តេង លក្ខិណា ដើរចេញពី M

រយៈពេលជាង២ឆ្នាំ ក្រោយបោះបង់ចោល អាជីពពិធីការិនីនៅ MyTV កម្មវិធី “តន្ត្រី A1” មក ធ្វើជាតារាចម្រៀងដោយចៃដន្យ នៅផលិតកម្ម M មក តេង លក្ខណា ល្បីបានមួយបទ គឺ “សុំឈឺតែមួយ ថ្ងៃបានហើយ” ដែលបទនេះមានយុវវ័យ ស្គាល់ច្រើន។ ប៉ុន្តែ នៅចុងខែកក្កដា ឆ្នាំ២០១៦ នេះ មានព័ត៌មានថា ស្រីស្អាតតេង លក្ខិណា បានស្ពាយបង្វេចដើរចេញ ពីទ្រនំនេះទៅហើយ ថែមទាំងនាំប្អូនប្រុសនាង ជាតារារួមដំបូល លោកតេង ឆេកូ ទៅជាមួយទៀតផង។

ប្រភពបានឱ្យដឹងថា តេង លក្ខិណា មានរឿង ទំនាស់ជាមួយផលិតកម្ម M ហើយធ្វើឱ្យថៅកែមិនពេញចិត្ត ទើបស្រីស្រស់មួម៉ៅ ក្តៅចិត្ត ក៏ដើរចេញពី M ដោយគ្មានអាល័យបន្តិចឡើយ…។
តេង លក្ខិណា និងប្អូនប្រុសនាង តេង ឆេកូ បានបិទទូរសព្ទ័គ្រប់ប្រព័ន្ធ ទើបមិនអាចទាក់ទង បានទេ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
ដោយឡែកអ្នកមើលខុសត្រូវ តារាចម្រៀងនៅ M អ្នកនាងលីណា និយាយខ្លីថា សុំមិនធ្វើអត្ថាធិប្បាយរឿងនេះឡើយ។ ចំណែកអ្នកចាត់ការ ទូទៅផលិតកម្ម M លោកសាយ កែវសុខ ហាក់និយាយ ស្ទាក់ស្ទើរពីបញ្ហានេះ ដោយមិនព្រមបញ្ជាក់ថា តេង លក្ខិណា នៅតែជាតារាចម្រៀងនៅ M ដដែល ឬនាងចេញបាត់ ទៅហើយនោះទេ។
លោកកែវសុខ បានសួរច្រាសមក អ្នកយកព័ត៌មានយើងវិញថា “ខ្ញុំចង់ដឹងថា តើអ្នកណាជា អ្នកនិយាយរឿងហ្នឹង? ម៉េចមិនទៅសួរគេ អ្នកនិយាយហ្នឹងទៅ ម៉េចបានជាគេច្បាស់ម៉្លេះ មកសួរអីខ្ញុំវិញ? និយាយទៅ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ឱ្យចាំមើលទាំងអស់គ្នា មើលថា តើនៅ MV វ៉ុលក្រោយរបស់ M ហ្នឹង មានគាត់ (លក្ខិណា) ដែរឬអត់ ចាំមើលតែម្តងទៅ…?។ ខ្ញុំមិនអាចបញ្ជាក់បានទេថា តើគាត់ចេញពី M មែនឬអត់នោះ គឺរួមទាំងប្អូនប្រុសនាងលោកឆេកូ ផង…”។
តាមព័ត៌មានពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រី តាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ក៏បានឱ្យដឹងស្របគ្នាដែរថា តេង លក្ខិណា ចេញពី M ហើយ បានជាមិនអាចទាក់ទង ហៅឱ្យច្រៀងតាមប៉ុស្តិ៍បានទៀតទេ ព្រោះនាងនៅមិនទាន់ដោះស្រាយ ជាមួយគ្នាបាននៅឡើយ ទើបមិនហ៊ានឡើងប៉ុស្តិ៍នៅពេលនេះឡើយ។ ប្រភពបានឱ្យដឹងថា តេង លក្ខិណា កំពុងពិចារណាមើលថា តើនាងគួរតែវិលត្រឡប់ មករកការថតសម្តែង និងធ្វើពិធីការិនីវិញឬយ៉ាងណា? ព្រោះបើស្វែងរកទ្រនំថ្មីទៀត វាមិនមែនជាការងាយស្រួលឡើយ សម្រាប់ផលិតកម្មធំៗដែលនាងចង់ចូល ព្រោះសំឡេងលក្ខិណា នៅមានកម្រិតបែបនេះ។
លោកសាយ កែវសុខ បន្ថែមថា “រឿងគាត់ (លក្ខិណា) មិនឡើងប៉ុស្តិ៍ ប្រហែលជាគាត់រវល់ការងារអីផ្សេងទៀតដែរ តែខ្ញុំមិនច្បាស់ទេ… ”៕                                                                                                                                                ហឹុម វិចិត្រ

13138998_1361398770572559_9090645522095417718_n

13466193_1386071028105333_1927630676866251600_n

13876583_1411499558895813_761968568389157632_n

13680953_1411649708880798_5397344609514934427_n

13615034_1407780632601039_9053375912531799875_n