ទន្ទឹមនឹងការប្រកាសស្របគ្នាពីសំណាក់តំណាងក្រុមហ៊ុនធំៗដែលធ្វើការវិនិយោគទៅលើផលិតផលកាហ្វេថាកាហ្វេរបស់ប្រទេសកម្ពុជាមិនអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ព្រោះមានដាំដុះបានតិច ក្រសួងកសិកម្មក៏បានបញ្ចេញរបាយការណ៍បញ្ជាក់ថាវិស័យមួយនេះមានដំណើរថយក្រោយផងដែរ។ យ៉ាងក៏ដោយមានការរំពឹងថាចំនួនដែលបានធ្លាក់ចុះ នឹងមិនបន្តធ្លាក់ចុះទៀតទេ ដោយសារតែភាពជាក់ស្ដែងគឺពលរដ្ឋកាន់តែច្រើនបានងាកមកដាំដុះកាហ្វេវិញ បើទោះជាចំនួនអ្នកដាំ តិចជាងចំនួនអ្នកបោះបង់ដាច់ឆ្ងាយ។
លោកអ៊ាង សុផល្លែត អ្នកនាំពាក្យក្រសួងកសិកម្ម និងជាអនុរដ្ឋលេខាធិការបានអះអាងថា គិតត្រឹមចុងឆ្នាំ២០១៥កន្លងទៅ ផ្ទៃដីដាំដុះកាហ្វេនៅក្នុងប្រទេសកម្ពុជាសល់ត្រឹម ១២១ហិកតា ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១២ដែលកម្ពុជាមានការស្ទុះឡើនូវវិស័យនេះរហូតដល់២៣២ហិកតា។ លោកថានេះជាតួលេខបង្ហាញពីការចុះថតរហូតដល់៥០ភាគរយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១៦ថ្មីៗ លោកក៏កត់សម្គាល់ថាមានការដាំដុះកាហ្វេខ្លះៗមកវិញផងដែរ ដោយគ្រាន់តែចំនួនអ្នកដាំនៅមានកម្រិតបើធៀបនឹងអ្នកដកចោល។ លោកហេតុផលនៃចុះថតគឺ ដោយសារតែដំណាំកាហ្វេជាប្រភេទដំណាំដែលពឹងទាំងស្រុងឡើបញ្ហាអាកាសធាតុ ដែលនៅកម្ពុជាពេលខ្លះក៏អំណោយផល ហើយពេលខ្លះក៏មិនសូវអំណោយផលដែលធ្វើអោយកសិករទទួលបានផលមិនច្បាស់លាស់។ លោកថាប្រសិនទីតាំងដែលដាំដុះកាហ្វេមានសីតុណ្ហភាពក្ដៅឆ្លាស់គ្នានឹងត្រជាក់ នោះទិន្នផលកាហ្វេនឹងបានផ្លែច្រើន ប៉ុន្តែបើក្ដីពេក ត្រជាក់ពេក ឬសភាពនៃបរិយាការមិនសូវច្បាស់លាស់ គឺមានន័យថាដំណាំកាហ្វេ នឹងមិនសូវបានផលនោះឡើយ។ ក្នុងនោះតម្លៃលក់ចេញក៏សុទ្ធតែជាមូលហេតុដែលធ្វើអ្នកដាំមិនសូវចង់បង្កបង្កើនផល និងចង់បន្តការថែទាំលើវិស័យនេះផងដែរ ដោយសារតែបញ្ហារឿងទីផ្សារចង្អៀតនោះ។ លោកវិស័យដាំកាហ្វេនៅមិនទាន់ប្រសើរតាមការចង់បានទេ បើទោះជារដ្ឋាភិបាលព្យាយាមស្វែងរកច្រកចេញដើម្បីអោយមានការកុម្ម៉ង់កាហ្វេពីកម្ពុជា ដើម្បីជួយអោយកាហ្វេមានហាងឆេងបន្ថែមពីក្នុងស្រុក។ អ្នកនាំពាក្យរូបនេះបន្តហេតុផលកាហ្វេបរទេសម្រុកចូលខ្លាំងពេកក៏ជាកត្តាធ្វើអោយតម្លៃកាហ្វេនៅកម្ពុជាទៅមុខមិនរួចផងដែរ។ ប៉ុន្តែលោកថាកម្ពុជាមិនអាចបិទចោលទីផ្សារសេរីក្នុងការនាំចូលបានទេ ដោយសារតែភាពជាក់ស្ដែងគឺកាហ្វេកម្ពុជាក៏មិនគ្រប់តម្រូវការ ដែលបណ្ដាលអោយកម្ពុជាត្រូវតែបើកទីផ្សារអោយមានការនាំចូលនូវកាហ្វេបរទេស។ លោកថាកាហ្វេភាគច្រើន ត្រូវបានដាំនៅប៉ៃលិន កំពុងចាម មណ្ឌលគីរី និងរតនគីរី ហើយលោកក៏បង្ហាញក្ដីបារម្ភផងដែរ ប្រសិនបើការដាំដុះនឹងបន្តធ្លាក់ចុះផ្ទៃដីចម្ការបន្ថែមទៀត។ លោកថាក្រសួងនឹងជួយជំរុញលើបញ្ហានេះ ដើម្បីពង្រីកលើវិស័យដំណាំកាហ្វេឡើងវិញ ប៉ុន្តែក៏ត្រូវការការចូលរួមពីសំណាក់ម្ចាស់ចម្ការ និងអ្នកទទួលទានកាហ្វេក្នុងស្រុកធ្វើការលើកស្ទួយផងដែរ។ យ៉ាងណាក៏ដោយលោកបានទទួលស្គាល់ទីផ្សាររបស់កាហ្វេកម្ពុជាមានការប្រែប្រួល គឺមិនដូចមុននោះទេ ដោយសារក្នុងពេលនេះ គឺអាចនិយាយបានថាមិនមានការហ្វេសម្រាប់ផ្គត់ផ្គង់ផង។ ប៉ុន្តែបណ្ដាលមកពីតម្លៃកាហ្វេដែលឈ្មួញចុះទិញនៅតាមចម្ការនៅមានកម្រិតទើបតម្រូវការកាហ្វេកើនឡើង ប៉ុន្តែអ្នកដាំនៅតែមានកម្រិតមិនសូវស្ទុះ។
