ចិត្តមនុស្សមួយចំនួនមានការប្រែប្រួលគ្រប់វិនាទី ម្តងស្រលាញ់ម្តងស្អប់ សូម្បីប្រពន្ធប្តីដេកឱបគ្នារាល់ថ្ងៃ ក៏ក្បត់ចិត្តគ្នាដែរ។ យ៉ាងណាមិញ បុរសម្នាក់ កាលចេញធ្វើការរកប្រាក់នៅស្រុកឆ្ងាយ ត្រូវបានអ្នកស្រុកខ្សឹបថា ប្រពន្ធខ្លួនធុំក្លិនមិនស្រួល លុះពេលនាងសុំប្តីទៅធ្វើការរោងចក្រនៅទីក្រុង បានមួយរយៈ ស្រាប់តែលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយសង្សារ រួចពង្រត់គ្នាទៅបាត់ស្រមោល ទុកឱ្យប្តីចិញ្ចឹមកូន៣នាក់ ទាំងឈឺចាប់ពើតផ្សា…។
លោកកង ប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ បនារៀបរាប់ទាំងឈឺចិត្តស្អិតទ្រូង ព្រោះតែប្រពន្ធផិតក្បត់ រត់តាមប្រុសឱ្យដឹងថា លោកជាកូនពៅ ក្នុងចំណោម បងប្អូន៣នាក់ (ស្រី២ ប្រុស១) ដែលម្តាយឈ្មោះកង គីម អាយុ៧៨ឆ្នាំ ឪពុកស្លាប់។ កាលពីកំលោះ លោកមិនងាយយកប្រពន្ធទេ សុខចិត្តនៅខ្លួនមួយ ដើរលេងសប្បាយ រហូតដល់អាយុ៣៥ឆ្នាំ ទើបឪពុកម្តាយចូលស្តីដណ្តឹងក្រមុំម្នាក់ឈ្មោះបុល រ៉ន អាយុប្អូនលោក៧ឆ្នាំរៀបការធ្វើជាគូគាប់ទ្រនាប់ជីវិត ជាមួយលោករួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន ៣នាក់ (ស្រី១ ប្រុស២) ជាចំណងអាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែចម្ការ និងធ្វើការសំណង់ចិញ្ចឹម ជីវិត។ មុនដំបូង
ប្រពន្ធស្រលាញ់ស្មោះស្ម័គ្រជាមួយប្តី ណាស់ ទោះជាលោកដើរទៅធ្វើការសំណង់នៅឆ្ងាយៗ បាត់កន្លះខែ ឬមួយខែចូលផ្ទះម្តង ក៏មិនបារម្ភប្រពន្ធ មានស្នៀតលួចផិតក្បត់ចិត្តឡើយ ដែលចំណុចល្អ នេះ ទោះជាលោកដើរធ្វើការនៅស្រុកគេ អស់កម្លាំង នឿយហត់យ៉ាងណា ក៏មិនដែលត្អូញត្អែរមួយម៉ាត់ដែរ ប៉ុន្តែមួយរយៈក្រោយមក ប្រពន្ធហាក់បីដូចជា ប្លែកណាស់ ចូលចិត្តនិយាយទូរស័ព្ទច្រើន គ្មានបាន ដេកពួន។ នៅពេលប្តីត្រឡប់មកលេងផ្ទះម្តងៗ ឃើញតែប្រពន្ធនិយាយទូរស័ព្ទ តែយ៉ាងណា ក៏លោកមិនដែលសួរដេញដោល ព្រោះមិនចង់ឱ្យមានជម្លោះនឹងគ្នា។ លុះក្រោយមកឮអ្នកស្រុកលួចខ្សឹបប្រាប់ថា ប្រពន្ធលោកមិនស្រួលហើយ ដោយលួចមានទំនាក់ទំនងស្នេហាផិតក្បត់ជាមួយប្រុសម្នាក់នៅខេត្ត បន្ទាយមានជ័យ និងបានណាត់ជួបគ្នា នៅទីរួមខេត្តតាកែវ ២-៣ ដងរួចមកហើយ។ តែពេលនោះ លោកមិនបានជឿពាក្យសម្តី អ្នកស្រុកភ្លាមៗទេ ព្រោះខ្លាចគេនិយាយអុជអាលឱ្យ ប្តីប្រពន្ធលោកបែកបាក់គ្នា។ តែយ៉ាងណា លោក ក៏លួចតាមដាន និងហាមឃាត់ប្រពន្ធ ព្រមទាំងដក ទូរស័ព្ទមិនឱ្យនាងប្រើទៀត ហើយបានសួរនាំតាម ត្រង់ពីពាក្យចចាមអារ៉ាមខ្សឹបខ្សៀវរបស់អ្នកស្រុក ទៀតផង តែនាងប្រកែកថា មិន
បានប្រព្រឹត្តខុសសីលធម៌ជាមួយប្រុសឈ្មោលណា ទេ។ នាងនៅតែមានចិត្តស្មោះជាមួយប្តី និងបានស្បថស្បែដាក់ជីវិតទៀតផង ទើបធ្វើឱ្យលោកជឿចិត្តប្រពន្ធមួយពេលទៅ ហើយក៏មិនសួរដេញដោល រឿងនេះតទៅទៀតដែរ។
