ភ្នំពេញ ៖ ខេត្តកំពតកាន់តែធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនា នៅរមណីយដ្ឋាននានាក្នុងខេត្តនេះកាន់តែច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោកសយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣ សីហានេះថា ខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ថ្មីៗកាន់តែច្រើន ដែលបានរៀបចំកាលពីឆ្នាំមុន និងឆ្នាំនេះ ជាក់ស្តែងសេវាកម្មទេសចរ ណ៍ថ្មីមួយនៅតំបន់ភ្នំសេដាឳន ត្រូវបានរៀបចំឡើងដោយជនបរទេស ដែលទាក់ទា ញភ្ញៀវនិយមឡើងចំណោតថ្មភ្នំកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តថា រមណីយដ្ឋាននេះទាក់ទាញភ្ញៀវទេសចរណ៍បរទេស ច្រើនជាងភ្ញៀវទេសចរណ៍ខ្មែរ ដែលមិនសូវហ៊ានឡើងចំណោតថ្មចោទៗ ដោយសារពួកគេខ្លាចគ្រោះថ្នាក់។
លោកបន្តថា រមណីយដ្ឋានភ្នំសេដាឳន មានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ជាភ្នំដែលគ្របដណ្តប់ដោយថ្មកំពស់ប្រមាណ៦០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋាននេះមានខ្សែពួរ សម្រាប់ភ្ញៀវតោនឡើងលើកំពូលភ្នំ ជាសេវាកម្មកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍បែបផ្សងព្រេង។លោកបន្តថា ខេត្តកំពតក៏ទើបមានរមណីយដ្ឋានជិះខ្សែពួរ ឆ្លងកាត់ព្រែកកំពត និងរមណីយដ្ឋាននៅតាមព្រែកកំពត ដែលភ្ញៀវទេសចរណ៍និយមទៅញុំាអាហារ គយគន់ទេសភាព និងចែវទូកកំសាន្តផងដែរ។
លោកសយ ស៊ីណុលបានបន្តថា ខេត្តកំពតមានរមណីយដ្ឋានសរុបចំនួន១៦កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង៩០ម៉ឺននាក់ក្នុងរយៈពេល៧ខែឆ្នាំនេះ ជាតួលេខស្ថិតនៅក្នុងសភាពទ្រឹងធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំងពេក ធ្វើឲ្យរមណីយដ្ឋានមួយចំនួនបានរីងទឹកអស់។
លោកហូ វណ្ឌីអគ្គលេខាធិកាសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា រយៈពេលពីរឆ្នាំចុងក្រោយនេះទេសចរណ៍នៅតំបន់ឆ្នេរ មានសភាពអ៊ូរអរជាងមុន ដោយសារការចូលកាន់តំណែងរបស់ឯកឧត្តមជា សុផារ៉ារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានរៀបចំផែនការ និងគោលនយោបាយទាក់ទងនឹងការគ្រប់គ្រងឆ្នេរ ការគ្រប់គ្រងកន្លែងលក់ចំណីអាហារ និងបរិស្ថានមានភាពច្បាស់លាស់ ពិសេសរៀបចំខ្លោងទ្វារចូលទស្សនាឆ្នេរកំសាន្តនានា នៅក្នុងខេត្តព្រះសីហនុ ហើយខេត្តកំពត និងខេត្តកែបក៏នឹងមានការអនុវត្តន៍ដូចគ្នានឹងខេត្តព្រះសីហនុផងដែរ។
លោកបន្តថា ការរៀបចំតំបន់ឆ្នេរឲ្យបានល្អ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិនោះទេ ប៉ុន្តែក៏អាចទាក់ទាញភ្ញៀវមកពីតាមច្រករបៀងក្នុងតំបន់ផងដែរ ដូចជា កន្លងមកក្រុមហ៊ុនទេសចរណ៍ថៃ បានដាក់ខេត្តកោះកុងចូលក្នុងកញ្ចប់ទេសចរណ៍មកទស្សនាតំបន់ឆ្នេរ ជាមួយនឹងឆ្នេរនៅប្រទេសថៃផងដែរ។លោកបន្តថា ឆ្នេរខ្សាច់ដទៃទៀត ដែលមានប្រវែងជាង៤៥០គីឡូម៉ែត្រពិតជាស្អាតណាស់ ធៀបជាមួយប្រទេសក្នុងតំបន់ ពិសេសឆ្នេរកោះរ៉ុង និងកោះរ៉ុងសន្លឹមពិតជាស្រស់ស្អាតណាស់ មិនចាញ់ឆ្នេរស្អាតនានានៅលើពិភពលោកនោះទេ”។
ទាក់ទងនឹងបញ្ហាប្រឈមនៅតំបន់ឆ្នេរ លោកហូ វណ្ឌីបានថ្លែងថា ការអភិវឌ្ឍនៅតាមបណ្តាកោះនានា មិនទាន់បានរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អប្រសើរនៅ ឡើយទេ ហើយកន្លែងខ្លះមានការបង្ហូរទឹកស្អុយចូលសមុទ្រ និងមានទុកកាកសំណល់បង្អួតភ្ញៀវទេសចរណ៍ទៀតផង។លោកបន្តថា បញ្ហាទាំងអស់នេះ ដោយសារការអភិវឌ្ឍន៍មិនមានការរៀបចំប្លង់មេឲ្យបានត្រឹមត្រូវ ដូច្នេះអាជ្ញាធរគួររៀបចំឲ្យមានប្លង់មេ និងផែនការច្បាស់លាស់ ដើម្បីទុករតនសម្បត្តិដ៏មានតំលៃនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕
ដោយ ៖ គង់ លាងហួរ