មិនខុសគ្នាពីការលើកឡើងខាងលើ មន្ត្រីជំនាញដែលពាក់ព័ន្ធនឹងវិស័យនេះក៏ធ្លាប់ប្រកាសថា ទីផ្សារកាហ្វេរបស់ប្រទេសកម្ពុជាមានការចាប់អារម្មណ៍ទ្វេរដង បើធៀបនឹងរយៈពេលកាលពីមុនដែលមានការជឿជាក់ និងគាំទ្រតិចបំផុតពីភ្ញៀវក្នុងស្រុកខ្លួនឯង និងភ្ញៀវបរទេស។ សន្ទុះរីកចំរើន ត្រូវបានគេកត់សម្គាល់បន្ទាប់ពីក្រុមហ៊ុនដែលធ្វើការវិនិយោគលើការវិចខ្ចប់គ្រាប់កាហ្វេក្នុងស្រុកបានដំឡើងមាស៊ីនលីង និងម៉ាស៊ីនវិចខ្ចប់ផ្ទាល់ខ្លួន ហើយបានពង្រីកសកម្មភាពលក់កាហ្វេកញ្ចប់ក្នុងទំហ៊ំកាន់តែធំ ធ្វើឲ្យមានការទទួលស្គាល់ទូលំទូលាយជាងមុននូវទីផ្សារកាហ្វេខ្មែរ។ អ្នកជំនាញទូទៅបានអះអាងថាកាហ្វេកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនលក់ដាច់ក្នុងចំនួនតិចបំផុត ដោយសារតែខ្វះការទទួលស្គាល់ពីសំណាក់អតិថិជនជាភ្ញៀវបរទេស និងជាពិសេសពីពលរដ្ឋក្នុងស្រុករបស់ខ្លួនតែម្ដង។ អ៊ីចឹងហើយ បានជាក្រុមជនជាតិដែលប្រកបរបរដាំចម្ការកាហ្វេធំៗរស់នៅខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី បាននាំគ្នាកាប់ចោលចម្ការកាហ្វេរបស់ខ្លួន ដោយសារតែទីផ្សាររបស់ផលិតផលកសិកម្មមួយនេះ មិនមានហាងឆេងកាលពីមួយរយៈពេលមុន។ លោកតែ សុផល អ្នកគ្រប់គ្រងក្រុមហ៊ុន Angkor Coffee Co,Ltd.ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកាហ្វេធំមួយក្នុងចំណោមក្រុមហ៊ុនធំ៣នៅកម្ពុជា បានអះអាងថា ស្ថានភាពចរាចរណ៍របស់កាហ្វេនៅក្នុងប្រទេសកម្ពុជា ល្អប្រសើរជាងមុន ប៉ុន្តែស្ថានភាពដែលបានល្អប្រសើរនោះ គឺសម្រាប់តែចម្ការធំៗ និងក្រុមកសិករដែលបានដាំកាហ្វេសម្រាប់ផ្គត់ផ្គង់អោយហាងរបស់លោក ឬក្រុមហ៊ុនកែច្នៃកាហ្វេធំៗប៉ុណ្ណោះ ប៉ុន្តែបើទៅមើលស្ថានភាពដាំដុះគឺមិនមានច្រើនទេ។ លោកស្ថានភាពល្អនេះបានកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះចម្ការកាហ្វេ និងដោយសារតែការជ្រួលច្របល់រឿងកាហ្វេក្លែងក្លាយ ដែលធ្វើឲ្យអតិថិជនរអារលែងចង់ទទួលទានកាហ្វេនាំចូល។ មិនថាភោជនីយដ្ឋាន និងហាងកាហ្វេតូចៗនៅភ្នំពេញ និងខេត្តសៀមរាបជាដើម ឲ្យតម្លៃកាហ្វេក្នុងស្រុកយ៉ាងគំហ៊ុគ ដើម្បីបំពេញតម្រូវការ។ អ៊ីចឹងហើយទើបក្រុមហ៊ុនលោក ក៏ដូចជាក្រុមដទៃបានងាកទៅផ្ដល់តម្លៃក្នុងការចុះទិញកាហ្វេស្រស់តាមចម្ការក្នុងបិរមាណ និងតម្លៃល្អជាងមុន ប៉ុន្តែផលកាហ្វេនៅតែមិនសូវមានអ្នកដាំច្រើនទេ ដោយអ្នកដែលធ្លាប់ប្រលូកក្នុងវិស័យនោះខ្វះការជឿជាក់។ មកទល់រាល់ថ្ងៃ លោកថាមានក្រុមធំ៣គឺ ក្រុមហ៊ុនរបស់លោក ក្រុមហ៊ុនកាហ្វេមណ្ឌលគីរី និងក្រុមហ៊ុនកាហ្វេត្រីកោន ដែលធ្វើការវិនិយោគទៅលើវិស័យនោះ៕
ដោយ ៖ ប៉េង លី