ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ចប់ម៉ោងការងារ ឆ្លៀតរាយខ្សែភ្លើងចេញពីការដ្ឋាន យកទៅឆក់ត្រីក្នុងស្រះទឹក ស្រាប់តែភ្លាត់ស្នៀត បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកខាងក្រោយការដ្ឋានសំណង់របស់បុរី KP HOMES ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះមានឈ្មោះអ៊ីម ដា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានកន្លែងកើតហេតុខាងលើ និងមានស្រុក កំណើតនៅភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមសម្តីបុរសម្នាក់ដែលជាកម្មករសំណង់ធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើបានចូលមកធ្វើការនៅក្នុងការដ្ឋានសំណង់បុរី KP HOMES រយៈពេលជិត១ខែមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចូលធ្វើការងារដូចសព្វដង លុះដល់វេលាម៉ោង៤ល្ងាចថ្ងៃដដែល ក្រោយពីចប់ម៉ោងការងារ ជនរងគ្រោះបានឆ្លៀតពេលរាយខ្សែភ្លើងចេញពីក្នុងការដ្ឋានទៅឆក់ត្រីនៅក្នុងស្រះខាងក្រោយការដ្ឋានតែម្នាក់ឯង។
លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់ក៏បានដើរទៅមើលជនរងគ្រោះឆក់ត្រី ស្រាប់តែប្រទះឃើញជនរងគ្រោះដេកដួលផ្កាប់មុខនៅក្នុងទឹក ដោយមានខ្សែភ្លើងនៅជិតខ្លួនទៀតផង ទើបធ្វើឱ្យគាត់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលធ្វើការនៅក្នុងការដ្ឋានជាមួយគ្នាមកជួយសង្គ្រោះ និងបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ឱ្យមកដឹកបុរសរងគ្រោះទៅព្យាបាល តែជាអកុសល ខណៈពេលរថយន្តសង្គ្រោះមកដល់ពិនិត្យមើលរួច ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