Thursday, April 25, 2024
Homeតារាខ្មែរកូនប្រុសព្រាប សុវត្ថិ ឬ អុីវ៉ា នឹងត្រូវបង្ហាញខ្លួនជាសមាជិករស្មីហង្សមាស?

កូនប្រុសព្រាប សុវត្ថិ ឬ អុីវ៉ា នឹងត្រូវបង្ហាញខ្លួនជាសមាជិករស្មីហង្សមាស?

នេះអាចចាត់ទុកថាជាលើកទី១ហើយ សម្រាប់ផលិតកម្មរស្មីហង្សមាស ដែលនឹងបង្ហាញខ្លួនអ្នកចម្រៀងថ្មីរបស់ខ្លួន តាមរយៈការរៀបចំធ្វើសន្និសីទកាសែតជាចំហនៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨ ដើម្បីលាតត្រដាងជាផ្លូវការថា សមាជិកថ្មីរបស់ខ្លួន គឺជាអ្នកណា។

កន្លងមក គេចាំបានថា ហង្សមាស បានអូសទាញតារាចម្រៀងជាច្រើនមកពីផលិតកម្មផ្សេងៗ ដើម្បីពង្រឹងផលិតកម្មរបស់ខ្លួនប្រជុំទៅដោយតារាខ្លាំងៗ កុំឲ្យមានផលិតកម្មណាអាចប្រជែងជាមួយខ្លួន មានដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ និសា​, សួស វីហ្សា, ផន នីដា, លាង សុផាឡែន, សន ផល្លីកា, សុខ សីឡាលីន, សុខ ស្រីនាង, ឆន សុវណ្ណរាជ, ហ្សូណូ, នៅ ស៊ីនឿន និងពិសេសអតីតតារាល្បីល្បាញរបស់សាន់ដេ ខេមរៈ​សិរីមន្ដ ដែលពេលនេះសុទ្ធតែជាតារាក្លាយទៅជាតារាហង្សមាសនោះគឺរាល់តារានីមួយៗខាងលើនេះ ផលិតកម្មមួយនេះមិនដែលធ្វើសន្និសីទកាសែតម្ដងណា ដើម្បីបង្ហាញខ្លួនអ្នកចម្រៀងនោះទេ គឺមានតែរង់ចាំឲ្យចេញបទចម្រៀងតែម្ដង ទើបបញ្ចេញឲ្យស្គាល់ រហូតដល់ពេលខ្លះសូម្បីតែអ្នកកាសែតចុះព័ត៌មានតារានោះ មុនចេញបទចម្រៀងបើកឆាកនៅផលិតកម្មរបស់ខ្លួន ក៏ហង្សមាស មិនសប្បាយចិត្តដែរ ព្រោះខ្លាចសាប។

មហាជនជាច្រើនបានឆ្ងល់ថា ចុះហេតុអីបានជានៅដើមឆ្នាំ២០១៨នេះ ហង្សមាស បានប្ដូរយុទ្ធសាស្រ្ដរបស់ខ្លួនពីការព្យាយាមលាក់លៀមតារាថ្មីដែលហក់ចូលទ្រនំខ្លួននោះ បែរជាមកបញ្ចេញជាចំហរជាសារធារណៈទៅវិញ?

យ៉ាងណា អ្នករៀបចំកម្មវិធីសន្និសីទកាសែតដែលបង្ហាញខ្លួនតារាចម្រៀងថ្មីរបស់ហង្សមាស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមករានោះ មិនធ្វើអត្ថាធិប្បាយជាដាច់ខាត ដោយលោកនិយាយខ្លីថា ចម្ងល់ទាំងនោះនឹងត្រូវលាតត្រដាងឲ្យឃើញច្បាស់អស់ការសង្ស័យនៅព្រឹកនោះតែម្ដង។ ប៉ុន្ដែយ៉ាងណា អ្នកស្និទ្ធជាមួយផលិតកម្មរស្មីហង្សមាស បានបង្ហើបឲ្យដឹងថា តារាថ្មីរបស់ហង្សមាស ដែលនឹងលេចមុខថ្ងៃសន្និសីទកាសែតនោះ អាចជាតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា ឬក៏កូនប្រុសទាំង៣របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ តែម្ដង ដែលនឹងត្រូវបានគណៈគ្រប់គ្រងផលិតកម្មរស្មីហង្សមាស ប្រកាសជាផ្លូវការថា ពួកគេនឹងក្លាយទៅជាសមាជិករបស់ខ្លួន ចាប់ពីថ្ងៃទី០៨​ខែមករា ឆ្នាំ២០១៨នោះតទៅ។

