ខេត្តបាត់ដំបង ៖ បុរសម្នាក់ ព្រោះតែខឹងនឹងរឿងសុំប្រពន្ធរួមរ័ក តែត្រូវប្រពន្ធដែលទើបនឹងរលូតកូនថ្មីៗប្រកែកថា នាងមិនអាចបំពេញបំណងប្តីបានទេ ព្រោះសុខភាពមិនទាន់ស្រួល ដឹងអីប្តីចិត្តខ្លាំង តែគំនិតខ្លី បានសម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯងដោយគ្មានស្តាយស្រណោះបន្តិចសោះ។
ហេតុការណ៍ប្តីខូចចិត្តសុំប្រពន្ធរួមរ័កមិនបានចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលចងកបញ្ចប់ជីវិត ព្រោះតែខឹងនឹងរឿងសុំប្រពន្ធរួមរ័កមិនបាននេះ មានឈ្មោះទេស ចន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងទើបនឹងរលូតកូន ទើបធ្វើឱ្យសុខភាពនាង មានសភាពទ្រុឌទ្រោមនៅឡើយ ជាហេតុធ្វើឱ្យនាងត្រូវសម្រាកឱ្យបានច្រើនដើម្បីយកកម្លាំងវិញ។ ស្រាប់តែមកដល់យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៧ ប្តីរបស់នាងបានមកកេះកៀវសុំនាងរួមរ័ក តែនាងប្រកែក ហើយពេលនោះប្តីនៅតែទទូចសុំអង្វរនាងដើម្បីបានដេកជាមួយ ប៉ុន្តែនាងមិនព្រម ដោយប្រាប់ថា នាងទើបនឹងរលូតកូនថ្មីៗ សុខភាពនៅខ្សោយខ្លាំងណាស់ ខ្លាចទាស់សរសៃ។ នៅពេលឮនាងនិយាយបែបនេះ ស្រាប់តែប្តីបានខឹងច្រឡោត មួម៉ៅ ដើរចេញបាត់ទៅ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៧ ខណៈដែលនាងរវល់ការងារនៅខាងក្រៅផ្ទះ ប្តីក៏ដើរចូលទៅសម្ងំនៅក្នុងផ្ទះបាត់។ បន្ទាប់មកនៅពេលដែលនាងដើរចូលទៅក្នុងផ្ទះវិញ ក៏ប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ខ្មៅ ចងកភ្ជាប់នឹងធ្នឹមផ្ទះ ដោយឡើងជាន់លើធុងស្ពេត្រូ។ មូលហេតុដែលជនរងគ្រោះគិតខ្លីបែបនេះ គឺបណ្តាលមកពីតូចចិត្តនឹងរឿងសុំប្រពន្ធរួមរ័កមិនបាន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