ភ្នំពេញ ៖ យុវជនម្នាក់ ដែលត្រូវគេដឹងថា មានចរិតលក្ខណៈស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) ព្រោះតែតូចចិត្តនឹងប្រុសស្នេហ៍បែកចិត្ត គិតអ្វីមិនចេញ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចរោងកម្មករស្នាក់នៅ បន្ទប់លេខ D០៦ ស្ថិតក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះ ហ៊ន គឹមហេង អាយុ២២ឆ្នាំ មុខរបរផ្នែករដ្ឋបាលសន្តិសុខកោះពេជ្រ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមសម្តីបុរសឈ្មោះកុល សេត អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខក្នុងកោះពេជ្រ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គេមិនបានឃើញយុវជនរងគ្រោះចេញទៅធ្វើការនោះទេ ទើបអ្នករួមការងារនឹកឆ្ងល់ ក៏បានតាមមកហៅជនរងគ្រោះដល់បន្ទប់ លុះពេលមកដល់ ឃើញទ្វារបន្ទប់ចាក់សោពីខាងក្នុង ទើបស្រែកហៅ តែមិនឮសម្លេងឆ្លើយតបសោះ បន្ទាប់មក ក៏ដើរទៅអើតមើលតាមមាត់បង្អួច ស្រាប់តែក៏ឃើញយុវជនរងគ្រោះ បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា យុវជនរងគ្រោះរូបនេះ គឺជាមនុស្សស្រលាញ់ភេទដូចគ្នា (ប្រុស ស្រលាញ់ប្រុស) ហើយមួយរយៈចុងក្រោយនេះ គូស្នេហ៍របស់យុវជនរងគ្រោះបានបែកផ្លាស់ចិត្តសុំចែកផ្លូវ ទើបធ្វើឱ្យជនរងគ្រោះចេះតែត្អូញត្អែរ ថាលំបាកចិត្តណាស់ ដោយសារតែស្នេហាមិនសមបំណង ទីបំផុត ប៉ុន្មានថ្ងៃក្រោយមក ក៏កើតមានការផ្អើលឆោឡោថា ជនរងគ្រោះបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហមចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានរថយន្តដឹកសពរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកសពយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រងចាំក្រុមគ្រួសារមកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