Saturday, April 20, 2024
Homeព័ត៌មានជាតិបើកទ្វារមកមើលសោះ ត្រូវ១ដំបងចំក្បាល

បើកទ្វារមកមើលសោះ ត្រូវ១ដំបងចំក្បាល

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់កំពុងដេកសុខៗ ក៏លាន់ឮសំឡេងឈ្លោះប្រកែកគ្នា និងដេញវាយតប់គ្នាមកដល់មុខផ្ទះរបស់ខ្លួនស្នាក់នៅ ទើបបើកទ្វារចេញទៅមើល ស្រាប់តែត្រូវក្មេងទំនើងវាយ១ដំបងចំក្បាល និងទាញកាំបិតកាប់ចំកែងដៃ បណ្តាលឱ្យរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅម្តុំផ្លូវរថភ្លើង ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន។

យុវជនរងគ្រោះ ដែលត្រូវក្មេងទំនើងវាយ និងកាប់ឱ្យរងរបួស មានឈ្មោះនី កោន អាយុ២២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកក្រុមជនដៃដល់មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះជា បញ្ញា អាយុ១៦ឆ្នាំ រស់នៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន និងទី២-ឈ្មោះសុខុម ជីវ័ន អាយុ១៦ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងទំនើង២ក្រុម បានដេញវ៉ៃគ្នានៅត្រង់ចំណុចខាងលើ លុះដេញវាយគ្នាចុះឡើង ក៏រត់ទៅដល់ផ្ទះរបស់ឈ្មោះប្រាក់ សឿម ហៅវ៉ិត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិខាងលើ ស្របពេលនោះ ជនរងគ្រោះឈ្មោះនី កោន ដែលស្នាក់នៅផ្ទះនោះដែរ បានបើកទ្វារចេញមកមើល ស្រាប់តែត្រូវជនដៃដល់ វាយ១ដំបងចំក្បាល និងកាប់ចំកែងដៃខាងឆ្វេង បណ្តាលឱ្យរងរបួស។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលសហការជាមួយកម្លាំងប្រជាការពារ បានចុះធ្វើអន្តរាគមន៍ភ្លាមៗ ហើយក៏បានប្រទះឃើញពួកក្មេងស្ទាវនោះ បើកម៉ូតូ១គ្រឿង មានគ្នា២នាក់ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំយកមកសាកសួរតែម្តង។

ក្មេងទំនើងទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES