្នេហាពេញបេះដូងទោះ ជានាងប្រាប់ថា ខ្លូនជាមេម៉ាយកូន១ ក៏កំលោះទូច នៅ តែស្នេហ៍ ព្រោះលង់វាចាដ៏ពីរោះស្រទន់របស់នាង។

លោកង៉ាន់ ទូច

នាងជី ឌីណា បន្តទៀតថា ទំនាក់ទំនងតាមខ្យល់ តែជាង១ខែប៉ុណ្ណោះ កំលោះទូច បានស្កាត់មកជួប នាងរឿយៗ បានទាំងឃើញកូនរបស់នាងទៀតផង ហើយគេថា ចង់ធ្វើជាឪពុកទី២ របស់កូននាង។ ពេលនោះនាងក៏ប្រាប់សង្សារថា បើស្រលាញ់នាងស្មោះ សូមប្រាប់ម៉ែឪឱ្យចូលស្តីដណ្តឹងតាមប្រពៃណីទៅ ទើបនាងហ៊ានឱ្យខ្លួនប្រាណ តែបើមិនចូលតាមប្រពៃណី នាងឱ្យកៀកតែស្មាខ្លះៗប៉ុណ្ណោះ។ ហេតុតែស្រលាញ់ នាងដល់ឆ្អឹង កំលោះទូច ក៏ទៅរំអុកម៉ែឪគេឱ្យចូល តាមទ្វារមុខ មិនលេងតាមទ្វារក្រោយនោះទេ ដែល ពេលនោះ ឪពុកម្តាយរបស់នាងបានបង្គាប់ថ្លៃផ្ទះ ចំនួន ៥លានរៀល។ ម៉ែឪខាងប្រុសក៏តថ្លៃថា នាងជាស្រី មេម៉ាយយកអីថ្លៃម៉្លេះ សុំចុះបន្តិចទៅ ស្រាប់តែម្តាយ នាងអួតថា នាងមេម៉ាយមែន តែដូចពេជ្រមិនទាន់ច្នៃ មិនអាចចុះថ្លៃបានទេ។ និយាយគ្នាចុះឡើង ស្រាប់តែ ចាស់ៗទាស់គ្នាប្រាវ ចែកផ្លូវគ្នាតែរៀងខ្លួន ធ្វើឱ្យសេចក្តីស្នេហាពួកនាងឈានដល់រនាំងឧបសគ្គ។
នាងជី ឌីណា បន្តទៀតថា ដោយខ្លាចខកប្តីជា លើកទី២ ទើបនាងសម្រេចចិត្តឱបបង្វេចរត់ទៅនៅ ជាមួយសង្សារ សាងស្នេហ៍ខុសប្រពៃណី បណ្តាល ឱ្យឪពុកម្តាយនាងខឹងសម្បាយ៉ាងខ្លាំង។ រំលងបាន១ខែ ម្តាយនាងបានហៅក្មួយៗបួនប្រាំនាក់ ឱ្យជូនគាត់ ទៅតាមនាង និងឡើងវ៉ៃនាងដល់លើផ្ទះសង្សារ ទៀតផង។ ពេលនោះ សង្សារក៏ទាញនាងចូលបន្ទប់ ចាក់សោពីក្រៅ កុំអីត្រូវម្តាយវាយស្លាប់ទៅហើយ តែទោះយ៉ាងណាក៏ម៉ែមិនទុកមុខមាត់ឱ្យកូនទេ គាត់ ជេរបញ្ចោរ ដាក់បណ្តាសានាង រួចក៏នាំគ្នាចេញបាត់ អស់ទៅ។ នាងមិនបានត្រឡប់ទៅផ្ទះជាមួយម្តាយទេ ដោយបន្តរួមរស់ជាមួយប្រុសថ្លៃមិនរាថយឡើយ ធ្វើឱ្យឪពុកម្តាយក្មេកព្រួយបារម្ភពីរឿងខុសច្បាប់ និង ខុសខ្មោច ក៏ទៅពិភាក្សាជាមួយឪពុកម្តាយនាង។

