Monday, December 23, 2024
Homeព័ត៌មានជាតិបុរសប្រពន្ធផិត ស្នេហ៍ប៉ះស្ត្រីប្តីលែង

បុរសប្រពន្ធផិត ស្នេហ៍ប៉ះស្ត្រីប្តីលែង

សម្ព័ន្ធមេត្រីប្តីប្រពន្ធ អត់ខាន់ស្លា មិនសូវបាន ជាប់លាប់គ្នាយូរអង្វែងនោះទេ ដែលភាគច្រើនឱ្យតែខឹងគ្នាបន្តិចបន្តួច លែងលះគ្នាភ្លាម រួចស្រវាគូថ្មីរៀងខ្លួន។ ដោយឡែក បុរសប្រពន្ធផិត និងស្ត្រីប្តីលែងនេះ បានជួបគ្នាលើរថយន្តក្រុង ក៏ត្រូវដងត្រូវផ្លែគ្នាភ្លាម ប៉ុន្តែបើ ពួកគេនៅតែយកគ្នាអត់ខាន់ស្លាដូចមុននោះ មើលអនាគតមិនឃើញទេ…។

លោកព្រឹម ប៉ូច អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានរៀបរាប់ថា លោកជាកូនទី២ ដែលមានតែ បងស្រីម្នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ កាលនៅកុមារ លោករៀនសូត្រមិនចប់បឋមសិក្សាផង ក៏ឈប់ទៅ លុះចូលវ័យកំលោះក៏ដើរស៊ីឈ្នួលជួល ព័ទ្ធគេគ្រប់ច្រកល្ហក ជាពិសេស មានជំនាញខាងធ្វើចុងភៅ ក្នុងពិធីជប់លៀង ឬមង្គលការ។ ការធ្វើចុងភៅនេះ ជាកូនកាំបិតគេទេ ដោយមានថៅកែស្រីម្នាក់ឈ្មោះអ៊ី ញ៉ាញ់ ជាអ្នកម៉ៅការទទួលធ្វើម្ហូប អាហារ ដែលជួនកាល គេជួលទៅធ្វើនៅភ្នំពេញ ឬឆ្លងទៅដល់ខេត្តបាត់ដំបង ឬប៉ោយប៉ែត ក៏មានដែរ និងបានកម្រៃតិចច្រើនតាមជិតឬឆ្ងាយ។ ក្រៅពីជំនាញចុងភៅ លោកក៏ មានមុខរបរស្នូលមិនអាចអត់បាន គឺធ្វើស្រែចម្ការ និងនេសាទត្រីផងដែរ។ និយាយពីរឿងប្រពន្ធកូនវិញ មួយជាតិនេះ លោកធ្លាប់ឆ្លងកាត់ប្រពន្ធ ២នាក់ទៅហើយ តែដោយសារភាពក្រីក្រ និងជាកូនកំព្រាផង គ្មានលទ្ធភាពរៀបការដូចគេ។

នាងសយ ស្រីអៃ និងលោកព្រឹម ប៉ូច

លោកព្រឹម ប៉ូច បន្តថា កាលពីអាយុ១៩ឆ្នាំ ឪពុកម្តាយកាលនៅរស់ បានទុកដាក់លោកឱ្យមានប្រពន្ធ ឈ្មោះទ្រី ម៉ាលី អាយុបងលោក៤ឆ្នាំ ដោយបង្កើត បានកូនប្រុស ២នាក់។ ដោយសារលោកមានមុខរបរធ្វើចុងភៅដើរឆ្ងាយៗ មិនសូវបាននៅផ្ទះ ថ្នាក់ថ្នមប្រពន្ធ ជាហេតុឱ្យប្រពន្ធនោះបែកចិត្ត លួចមានសហាយ។ ជារឿយៗ តែងតែមាន អ្នកជិតខាងខ្សឹបប្រាប់ថា ប្រពន្ធនោះធុំក្លិនមិន ស្រួលហើយ តែលោកមិនជឿគេទេ ព្រោះគ្មានភ័ស្តុតាង ក៏ព្យាយាមឃ្លាំមើល។ កន្លងមក លោកមានក្លើម្នាក់ឈ្មោះញ៉ោម ជ្រឿន នៅកំលោះចាស់ មិនព្រមយកប្រពន្ធសោះ គេឧស្សាហ៍ចេញចូលផ្ទះ របស់លោក និងជួយមើលការខុសត្រូវប្រពន្ធកូនលោក ពេលលោកមិននៅ។ លោកចេះតែសង្ស័យថា ក្លើនេះ លួច ឆីប្រពន្ធដែរ តែចោទប្រកាន់មិនកើត បើមិនដែលឃើញពួកគេ ខូចគ្នាសោះនោះ។

