Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិបញ្ចប់​ឆមាស​ទី១ កម្ពុជា​សម្រេច​បាន​ជាង​១០​ពាន់​លាន​ដុល្លារ

បញ្ចប់​ឆមាស​ទី១ កម្ពុជា​សម្រេច​បាន​ជាង​១០​ពាន់​លាន​ដុល្លារ

យោងតាមការបញ្ចេញរបាយការណ៍បានអះអាងថា ប្រទេសកម្ពុជានាំចេញផលិតផលនានាបានចំនួនជាង៤ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញគឺមានជាង៦ពាន់លានដុល្លារហើយនៅក្នុងរយៈពេល៦ខែក្នុងឆមាសទី១ដែលទើបបញ្ចប់។ តួលេខនេះ បង្ហាញយ៉ាងច្បាស់ថាកំណើននៃការនាំចេញមានការស្ទុះឡើង ក្នុងពេលដែលតួលេខទាំងមូលអាចបន្តកើនឡើងបន្ថែមទៀត ទម្រាំឈានដល់បញ្ចប់ចុងឆ្នាំនៅដំណាច់ឆ្នាំ២០១៦នោះ។

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីមានរបាយការណ៍ ពីអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហ័រណនីហរ័ណ និងបង្រ្កាបការក្លែងបន្លំ(កាំកុងត្រួល) ដែលបានប្រកាសថាផលិតផលនាំចេញរបស់ប្រទេសកម្ពុជាមានចំនួន ៤,៥៧ពាន់លានដុល្លារ នៅដើមខែសីហាមុននេះ។ ក្នុងនោះក៏បានបង្ហាញពីការស្ទុះឡើងនូវផលិតផលសំខាន់ៗដែលបាននាំចេញនាពេលកន្លងមកតាំងពីដើមខែមករារហូតដល់ដំណាច់ខែមិថុនា ដែលជាដំណាក់កាលឆមាសទី១។ តាមរបាយការណ៍បញ្ជាក់ថា ចំនួនជាង៤ពាន់លានដុល្លារដែលកម្ពុជាធ្វើការនាំចេញបាននោះ ជាចំនួនខ្ពស់ជាង៦ខែឆ្នាំ២០១៥រហូតដល់១០ភាគរយ ដោយការព្យាករណ៍គឺនឹងខ្ពស់ជាងស្ថានភាពនាំចេញរបស់ប្រទេសកម្ពុជាពេញមួយឆ្នាំសម្រាប់២០១៦។ ក្នុងចំណោមផលិតផលដែលបាននាំចេញ គេកត់សម្គាល់ថាផលិតផលសំលៀកបំពាក់ និងស្បែកជើងមានដល់ ៧៩ភាគរយ ស្មើនឹង៣,៤៦ពាន់លានដុល្លារ និងផលិតផលសំខាន់ៗផ្សេងទៀតដូចជាផលកសិកម្ម និងសិប្បកម្មក៏ស្ថិតក្នុងចំនួន២១ភាគរយបន្ថែមទៀត។ ស្ថាប័នកាំកុងត្រូល បានបន្តបង្ហាញថា ក្រៅការនាំចេញបានចំនួន ៤,៥៧ពាន់លានដុល្លារ ប្រទេសកម្ពុជាក៏បាននាំចូលទំនិញមកពីក្រៅប្រទេសបានចំនួនជាង ៦,៣៣ ពាន់លានដុល្លារផងដែរ ក្នុងរយៈពេល៦ខែ ដោយទំនិញភាគច្រើនគឺបានដឹកតាមនាវា ឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ។ តួលេខនេះមានការបញ្ជាក់ថាកើនឡើង១២ភាគរយ បើធៀបនឹង៦ខែកាលពីឆ្នាំ២០១៥។ អ៊ីចឹងហើយទើបគេមើលឃើញថាទំហ៊ំទឹកប្រាក់នាំចេញ និងនាំចូលរបស់ប្រទេសកម្ពុជាមិនមានគម្លាតខុសគ្នាឆ្ងាយណាស់នោះទេ បើទោះជាប្រទេសកម្ពុជាត្រូវគេមើលឃើញថាជាប្រទេសនាំចូលស្ទើគ្រប់វិស័យ។ នោះគឺដោយសារតែកម្ពុជានៅមានសកម្មភាពខ្លាំងនៅឡើយលើការនាំចេញសំលៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មដូចជាអង្ករជាដើម ទៅក្រៅប្រទេសនៅខ្លាងនៅឡើយ។ របាយការណ៍នេះ ត្រូវគេមើលឃើញថាមានការស្ទុះល្អ ស្របគ្នានឹងទំហ៊ំវិនិយោគរបស់ប្រទេសកម្ពុជាដូចគ្នាផងដែរ ដែលមានន័យថាទាំងវិស័យនាំចេញទិញចូល និងវិស័យសាងសង់គម្រោងនានានៅក្នុងប្រទេសរវាងកម្ពុជា និងបរទេសមានកម្រិតរីកធំ ដែលកាន់តែជួយអោយកម្ពុជាមានការរីកចំរើនខ្លាំងក្លា។