ប្រភពបានឲ្យដឹងថា អ៊ីវ៉ា​ បានផុតកុងត្រាជាមួយផលិតកម្មសាន់ដេ ហើយនឹងមិនទាន់ចុះកុងត្រាថ្មីទេ ហេតុនេះហើយ ហង្សមាស អាចឆក់ឱកាសនេះ យកអ៊ីវ៉ា ដើម្បីឲ្យផលិតកម្មរបស់ខ្លួនកាន់តែរឹងមាំ ហើយមានគ្រប់រសជាតិនៃតារាចម្រៀង ព្រោះផលិតកម្មធំនេះបានចាប់អារម្មណ៍ទៅលើអ៊ីវ៉ា ជាយូរមកហើយ ដោយសារតារាចម្រៀងរូបនេះនៅក្មេងទឹកដមសំឡេងពិរោះហើយនាងល្បីឈ្មោះស្រាប់ ហេតុនេះហើយ ហង្សមាស មិនពិបាកឡង់សេឡើយ គឺធ្វើបទចម្រៀងឲ្យតែត្រូវអ៊ីវ៉ា នឹងល្បីថែមទៀតភ្លាម។ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា ហង្សមាស អាចរៀបចំធ្វើសន្និសីទកាសែតបង្ហាញខ្លួនកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាថ, សុវត្ថិ សិរីវុធ និងសុវត្ថិ មុនីនាគ ព្រោះធ្លាប់លេចឮថា កូនប្រុសរូបសង្ហាទាំង៣នាក់ របស់ព្រាប សុវត្ថិ ត្រូវបានហង្សមាស ពេញចិត្ត និងព្រមទទួលយកធ្វើជាតារារបស់ខ្លួនដោយស្វ័យប្រវត្តិជាផ្លូវការ១ឆ្នាំទៅហើយ តែបទចម្រៀងរបស់កូនព្រាប សុវត្ថិ នៅមិនទាន់បានចេញនៅឡើយ ហេតុនេះហើយ ហង្សមាស ចាំបាច់ត្រូវលើកចំណុចទាំងនេះមកបង្ហាញដល់មហាជនថា ខ្លួនពិតជាយកកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ធ្វើជាតារាចម្រៀងហង្សមាស ដូចដែលការលេចឮមែនឬយ៉ាងណា?

តារាចម្រៀងអ៊ីវ៉ា បានច្រានចោលដំណឹងសង្ស័យថា នាងគឺជាតារាចម្រៀងថ្មីរបស់ហង្សមាស ដែលត្រូវលេចមុខនៅថ្ងៃសន្និសីទកាសែតនោះ។

អ៊ីវ៉ា បានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី០៥ ខែមករា ថា ”អូបង! រឿងហ្នឹងខ្ញុំអត់បានដឹងទេបង។ កម្មវិធីនេះមិនមែនជាខ្ញុំទេ! ច្បាស់ណាស់ថាមិនមែនជាខ្ញុំទេ! ខ្ញុំមានបានចូលហង្សមាស ឯណា? និយាយឲ្យត្រង់ទៅ ខ្ញុំអត់មានមុខត្រូវប្រកាសនៅសន្និសីទកាសែតនោះទេ ខ្ញុំអត់ដឹងអីផងហ្នឹង…”។

ទោះជាយ៉ាងណា អ៊ីវ៉ា ធ្លាប់ប្រាប់ថា ហង្សមាស ពិតជាធ្លាប់ទាក់ទងនាងមែននាពេលកន្លងមក ខណៈដែលប្រភពមួយបានឲ្យដឹងថា អ៊ីវ៉ា បានថតបទចម្រៀងជា Audio ទៅហើយ នៅហង្សមាស គ្រាន់តែមិនទាន់ចេញប៉ុណ្ណោះ ព្រោះថាមុននេះ អ៊ីវ៉ា នៅជាប់កុងត្រាជាមួយសាន់ដេ នៅឡើយ។ តែការលេចឮទាំងនោះ ត្រូវបានអ៊ីវ៉ា ប្រកែក ហើយថានាងនៅតែជាតារាសាន់ដេ ដដែល គ្រាន់តែពេលខាងមុនមិនអាចមើលឃើញថាមានអ្វីកើតឡើងឡើយ។

ដោយឡែក លោកព្រាប សុវត្ថិ មិនអាចទាក់ទងបានឡើយ…។

ទស្សនិកជនបានលើកឡើងថា ប្រសិនបើកូនប្រុសសង្ហាទាំង៣ របស់ព្រាប សុវត្ថិ ពិតជាក្លាយទៅជាតារាចម្រៀងហង្សមាស ជាផ្លូវការ តាមរយៈការបង្ហាញខ្លួនក្នុងថ្ងៃសន្និសីទកាសែតមែននោះ តើឆ្នាំ២០១៨នេះ ជាពេលវេលាដែលលោកព្រាប សុវត្ថិ ត្រូវចូលនិវត្តន៍ពីអាជីពចម្រៀងឬ?៕

RELATED ARTICLES