នាងសយ ស្រីអៃ

លោកប៉ូច បន្តទៀតថា ថ្ងៃមួយ លោកធ្វើជាចេញទៅធ្វើចុងភៅ នៅស្រុកឆ្ងាយ លុះចេញផុតពីផ្ទះ ក៏សំងំ រហូតដល់ពេលយប់ទើបវិលមកវិញ ដោយជិះម៉ូតូជាមួយមិត្តភក្តិ។ ពេលមក ដល់ផ្ទះកណ្តាលអធ្រាត្រទៅហើយ លោកក៏ដើរលបៗចូលផ្ទះ គាប់ជួនមិនដាក់គន្លឹះទ្វារពីក្នុង លោកក៏រុញចូលទៅ និងបើកភ្លើងភ្លែត ក៏ឃើញក្លើកំហូច និងប្រពន្ធកំពុងដេកឱបគ្នាឱ្យខ្វិត។ ពេលនោះក្លើកំហូចទាញបានភួយ មួយរុំខ្លួន ស្ទុះទៅពួនកៀនជញ្ជាំង ចំណែកប្រពន្ធវ័ណ្ឌតែសារុងមួយដេកធ្វើមិនដឹង។ លោកមិនបង្កហិង្សាអ្វីទេ ក៏រត់ទៅប្តឹងមេភូមិតាមដំណើរ ប៉ុន្តែពេលនាំ

លោកព្រឹម ប៉ូច

មេភូមិមកដល់ប្រុសសហាយនោះ គេចបាត់ទៅហើយ។ លុះព្រឹកឡើង មេភូមិកោះហៅមកសាកសួរ ទើបពួកគេ ឆ្លើយសារភាពថា ពិតជាខូចគ្នាមែន ទើបសម្រេចឱ្យផ្តិតមេដៃលែងលះ ចែក ទ្រព្យសម្បត្តិគ្នាទៅ។ លោកយកកូន១ ប្រពន្ធយកកូន១ ហើយប្រពន្ធនោះ និង ក្លើសហាយក៏យកគ្នាជាប្តីប្រពន្ធអត់ខាន់ស្លា ពង្រត់គ្នាទៅរកស៊ីនៅខេត្តរតនគិរី ឯណោះ។ បន្ទាប់ពីធ្លាក់ខ្លួនពោះម៉ាយមួយរយៈ លោកក៏រកបានប្រពន្ធទី២ ឈ្មោះសយ ស្រីអៃ ដោយជួបគ្នាលើរថយន្តក្រុង ទាំងមិនធ្លាប់ស្គាល់គ្នាសោះ និងនាំនាងមករួមរស់ជាមួយយ៉ាងមានសេចក្តីសុខ ដោយមិនបានរៀបការអ្វីទេ។


ដោយឡែក នាងសយ ស្រីអៃ អាយុ១៨ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិស្រែជ្រាំ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម។ នាងធ្លាប់មានប្តីមុនឈ្មោះអូន ដោយយកគ្នាអត់ខាន់ស្លា និងរួមរស់បានកន្លះឆ្នាំ ក៏ដាច់ដោចគ្នាទៅ ដោយគ្មានកូនជាប់ដៃជើងទេ។ ក្រោយមកឈ្លោះគ្នាបន្តិចបន្តួច ស្រាប់តែប្តីចុះចោលនាង ទៅធ្វើការនៅប្រទេសថៃ ដោយមិនប្រាប់មួយម៉ាត់ ធ្វើឱ្យនាងឈឺចិត្តក៏ប្រកាសលែងលះគ្នាទៅ និងឮដំណឹងថា សព្វថ្ងៃប្តីទី១ អត់ខាន់ស្លានេះ មានប្រពន្ធទៀតហើយ។


