ទឹម រដ្ឋា ចាប់ដៃប្រុសក្មេង Edwin លេង ”មនុស្សឆ្កួត”

ផលិតកម្ម LD Picture ដែលតែងតែអះអាងថា នឹងរកអ្វីឲ្យប្លែកៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួន ព្រោះការលេងដដែលៗ ជាសត្រូវនៃអ្នកទស្សនានោះ ស្រាប់តែពេលនេះ លោកលៀក លីដា បានដាក់សម្ពោធរឿងថ្មី ប្លែកទាំងចំណងជើងតែម្ដង គឺរឿង ”មនុស្សឆ្កួត” ដែលបានដាក់បញ្ចាំងបើកឆាកកាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅរោងកុន Legend ផ្សារ TK ទួលគោក ដោយមានតារាប្រុសស្រីជាច្រើនទៅចូលរួមអបអរសាទរ ហើយមានអ្នកខ្លះបានលាន់មាត់ភ្ញាក់ផ្អើលនឹងចំណងជើងរឿងនេះថែមទៀតផង។ ប៉ុន្ដែយ៉ាងណា ថៅកែផលិតកម្ម LD លោកលៀក លីដា បានអះអាងថា រឿងនេះមានការសម្រិតសម្រាំងខ្លាំងណាស់ ហើយការចំណាយថវិកាវិញ ក៏មិនតិចតួចអាចធ្វើទៅបានដែរ គឺអស់លុយធំតែម្ដង តែថៅកែរូបនេះបែរជាថា គ្មានរំពឹងក្នុងការចំណេញមកវិញទេ​។

លោកលៀក លីដា ដែលជាអតីតអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅផលិតកម្ម Rock បានវិវឌ្ឍខ្លួនទៅជាថៅកែខ្លួនឯងនោះ បានឲ្យដឹងថា ”ខ្ញុំមិនសង្ឃឹមថា រឿង ”មនុស្សឆ្កួត” នេះបានចំណេញប្រាក់នោះទេ ព្រោះយើងចំណាយច្រើនណាស់ទៅលើរឿងនេះ។ និយាយដោយត្រង់ទៅ ការដែលខ្ញុំធ្វើកុនមិនដែលគិតជាធំថា រំពឹងទៅប្រាក់ចំណេញនោះទេ គឺខ្ញុំចង់ឲ្យភាពយន្ដរបស់យើងបានរីកចម្រើនឡើងវិញ ទើបយើងចេះតែខិតខំរហូតមកដល់ពេលនេះ។ រឿង ”មនុស្សឆ្កួត” នេះ គឺយើងបានសម្រិតសម្រាំងខ្លាំងណាស់ ទាំងបច្ចេកទេស និងប្លង់ថតទាំងមូល ដើម្បីឲ្យរឿងទាំងមូលមានគុណភាពល្អ លើកស្ទួយវិស័យភាពយន្ដខ្មែរយើង”។

ថៅកែផលិតកម្ម LD បានបញ្ជាក់ដែរថា “រឿង ”មនុស្សឆ្កួត” នេះដាក់បព្ចាំងចាប់ពីថ្ងៃសម្ពោធនេះតទៅ ហើយវាជាកាដូមួយសម្រាប់អ្នកគាំទ្រ (Fan) របស់ LD នៅមុនដំណាច់ឆ្នាំចាស់ ២០១៧ និងឈានចូលឆ្នាំថ្មី ២០១៨ នេះ ហើយលោកសង្ឃឹមថា ទស្សនិកជនប្រាកដជាពេញពេញចិត្តនូវរសជាតិមួយបែបថ្មីទៀតរបស់ផលិតកម្ម LD Picture ព្រោះតាមរយៈការចេញ Trailer រឿង ”មនុស្សឆ្កួត” មុនដាក់បញ្ចាំងនេះឃើញថា ទស្សនិកជនមានការគាំទ្រច្រើនណាស់ ហើយពួកគាត់ថា នឹងមកចូលទស្សនារឿងនេះជាមិនខាន។