លោកកង ប្រុស បន្តទៀតថា ក្រោយពី ស្ងាត់រឿងនេះមួយរយៈខ្លី ប្រពន្ធ បានសុំលោក មកធ្វើការរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ដើម្បីយកប្រាក់កម្រៃ ជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយពេលនោះ លោកក៏មិនហាមឃាត់ប្រពន្ធដែរ និងព្រមទាំងឱ្យនាងប្រើប្រាស់ទូរស័ព្ទដៃវិញ។ នៅក្នុងប៉ុន្មានខែដំបូង ប្រពន្ធបានមកលេងផ្ទះ មើលកូនជាធម្មតា លុះក្រោយមកស្រាប់តែបាត់ដំណឹងនាង សូន្យលែងឃើញមកផ្ទះដូចរាល់ខែ សូម្បីតែទូរស័ព្ទ ក៏មិនអាចទទួលការ ហៅចូលបានដែរ ទើបលោកសម្រេចចិត្តធ្វើដំណើរតាមទៅរកប្រពន្ធដល់ បន្ទប់ជួលស្នាក់នៅ តែមិនឃើញនាងជួលស្នាក់នៅ ទីនោះទៀតឡើយ ប៉ុន្តែអ្នកដែលជួលបន្ទប់ស្នាក់នៅ ក្បែរគ្នានោះ គេប្រាប់ថា ប្រពន្ធលោកមិនស្នាក់នៅ ទីនេះទៀតទេ ដោយមានបុរសម្នាក់មកនាំនាងទៅរស់ នៅកន្លែងផ្សេង។
លោកកង ប្រុស បន្តទាំងអួលអាក់ថា គ្រាន់តែ ឮគេប្រាប់ដូច្នេះ លោកធ្លាក់ថ្លើមក្តុកដល់ដី នឹកក្នុងចិត្ត ប្រពន្ធច្បាស់ជារត់តាមជាមួយប្រុសសហាយជាមិនខាន ព្រោះលោកដឹងថាប្រពន្ធមានចិត្តមិនស្មោះជាមួយ ប្តីតាំងពីយូរមកហើយ តែលោកទ្រាំធ្វើគធ្វើថ្លង់ ធ្វើ ដូចជាមិនដឹងរឿងអ្វី។ បើគិតមកដល់ពេលនេះ ប្រពន្ធ ជើងល្អរូបនោះបានរត់ទៅជាមួយប្រុសសហាយនោះ មានរយៈពេល៦ខែមកហើយ មិនដឹងជាទៅសំងំ សោយសុខរស់នៅទីកន្លែងណា ដោយទុកកូនទាំង៣ នាក់ឱ្យលោកចិញ្ចឹមតែម្នាក់ឯង ទាំងឈឺចាប់ក្នុង ឱរាពើតផ្សា មិននឹកស្មានថា ប្រពន្ធហ៊ានធ្វើបែបនេះ ដាក់ប្តីសោះ។ តែយ៉ាងណា លោកមិនចុះចាញ់នឹង ព្រហ្មលិខិត ដេកផ្សំដួលរមួលផ្សំគ្រេចឡើយ ទោះអត់ ពីប្រពន្ធទៅ ក៏លោកមានសមត្ថភាពចិញ្ចឹមផ្តល់ភាព កក់ក្តៅឱ្យកូនទាំង៣នាក់បានដែរ។
ដោយឡែក នាងបុល រ៉ន អាយុ៣៦ឆ្នាំ ជាប្រពន្ធ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ មិនដឹងនាងកំពុងរស់នៅទីកន្លែងណា តែយ៉ាងណាយើងនឹងរង់ចាំនាងបំភ្លឺជានិច្ច។
លោកជួន គឿន អាយុ៤៧ឆ្នាំ លោកចៀន ចឿន អាយុ៣០ឆ្នាំ និងលោកសេន វិត អាយុ៣១ឆ្នាំ ជា អ្នកជិតខាងបានឱ្យដឹងស្របគ្នាថា តាមពិតនាងបុល រ៉ន ធុំក្លិនខ្លួនមិនល្អតាំងនៅស្រុកម៉្លេះ លុះប្តីបណ្តោយ ឱ្យទៅធ្វើការនៅទីក្រុង ដូចបើកដៃឱ្យអ៊ីចឹង ពោលគឺ នាងមានឱកាសល្អសម្រាប់បង្កាត់ភ្លើងស្នេហ៍ផិតក្បត់ ជាមួយប្រុសស្នេហ៍ ហើយក៏បានពង្រត់គ្នាទៅបាត់ ស្រមោលតែម្តង ចោលប្តីនិងកូនគ្មានស្រណោះ ពិតជាចិត្តដាច់ដូចស្រីក្ងោកមាសមែន។
អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា ពួកគាត់មិនស្វាគមន៍នឹងទង្វើផិតក្បត់របស់នាងបុល រ៉ន ឡើយ ព្រោះវាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរមួយ ព្រោះប្តីកំពុងរស់នៅឱ្យជ្រងោៗបែរជាប្រពន្ធហ៊ាន ទៅលួចមានប្រុសឈ្មោលបែបនេះទៅវិញ ប៉ុន្តែតាម ការកត់សម្គាល់ស្នេហារបៀបនេះ មិនសូវមានអាយុ វែងទេ គឺបានតែមួយខ្យល់ប៉ុណ្ណោះ ថ្ងៃណាមួយប្រុស ស្នេហ៍អស់ចិត្ត នឹងបោះបង់នាងចោលវិញជាមិនខាន ហើយថ្ងៃនោះ នាងនឹងស្គាល់រសជាតិនៃការឈឺចាប់ ជាមិនខាន។ នេះជាមេរៀនជីវិតមួយ ដែលស្ត្រី ទាំងឡាយមិនគួរដើរតាមគន្លងនាងបុល រ៉ន ឡើយ…”៕