នាងសយ ស្រីអៃ បន្តទៀតថា ថ្ងៃមួយ នាងធ្វើដំណើរតាមរថយន្តក្រុង ទៅភ្នំពេញ រកការងារធ្វើ ជាចៃដន្យក៏បានជួបបុរសពោះម៉ាយឈ្មោះព្រឹម ប៉ូច ដែលចេញពីស្រុករកការងារធ្វើដែរ ដោយអង្គុយជាប់កៅអីគ្នា។ ពួកនាងបាន សាកសួរគ្នាទៅវិញទៅមក បានដឹងប្រវត្តិគ្មានសល់ ក៏ផុសក្តីអាណិតស្រលាញ់ ពេញបេះដូង ទើបនាងសុខចិត្តទៅតាមគាត់ដល់ស្រុកកំណើត ឯទីរួមខេត្តតាកែវ។ ចាស់ៗក៏មិនបំបែកស្នេហ៍អ្វីដែរ ទើបពួកនាងបានយកគ្នាជាប្តីប្រពន្ធ ដោយពុំ ទាន់បានសែនព្រេន ឬរៀបការអ្វីឡើយ។ នាងទទួលស្គាល់ថា ប្តីទី២នេះ គ្រាន់ បើជាងប្តីទី១ឆ្ងាយណាស់ នាងសង្ឃឹមថា នឹងបានរួមរស់ជាមួយគ្នា រហូតដល់ចាស់មិនខាន។

លោកយាយអំ ផុល

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីប្រពន្ធដើម របស់ លោកព្រឹម ប៉ូច និងប្តីដើមរបស់នាងស្រីអៃ បនាឡើយ ព្រោះមិនដឹងអាសយដ្ឋាន និងលេខទូរស័ព្ទ។

លោកយាយព្រឹម យឿន

ចំណែក លោកយាយព្រឹម យឿន អាយុ៦០ឆ្នាំ លោកយាយអំ ផុល អាយុ៧២ឆ្នាំ និងអ្នកស្រីចែម វី អាយុ៤៥ឆ្នាំ ជាម្តាយ និងជាញាតិបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធ១គូនេះ រួមរស់គ្មានខាន់ស្លាទេ បន្ទាប់ពីបានស្គាល់ចិត្តថ្លើមគ្នាលើឡានក្រុង។ ទោះយ៉ាងណា រឿងជីវភាពមិនជាចោទបញ្ហាប៉ុន្មានទេ ព្រោះពួកគេពេញកម្លាំងរកស៊ី ធ្វើយ៉ាងណាឱ្យតែស្មោះត្រង់នឹងគ្នា ខំរក លុយមកសែនព្រេនឱ្យបានទៅ គង់តែទទួលបានសុភមង្គលមិនខាន។

អ្នកស្រីចែម វី

សូមបញ្ជាក់ថា សាមីខ្លួនខាងស្រីបានប្តី២ដងទៅហើយ សុទ្ធតែអត់ខាន់ស្លា ខណៈដែលរូបនាងទើប មានអាយុ១៨ឆ្នាំ។ ករណីបែបនេះមិនសូវល្អមើលទេ ព្រោះវាខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ហេតុនេះបើ បានជាជ្រុលសាងស្នេហ៍ជាមួយគ្នាទៅហើយ គួរព្យាយាមរកស៊ីបានលុយ ប្រគល់ជូនចាស់ទុំរៀបចំសែនព្រេន ១ព្រឹកទៅ ដើម្បីឱ្យមានខាន់ស្លា និងឱ្យពេញភ្នែកញាតិផង”៕

RELATED ARTICLES