ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងឈាមរាវចំនួន៣នាក់ ប្រដាប់ដោយកាំបិត១ដើម និងដាវ២ដើម បាននាំគ្នាធ្វើសកម្មភាពចូលទៅអុកឡុកនៅក្នុងវង់ធុងបាស់ ក្នុងពិធីមង្គលការកូនអ្នកភូមិម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ បញ្ជូនទៅសួរនាំនៅ។
ក្រុមក្មេងទំនើងទាំង៣នាក់ ដែលកាន់ដាវកាំបិតចូលអុកឡុងក្នុងពិធីមង្គលការកូនអ្នកភូមិ និងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមមាន ទី១-ឈ្មោះចុច វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ (កាន់ដាវ១ដើម) ទី២-ឈ្មោះលន់ សុខលឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា (កាន់ដាវ១ដើម) និងទី៣-ឈ្មោះចុច សុខជីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយឃុំគ្នា (កាន់កាំបិតកកុក១ដើម)។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិកើតហេតុខាងលើ មានរៀបចំពិធីមង្គលការមួយយ៉ាងអធិកអធម និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករជាមួយនេះ ក៏មានការរៀបចំដាក់ធុងបាសរាំលេងកម្សាន្តផងដែរ។ ស្រាប់តែមកដល់វេលាម៉ោង៩យប់ថ្ងៃដដែល ខណៈដែលមនុស្សម្នា ភ្ញៀវខាងកូនកំលោះក្រមុំកំពុងរាំលេងយ៉ាងសប្បាយក្អាកក្អាយ ក៏ស្រាប់តែលេចមុខក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ប្រដាប់ដោយដាវ និងកាំបិតគ្រប់ដៃ បានដើរចូលមកកណ្តាលវង់រាំ ធ្វើឱ្យមនុស្សម្នាភ័យឆោឡោ នាំគ្នាគេចចេញអស់ ចំណែកធុងបាស់ក៏ត្រូវបានម្ចាស់ដើមការសម្រេចឱ្យផ្អាក ឈប់ចាក់បន្តទៀតដែរ ព្រោះខ្លាចមានរឿង។ យ៉ាងណា ក្រុមក្មេងទំនើងទាំងនោះ មិនបានបង្កហិង្សាកាប់ចាក់ ឬធ្វើឱ្យមនុស្សណាម្នាក់ទទួលរងរបួសនោះទេ ពោលគឺគ្រាន់តែកាន់ដាវកាំបិតចូលមកគំរាមប៉ុណ្ណោះ លុះឃើញគេខ្លាចគ្រប់គ្នា ក៏នាំគ្នាដើរចេញវិញយ៉ាងរំភើយ ហាក់ដូចគ្មានរឿងអ្វីកើតឡើងសោះ។
ប្រភពដដែលបន្តថា ក្រុមក្មេងទំនើងខាងលើនេះ គឺជាសមាសភាពបងតូចបងធំប្រចាំភូមិ ដែលតែងបង្កការអុកឡុកនៅតាមវង់រាំធុងបាស់ ក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗក្នុងភូមិ ជាញឹកញាប់។ ហេតុនេះ ទើបនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍រកាតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះស្រាវជ្រាវ ចាប់ខ្លួនក្មេងទំនើងទាំង៣នាក់ នាំយកមកសាកសួរតែម្តង។
ក្រោយពីធ្វើការចាប់ខ្លួនក្មេងទំនើងទាំងនោះ ត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការរដ្ឋបាលអប់រំលើកទី១ និងឱ្យអាណាព្យាបាល មកធានាឱ្យវិលទៅលំនៅឋានវិញ ដើម្បីអប់រំពួកគេបន្ថែម រីឯវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