ខេត្តកណ្តាល ៖ ក្មេងស្ទាវ២ក្រុម បើកម៉ូតូជួបមុខគ្នា ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែភាគីម្ខាងបបួលវ៉ៃគ្នា១ស្មើ រួចក៏ឈប់ម៉ូតូស្ទុះទៅដាល់គេ២ដៃមុន ស្រាប់តែភាគីម្ខាងទៀតទប់កំហឹងមិនបាន ក៏ដាល់១ដៃសងវិញ ចំកណ្តាលមុខ បណ្តាលឱ្យបែកភ្នែក រងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
យុវជនរងគ្រោះដែលត្រូវគូទំនាស់ដាល់បែកភ្នែក មានឈ្មោះនៅ ចាន់តារា ហៅទីន អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ចំណែកជនសង្ស័យមានឈ្មោះយន យុទ្ធ អាយុ២១ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ នៅ ចាន់តារា ហៅទីន បានជិះម៉ូតូឌុបមិត្តភក្តិ ឈ្មោះប៊ិប ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រួចក៏បានជួបជាមួយឈ្មោះវី សំណាង ជិះម៉ូតូឌបជនសង្ស័យឈ្មោះយន យុទ្ធ ធ្វើដំណើរក្នុងទិសដៅស្របគ្នា។ ស្រាប់តែពេលនោះ ជនរងគ្រោះ បានចោទប្រកាន់ជនសង្ស័យថា បានលើកដៃ១ ចង់ហៅគ្នាវាយ១ស្មើឬ? បន្ទាប់មក ជនរងគ្រោះ ស្រាប់តែឈប់ម៉ូតូ រួចស្ទុះទៅដាល់ជនសង្ស័យចំនួន២ដៃមុន ត្រូវចំត្រង់ក ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងស្ទុះទៅដាល់ជនរងគ្រោះវិញ ១ដៃខាងស្តាំ បណ្តាលឱ្យបែកភ្នែករងរបួស ធ្ងន់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានដឹកបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា ឯរាជធានីភ្នំពេញ ដើម្បីព្យាបាលរបួស។ ចំណែក ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានដាល់ជនរងគ្រោះ ១ដៃមែន មូលហេតុដោយសារតែនៅសុខៗ ជនរងគ្រោះបានមកបបួលរូបគេវ៉ៃ១ស្មើ និងថែមទាំងស្ទុះមកដាល់រូបគេ២ដៃចំកទៀត ទើបធ្វើឱ្យរូបគេទប់កំហឹងមិនបាន ក៏ដាល់សងវិញ ១ដៃទៅ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