មន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថាប្រទេសកម្ពុជាចាប់ផ្ដើមមានកំណើនពាណិជ្ជកម្មកាន់តែប្រសើរបើធៀបនឹងរយៈពេលកន្លងមក ដែលកម្ពុជាមិនទាន់មានទំនាក់ទំនងនាំចេញនាំចូលបានច្រើននៅឡើយរវាងប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់។ ប្រទេសនៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម គឺសុទ្ធតែជាប្រទេសដែលរុញអោយប្រទេសកម្ពុជាមានកំណើតស្ទុះឡើងលើទំហ៊ំពាណិជ្ជកម្ម និងការវិនិយោគ។ ប៉ុន្តែសន្ទុះដែលបានបង្ហាញឡើងនោះក៏មានន័យថាកើតចេញពីជឿជាក់របស់បរទេស បន្ទាប់ពីកម្ពុជាមានការពង្រឹងទំនាក់ទំនងការទូតជាមួយបរទេស និងបន្ទាប់ពីកម្ពុជាបានធ្វើយុទ្ធនាការផ្សព្វផ្សាយដើម្បីអោយមានភាពទាក់ទាញពីសំណាក់បរទេសនោះផងដែរ។ មានការយល់ឃើញថាការបង្កើនជើងហោះហើរត្រង់ពីបរទេសកាន់តែច្រើនមកកម្ពុជា គឺជាកត្តាដែលជួយអោយវិស័យនាំចូល និងនាំចេញផលិតផលពីកម្ពូជា ក៏ដូចជាការវិនិយោគស្ទុះល្អ។ អ្នកវិភាគសេដ្ឋកិច្ចសុទ្ធតែបានបញ្ជាក់ថា កាលណាប្រទេសកម្ពុជាបានធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយបរទេសវាច្បាស់ណាស់ថា  បរទសដែលបានឡើងចុះកម្ពុជាគេនឹងសំឡឹងឃើញពីគម្រោងវិនិយោគនៅកម្ពុជា ឬអាចឈាននាំចេញនាំចូលនូវផលិតផលផ្សេងដើម្បីជំរុញលើវិស័យនាំចេញនាំចូលនៅកម្ពុជា។ មន្ត្រីកាំកុងត្រូលបញ្ជាក់ថា ចំនួនជិត១១ពាន់លានដុល្លារគឺជាចំនូនល្អមួយ សម្រាប់វិស័យនាំចេញនាំចូលនៅក្នុងប្រទេសកម្ពុជានឹងធ្វើអោយមានសន្ទុះកាន់តែប្រសើរនៅឆ្នាំ២០១៦ទាំងមូល។

ជាមួយនឹងការប្រកាសឡើងរបស់កាំកុងត្រូលនេះ គឺជាការបង្ហាញអោយឃើញនូវតួលេខល្អបន្ថែមបន្ទាប់ពីមុននេះក៏មានរបាយការណ៍ថាបញ្ជាក់ថាកម្ពុជាកើនដល់ជាង១៩ប៊ីលានដុល្លារសម្រាប់វិស័យវិនិយោគដោយផ្ទាល់ពីបរទេសនៅកម្ពុជា។ របាយការណ៍ដែលបានបង្ហាញឡើង គឺគិតត្រឹមឆ្នាំ2014 កំណើនវិនិយោគបានកើតជាង19ប៊ីលានដុល្លារអាមេរិក ខណៈដែលតួលេខនេះ បើរាប់បញ្ចូលទាំងគម្រោងវិនិយោគនៅឆ្នាំ២០១៥ និង២០១៦ក្នុងឆមាសទី១ទៀត គឺពិតជាមានចំនួនច្រើនជាងនេះដាច់ឆ្ងាយ ដោយសារតែ២ឆ្នាំចុងក្រោយការបណ្ដាក់ទុនរបស់បរទេសមានចំនួនកើនប្លែក ជាពិសេសលើសំណង់ខុនដូរ បុរី និងការវិនិយោគលើកោះជាដើម។ អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញពីការសាទរលើរបាយការណ៍ទំាងពីរខាងលើ ប៉ុន្តែក៏បានព្រមានពីការធ្លាក់ចុះផងដែរ ប្រសិនបើខ្វះចំណាត់ការច្បាស់លាស់ក្នុងគ្រប់គ្រង ជាពិសេសលើការបណ្ដោយមានការនាំចូលច្រើនជាងដែលបណ្ដាលស្លាប់ដល់វិស័យមួយចំនួននៅកម្ពុជា៕

ដោយ ៖ ប៉េង លី

e

RELATED ARTICLES