នាងជី ឌីណា និងកូន

នាងជី ឌីណា បន្តទៀតថា ពេលចរចាគ្នាលើក ទី២នេះ ម្តាយនាងក៏យល់ព្រមឱ្យពួកនាងយកគ្នាជា ប្តីប្រពន្ធ ដោយឯកភាពគ្នាមិនយកថ្លៃផ្ទះទេ តែឱ្យមក រៀបការខាងប្រុសវិញ ព្រោះអង្ករក្លាយជាបាយ គេដឹង ពេញភូមិទៅហើយ។ ទីបំផុត នាងនិងសង្សារត្រូវ បានរៀបការតាមប្រពៃណីនៅថ្ងៃទី១ ខែមិថុនា ខាង មុខនេះហើយ គឺខាងប្រុសចេញទាំងអស់ ព្រោះមិន បានថ្លៃផ្ទះ។ ចំពោះអនាគតយ៉ាងណានោះ នាងមើល មិនឃើញទេ ដោយសារដន្លងទាំងសងខាង ធ្លាប់ពាក់ មុខយក្ស ទោះជាពួកគាត់ស្រុះស្រួលគ្នា ក៏មិនទាន់ រលូនដែរ នៅតែលាក់កំហឹងតែរៀងខ្លួន។
លោកតាង៉ែត គេន អាយុ៧០ឆ្នាំ ជាឪពុកខាងប្រុស បានរៀបរាប់ទាំងឆ្ការដៃឆ្ការជើងថា ដន្លងស្រី របស់គាត់នោះខ្លាំងណាស់ បានតាមមកវ៉ៃកូនដល់ លើផ្ទះគេ ហើយជេរកូនរាលដាលដល់គាត់ គ្មានទុកមុខ មាត់ឱ្យអ្នកណាទេ។

ទោះជាដន្លងស្រីធ្វើខ្លាំង ក៏គាត់សុខចិត្តធ្វើខ្សោយទៅចុះ ព្រោះអាណិតកូនដែល ស្រលាញ់គ្នាហួសទៅហើយ ដោយបន្តការសម្រុះសម្រួលគ្នាដោយសន្តិវិធី។ ឥឡូវបានព្រមព្រៀងគ្នា អស់ហើយថា ត្រូវនាំកូនស្រីមករៀបការនៅផ្ទះគាត់ នៅសល់តែ ប៉ុន្មានថ្ងៃទៀតដល់ពេលវេលាហើយ ទោះជាខាត ឬចំណេញក៏ត្រូវតែរៀបការឱ្យខាងតែបាន។
អ្នកស្រីរិត សុខុម អាយុ៥២ឆ្នាំ ជាកូនប្រសា លោកតាង៉ែត គេន បានឱ្យដឹងថា រឿងរ៉ាវស្នេហានេះ ប្រទង់ប្រទាញខ្លាំងណាស់ គឺកាលម៉ែតាមវាយកូននោះ ឪពុកក្មេកគាត់បានអញ្ជើញមេភូមិ និងប៉ូលិស ប៉ុស្តិ៍មកធ្វើអន្តរាគមន៍ ខ្លាចមានការប្តឹងផ្តល់ពីបទចាប់ ពង្រត់ ឬចាប់រំលោភ តែពេលនេះស្រុះស្រួលគ្នាវិញ ហើយ ដោយគាត់ឃាត់ប្អូនថ្លៃស្រីឈ្មោះឌីណា មិនទាន់ ឱ្យទៅណាទេ រង់ចាំរៀបការរួចសិន ដើម្បីបញ្ចប់រឿង។

លោកតាង៉ែត គេន

ដោយឡែក លោកង៉ាន់ ទូច អាយុ២៤ឆ្នាំ ជាអនាគតប្តីនាងឌីណា យើងមិនអាចសុំការបំភ្លឺ បានឡើយ ព្រោះលោករវល់ចេញរកស៊ី តែក៏ដឹងថា កំលោះនេះលង់ស្នេហ៍មេម៉ាយ ងាកខ្លួនមិនរួចក៏បង្ខំ ឪពុកម្តាយឱ្យរៀបការ។

អ្នកស្រីរិត សុខុម

គួរបញ្ជាក់ថា នេះមកពីនាងជី ឌីណា ថ្លៃដូច ពេជ្រធ្លាក់ក្នុងភក់ជ្រាំ ពេលរើសលាងទឹកនៅតែថ្លៃ ដដែល ពោលគឺនាងធ្លាក់ខ្លួនមេម៉ាយកូន១ ទៅហើយ នៅតែកំលោះទូច លង់ស្នេហ៍ ឯម្តាយរបស់នាងក៏កាត់ ថ្លៃផ្ទះដល់ទៅ៥លាន ឃើញថា សម្បើមដែរ។ សម្រាប់ ប្រជារាស្ត្រនៅជនបទ លុយ៥លានរៀល មិនតិចទេ ព្រោះជួនកាល គូស្នេហ៍ខ្លះរកតែក្បាលជ្រូក១ សែនព្រេនមិនបានផង ក៏យកគ្នាអត់ខាន់ស្លា ដូច្នេះមកពី នាងឌីណា ថ្លៃដូចពេជ្រ បានជាកើតមានរឿងរ៉ាវផ្អើល អ្នកភូមិបែបនេះ…”៕

RELATED ARTICLES