ក្រៅពីលោកយឹត មាសឧស្សាហ៍ ហៅ Edwin និងកញ្ញាទឹម រដ្ឋា ជាតួឯកនោះ រឿង ”មនុស្សឆ្កួត” ក៏មានការចូលរួមពីតារាសម្ដែងល្បីៗជាច្រើនដួងទៀតដែរ ដូចជា លោកទេព រិនដារ៉ូ , លោករិទ្ធី, DJ កាកា, ងួន សុបិន្ទ, នាយគ្រឺន ជាដើម ដែលផ្ទៃរឿងទាំងមូលបង្កប់ទៅដោយឈុតឆាកកំប្លុកកំប្លែងសើចពេញរោងកុនតែម្ដង ក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះ។

ចំណែកតារាល្បីៗដែលទៅចូលរួមអបអរសាទររឿង ”មនុស្សឆ្កួត” មានដូចជា អ្នកនាងយក់ ថិតរដ្ឋា និងស្វាមី ឃុំ ប៉ុណ្ណាដែត , សុខ សោម៉ាវត្តី , ប៉ែន ចំរ៉ុង , សួង សាខារ៉ានីត , សារ៉ាយ សក្ខណា​, បេប៊ី , ផាន់ណា ជាដើម។

លោកឃុំ ប៉ុណ្ណដែត ដែលជាស្វាមីអ្នកនាងយក់ ថិតរដ្ឋា បានឲ្យដឹងថា “លោកពេញចិត្តទស្សនាភាពយន្ដរបស់ផលិតកម្ម LD ព្រោះថាផលិតកម្មនេះមានមានបច្ចេកទេសល្អៗ សម្ភារៈទំនើប និងការប្រើពន្លឺភ្លើង ត្រូវទៅតាមបច្ចេកទេសការថតកុន ហេតុនេះហើយបានជាលោកមកទស្សនារឿងរបស់លោកលីដា នោះ។

ផលិតកម្ម LD បានវិវឌ្ឍខ្លួនពីការថតរឿងដុំដាក់បញ្ចាំងតាមរោងកុនទំនើបៗជាច្រើនមក បន្ថែមការផលិតរឿងភាគតាមទូរទស្សន៍ ដើម្បីប្រជែងជាមួយផលិតកម្មដទៃដែរ តាមរយៈការចាប់ដៃសហការជាមួយទូរទស្សន៍ PNN និង CTN កន្លងមក។ លោកលៀក លីដា ដែលចំណាយលុយអស់ទាំងដុំលើការផលិតរឿង ”មនុស្សឆ្កួត” ប៉ុន្តែបែរជាថា មិនសង្ឃឹមបានលុយហូរចូលមកវិញនោះ ធ្លាប់និយាយទាំងមោទនភាពថា លោកសប្បាយចិត្តណាស់ដែលពេលនេះ LD បានរីកចម្រើនបានប៉ុណ្ណេះ ព្រោះថា លោកផ្ដើមពីការបើកផលិតកម្មនេះដោយលុយខ្លួនឯងសុធសាធ មិនបានយកលុយពីឪពុកម្ដាយទេ គឺមានតែឡានអាកាមរីគូទប៉ោងកញ្ចាស់ លក់បើកផលិតកម្ម និងបានមានថ្ងៃនេះ ក្រោយពេលបានចំណេញលុយច្រើនរឿង ”អាបពាក់មួកសុវត្ថិភាព”។ ពេលនេះគេឃើញលោកថៅកែ LD លៀក លីដា មានលុយទិញរថយន្ដទំនើបម៉ាក AUDI តម្លៃជាង៧ម៉ឺនដុល្លារ និងរស់នៅផ្ទះវីឡាទោលយ៉ាងកាលីពតែម្ដង ដែលភាគច្រើនប្រាក់ទាំងនោះគេជឿថា លោកលីដា មានប្រភពចំណូលពីការផលិតភាពយន្ដនេះតែម្ដង៕