Wednesday, January 15, 2025
Homeព័ត៌មានជាតិព្រោះតែដើម្បីគ្រួសារ! ប្តីឡើងត្នោត អកុសលរបូតដៃធ្លាក់បាក់កស្លាប់ ចោលប្រពន្ធកូន

ព្រោះតែដើម្បីគ្រួសារ! ប្តីឡើងត្នោត អកុសលរបូតដៃធ្លាក់បាក់កស្លាប់ ចោលប្រពន្ធកូន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ព្រោះតែគ្មានចំណេះជំនាញអ្វីធំដុំនឹងគេ ទើបចាប់យករបរឡើងត្នោតដើម្បីរកប្រាក់យកមកចិញ្ចឹមប្រពន្ធកូនទាំងត្រដាបត្រដួស ដោយរកបានមួយថ្ងៃ រស់មួយថ្ងៃសឹងមិនគ្រប់ ទីបំផុតក៏ជួបគ្រោះអកុសល របូតដៃធ្លាក់ពីលើចុងត្នោត បណ្តាលឱ្យបាក់ក ស្លាប់ចោលប្រពន្ធនិងកូន២នាក់ រស់នៅតែលតោល គ្មានទីពឹងអាស្រ័យ។

ករណីបុរសទុរគតធ្លាក់ពីលើចុងត្នោតស្លាប់ចោលប្រពន្ធកូននេះ បានកើតឡើងកាលពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ។

បុរសរងគ្រោះ ដែលធ្លាក់ពីលើចុងត្នោត បាក់កស្លាប់នោះ មានឈ្មោះបេត សារឿន អាយុ៣៦ឆ្នាំ មុខរបរឡើងត្នោត មានប្រពន្ធ និងកូន២នាក់ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ជីវភាពគ្រួសារនាងទីទ័លក្រខ្លាំងណាស់ ព្រោះតែនាងនិងប្តី សុទ្ធតែជាកូនអ្នកស្រែក្រីក្រ គ្មានបានរៀនសូត្រ ឬមានចំណេះជំនាញអ្វីដូចគេទេ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកបង្កើតបានកូន២នាក់ជាចំណងនិស្ស័យ និងរស់នៅពឹងផ្អែកវាសនាលើរបរដើរស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេប៉ុណ្ណោះ។ ក្រោយមកប្តីរបស់នាងបានចាប់យករបរឡើងត្នោតយកទឹកត្នោតជូរលក់ គ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃ តែរកបានមួយថ្ងៃចំណាយលើការហូបចុកសឹងមិនគ្រប់ផង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តទាំងអួលដើមកថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានដើរចេញពីផ្ទះដោយស្ពាយបំពង់ទឹកត្នោតផង បំណងចេញទៅឡើងត្នោតយកទឹកដូចសព្វដង។ លុះទៅដល់ដើមត្នោត ចំណុចកើតហេតុខាងលើ ប្តីរបស់នាង បានឡើងដើមត្នោតតាមធម្មតា ស្រាប់តែអកុសល ពេលឡើងទៅដល់កត្នោតទៅហើយ មិនដឹងជាយ៉ាងម៉េច ស្រាប់តែប្តីរបស់នាង បែរជារបូតដៃ ធ្វើឱ្យធ្លាក់ចុះមកដល់ដីសន្លប់ស្តូកស្តឹងតែម្តង។ ភ្លាមៗ អ្នកភូមិក្បែរខាងប្រទះឃើញ ក៏ប្រញាប់ជួយគ្នាដឹកបញ្ជូនប្តីរបស់នាងទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួចបានប្រាប់ថា ប្តីរបស់នាងបានបាក់កស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ស្ទើរគាំងបេះដូងស្លាប់ទៅតាមប្តីទៀតផង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកលំនៅឋានវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់ពីលើចុងត្នោតបាក់កស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

អ្វីដែលជារឿងគួរឱ្យខ្លោចចិត្តិបំផុតនោះ គឺគ្រួសារជនរងគ្រោះខាងលើនេះ មានជីវភាពទ័លក្រខ្លាំងណាស់ រស់នៅពឹងលើកម្លាំងជនរងគ្រោះជាប្តី និងជាឪពុកដែលប្រកបរបរជាអ្នកឡើងត្នោតប៉ុណ្ណោះ ស្រាប់តែពេលនេះ បង្គោលគ្រួសារមួយនេះ បែរជាបាក់បាត់ ជាហេតុធ្វើឱ្យជីវភាពកាន់តែតោកយ៉ាកទ្វេដង និងបន្សល់ទុកនូវស្ត្រីមេម៉ាយ និងកូនកំព្រាឪពុក ដល់ទៅ២នាក់ រស់នៅគ្មានទីពឹង។

ស្របជាមួយគ្នាននេះ ស្ត្រីជាប្រពន្ធជនរងគ្រោះ រួមនិងកូនទាំង២នាក់ បានលើកដៃសំពះអំពាវនាវសុំការសណ្តោសប្រណីពីសប្បុរសជន មេត្តាផ្តល់នូវក្តីអាណិតដល់គ្រួសារគាត់ផង ដើម្បីបន្តដំណើរជីវិតរបស់ពួកគេទៅមុខទៀត ពិសេសកូនៗដែលត្រូវការរៀនសូត្រ៕

RELATED ARTICLES