ខេត្តស្វាយរៀង ៖ បុគ្គលិកក្រុមហ៊ុនខ្សែកាបម្នាក់កំពុងរាយខ្សែអូសខ្សែពីបង្គោលភ្លើងមួយ ទៅបង្គោលមួយទៀត ស្រាប់តែអកុសល ខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍។
បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់នោះ មានឈ្មោះឈន ឆាយ អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនខ្សែកាប មិត្តហ្វូន រស់នៅភូមិសំបួរ ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុក្គលិកក្រុមហ៊ុនខ្សែកាប មិត្តហ្វូន១ក្រុម បានដើរតបណ្តាញខ្សែកាប ដោយរាយខ្សែតាមបង្គោលភ្លើង នៅចំណុចភូមិកើតហេតុខាងលើ លុះក្រោយមកមិនដឹងជាភ្លាត់ស្នៀតយ៉ាងម៉េច ស្រាប់តែក្រុមការងារម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោល ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវចោមរោមមើលតែម្តង។
ប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា ក្រុមការងារតបណ្តាញខ្សែកាបនេះ ខ្វះបច្ចេកទេស ហើយប្រើមនុស្សឱ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងដោយមិនបានបិតចរន្តភ្លើង ទើបធ្វើឱ្យកើតមានបញ្ហាបែបនេះ ម៉្យាងខាងក្រុមហ៊ុនមិនបានដាំបង្គោលដោយខ្លួនឯង ទេ គឺយកខ្សែកាបទៅផ្ញើជាមួយនិងខាងបង្គោលអគ្គិសនី លុះពេលឡើងបង្គោលរាយខ្សែដោយខ្វះបច្ចេកទេស ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។
ប្រភពខាងលើ បានបញ្ជាក់ថា បង្គោលអគ្គិសនីដែលបានឆក់មនុស្សស្លាប់នេះ កាលប៉ុន្មានថ្ងៃមុន គេឃើញទុស្សេមានបែកផ្កាភ្លើង បង្កឱ្យអ្នករស់នៅជិតនោះ ភ័យស្លន់ស្លោគ្រប់គ្នា និងបានរាយការណ៍ទៅខាងអគ្គីសនីឱ្យជួយអន្តរាគមន៍ លុះដល់ថ្ងៃកើតហេតុ បុគ្គលិកក្រុមហ៊ុនខ្សែកាបមករាយខ្សែដល់ត្រង់ចំណុចនេះ ក៏កើតមានហេតុការណ៍ឆក់មនុស្សស្លាប់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយ- ការណ៍ទៅខាងអគ្គិសនីស្រុកកំពង់រោទិ៍ បិតចរន្ត ទើបអាចឡើងទៅដាក់ជនរងគ្រោះចុះពីបង្គោល ភ្លើងខាងលើមកក្រោមបាន។
បន្ទាប់ពីចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