Tuesday, January 14, 2025
Homeព័ត៌មានជាតិឃើញនាងចូលបន្ទប់ទឹក ស្ទុះទៅសើយរ៉ូបចាប់រំលោភ រួចថត Selfie

ឃើញនាងចូលបន្ទប់ទឹក ស្ទុះទៅសើយរ៉ូបចាប់រំលោភ រួចថត Selfie

ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ ឃើញនារីវ័យក្មេងម្នាក់ ដើរចូលបន្ទប់ទឹក ក៏លបចូលទៅចាប់ខ្ទប់មាត់ច្របាច់កគំរាមសម្លាប់ រួចសើយរ៉ូបនារីរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវៈទាំងឈរ និងថែមទាំងឆ្លៀតទាញទូរស័ព្ទមក ថតរូប selfie ទៀត ជាហេតុធ្វើឱ្យនារីរងគ្រោះមានឱកាសល្អរើបម្រះរួច រត់គេចចេញមកក្រៅ ស្រែកឱ្យម្តាយជួយ ធ្វើឱ្យប្រុសល្មោភកាមរូបនោះភ័យស្លន់ស្លោ ក៏រត់គេចខ្លួនបាត់ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាប់នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានចូលចាប់រំលោភសេពសន្ថវៈស្រីដល់ក្នុងបន្ទប់ទឹក ហើយនៅឆ្លៀតថតរូប selfie ទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំនុចបន្ទប់ទឹកផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនសង្ស័យល្មោភកាម ដែលចូលទៅចាប់រំលោភសេពសន្ថវៈស្រីដល់ក្នុងបន្ទប់ទឹក រួចឆ្លៀតថតសែលហ្វី (selfie) ទៀត មានឈ្មោះវ៉ាន ម៉ាប់ ហៅគឿន អាយុ២៥ឆ្នាំ មុខរបរលក់សាច់ជ្រូក មានទីលំនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ស.ម.ត អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅភូមិកើតហេតុខាងលើ។

តាមសម្តីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នាងបានដើរចូលបន្ទប់ទឹកបម្រុងងូតទឹក តែមិនទាន់បានបិទគន្លឹះទ្វារទេ ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យឈ្មោះវ៉ាន ម៉ាប់ មិនដឹងជាលេចចេញពីក្រហែងណាមក បានចូលមកចាប់ខ្ទប់មាត់នាងជាប់ ចំណែកដៃម្ខាងទៀត ច្របាច់ករបស់នាង ព្រមទាំងបានយកអាវយឺតរបស់ខ្លួន (ជនសង្ស័យ) ដាក់លើស្មារបស់នាង រួចនិយាយគំរាមនាងថា បើហ៊ានស្រែក គេនឹងសម្លាប់នាងចោល ហើយដុតផ្ទះចោលទៀត ទើបធ្វើឱ្យនាងភ័យមិនហ៊ានស្រែកទេ។

នារីរងគ្រោះបន្តថា បន្ទាប់មក ជនសង្ស័យល្មោភកាមរូបនោះ បានធ្វើសកម្មភាពចាប់សើយរ៉ូបរបស់នាងឡើងលើ បម្រុងរំលោភសេពសន្ថវៈទាំងឈរ ប៉ុន្តែនាងបានព្យាយាមរើបម្រះ ធ្វើឱ្យជនសង្ស័យចាប់នាងរំលោភសេពសន្ថវៈមិនបានទេ។ ស្របពេលនោះ ប្រុសព្រានឈ្មោះវ៉ាន ម៉ាប់ ស្រាប់តែយកទូរស័ព្ទរបស់ខ្លួន (ជនសង្ស័យ) មកថតរូបស៊ែលហ្វី បំណងផ្តិតយកសកម្មភាពចាប់រំលោភសេពសន្ថវៈនាងនេះទៀតផង ប៉ុន្តែភ្លាមនោះ នាងឃើញឱកាសល្អ ក៏ប្រឹងរើបម្រះរត់ចេញផុតពីក្រញ៉ាំតណ្ហាប្រុសល្មោភកាម ចេញមកក្រៅបន្ទប់ទឹក រួចបានស្រែកហៅម្តាយបង្កើតឱ្យជួយ។ ភ្លាមនោះ ជនសង្ស័យឈ្មោះវ៉ាន ម៉ាប់ បានគេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុកអាវយឺតចំនួន១។

នារីរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ស្អាងភ្នំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ បានឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ បានកោះហៅឈ្មោះវ៉ាន ម៉ាប់ មកធ្វើការសាកសួរ រួចក៏ចាប់ឃាត់ខ្លួន តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វ៉ាន ម៉ាប់ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចអ្វីដែលនារីរងគ្រោះបានប្តឹងចោទប្រកាន់ប្រាកដមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក។

ជនសង្ស័យបានសារភាពទៀតផង នៅមុនពេលកើតហេតុ រូបគេបានផឹកស្រាស្រវឹងជោក រួចក៏បានទៅចាប់ឱបនារីរងគ្រោះច្របាច់ដោះនៅក្នុងបន្ទប់ទឹក រួចថតរូបសែហ្វី តែមិនបានធ្វើអ្វីឱ្យស៊ីជម្រៅជាងនេះទេ ព្រោះនារីរងគ្រោះបានរើបម្រះ រួចរត់ចេញមកស្រែកឆោឡោ ទើបរូបគេប្រញាប់រត់គេចខ្លួនទៅ ដោយបានបន្សល់ទុកអាវយឺតចំនួន១នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES