Wednesday, January 15, 2025
Homeព័ត៌មានជាតិឈ្លោះជាមួយប្រពន្ធចុង ទៅចូលម៉ាស្សា គាំងបេះដូងស្លាប់

ឈ្លោះជាមួយប្រពន្ធចុង ទៅចូលម៉ាស្សា គាំងបេះដូងស្លាប់

ភ្នំពេញ ៖ ករណីបុរសអាណិកជនខ្មែរសញ្ជាតិបារាំងម្នាក់ ដែលបានបើករថយន្តចូលទៅម៉ាស្សា នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្រោយមកស្រាប់តែអាការជំងឺបេះដូងធ្វើទុក្ខ បណ្តាលឱ្យគាំងបេះដូងស្លាប់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវបានស្ត្រីម្នាក់អះអាងថា ត្រូវជាប្រពន្ធចុង បានបញ្ជាក់ថា ជនរងគ្រោះមានជំងឺបេះដូងចំហ និងបានឈ្លោះប្រកែកគ្នាជាមួយនាងជាប្រពន្ធ រួចក៏បើករថយន្តចេញពីផ្ទះ ស្រាប់តែមកស្លាប់ក្នុងហាងម៉ាស្សាទៅវិញ។

គួររំលឹកថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កន្លងទៅ មានបុរសម្នាក់ ឈ្មោះលីន ងួន អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មានស្រុកកំណើតនៅភូមិស្ទឹងថ្មី ឃុំដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប បានបើករថយន្តចូលមកម៉ាស្សានៅក្នុងហាងម៉ាស្សាស្ទីម និងសូណាមួយកន្លែង តាមផ្លូវ២០៥ កែងផ្លូវ៣៣០ ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន លុះក្រោយពីម៉ាស្សាបានប្រមាណកន្លះម៉ោង អាការជំងឺបេះដូងជនរងគ្រោះរើឡើង ទើបធ្វើឱ្យបុគ្គលិកហាងម៉ាស្សាប្រញាប់ ទាក់ទងហៅរថយន្តសង្គ្រោះមកជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ស្រាប់តែអកុសល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បុរសរងគ្រោះឈ្មោះលីន ងួន បានបើករថយន្តតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-7317 ចូលទៅម៉ាស្សា ស្រាប់តែអាការជំងឺបេះដូង ជនរងគ្រោះធ្វើទុក្ខ ក៏បានស្លាប់ ពេលបុគ្គលិកហាងដឹកដល់មន្ទីរពេទ្យរស្ស៊ី ហើយក្រោយពីត្រួតពិនិត្យសពរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។ ក្រោយមក សមត្ថកិច្ចបានដឹកយកសពទៅរក្សានៅទូក្លាស្សេសពនៅវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្នសិន។

សមត្ថកិច្ច បន្តថា លុះមកដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក៏មានសាច់ញាតិសព ត្រូវជាប្អូនស្រីជីដូនមួយរបស់សពបានមកសុំយកទ្រព្យសម្បត្តិ និងសពដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី តែសមត្ថកិច្ចចាំបាច់ត្រូវរង់ចាំធ្វើការត្រួតពិនិត្យរាល់ឯកសារត្រឹមត្រូវជាមុនសិន ទើបអាចប្រគល់សម្ភារៈ រួមមានរថយន្តតូយ៉ូតាព្រូស នាឡិកាដៃ លុយ២០០ដុល្លារ លុយខ្មែរជាង១ម៉ឺនរៀល ខ្សែកលោហៈធាតុពណ៌លឿង ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅ ស៊េរីទំនើប១គ្រឿង កាបូបតូចដាក់លុយ ចំនួន១ វែនតាចំនួន១ និងកូនសោរថយន្តរបស់បុរសរងគ្រោះ ដោយរង់ចាំរកគ្រួសារឃើញច្បាស់លាស់នឹងប្រគល់ឱ្យយកទៅប្រើប្រាស់។

ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដដែលនោះ មានស្ត្រីម្នាក់ឈ្មោះ សេង ចន្តា អាយុ៣៣ឆ្នាំ មុខរបរជាងអ៊ុតសក់ និងធ្វើក្រចក ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិ៣ម៉ែត្រ ឃុំទួលស្នូល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានមកធ្វើកំណត់ហេតុជាមួយសមត្ថកិច្ចថា នាងត្រូវជាប្រពន្ធចុងរបស់សព។

ស្ត្រីឈ្មោះសេង ចន្តា បានរៀបរាប់ទាំងទឹកភ្នែករលេងរលោងថា នាងបានស្គាល់គ្នាជាមួយប្តី (សព) អស់រយៈពេល៥ឆ្នាំមកហើយ ខណៈដែលប្តីបានមកធ្វើការរកស៊ីនៅស្រុកខ្មែរ ហើយប្តីនាងស្រលាញ់នាងខ្លាំងណាស់ មិនដែលមាត់តូចមាត់ធំដាក់នាងទេ តែគួរឱ្យស្តាយ ពួកនាងរួមរស់អស់រយៈពេល៥ឆ្នាំ ប៉ុន្តែមិនទាន់មានកូនជាមួយគ្នានៅឡើយ។

ស្ត្រីរូបនេះបានបន្តថា ប្តីនាងរាល់ថ្ងៃមានជំងឺបេះដូងចំហ ដោយគិតមកដល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំមកហើយ ហើយប្តីតែងទៅព្យាបាលនៅគ្លីនិកមេគង្គ។ កន្លងមក នាងធ្លាប់នាំប្តីទៅពេទ្យតាមការកំណត់មិនដែលអាក់ខានឡើយ ប៉ុន្តែនៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នាងនិងប្តី បានទាក់ពាក្យសំដីគ្នាបន្តិចបន្តួច ទើបធ្វើឱ្យប្តីតូចចិត្ត ក៏បានរើអីវ៉ាន់ចេញ រួចនិយាយដាក់នាងថា គាត់ឈប់រស់នៅជាមួយនាងទៀតហើយ រួចក៏បើករថយន្តចេញបាត់ទៅ។ ចំណែកនាងក៏មិនបានហាមឃាត់ប្តីអ្វីដែរ ដោយយល់ថា ប្តីខឹងតែបន្តិច ច្បាស់ជាលែងអីហើយ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បុរសជាប្អូនថ្លៃរបស់ប្តីបានមកប្រាប់នាងដល់ហាងអ៊ុតសក់ថា ប្តីនាងស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ហើយតើមានដឹងរឿងដែរឬទេ? ពេលឮសូរសម្តីបែបនេះ នាងបានរន្ធត់ចិត្តយ៉ាងខ្លាំង និងថែមទាំងបានស្តីបន្ទោសខ្លួនឯងដែរថា ប្រសិនបើនាងមិនឈ្លោះប្រកែកជាមួយប្តី ធ្វើឱ្យប្តីខឹង ក៏មិនបណ្តាលឱ្យជំងឺបេះដូងប្តីធ្វើទុក្ខរហូតដល់បាត់បង់ជីវិតបែបនេះដែរ។

យ៉ាងណាក្តី ស្ត្រីជាប្រពន្ធចុងសពបានប្រកាសជំហរថា ក្នុងនាមនាងជាប្រពន្ធចុង មកបំភ្លឺឱ្យសមត្ថកិច្ចនេះ គឺមិនចង់បានទ្រព្យសម្បត្តិអ្វីទេ ហើយកាលពីអំឡុងពេលរួមរស់ជាមួយគ្នា ប្តីក៏គ្មានបន្សល់ទុកទ្រព្យសម្បត្តិអ្វីឱ្យនាងដែរ សូម្បីតែផ្ទះសំបែងក៏គ្មានដែរ ព្រោះបច្ចុប្បន្ននាងរស់នៅបន្ទប់ជួលទេ ហើយអ្វីដែលនាងចង់បាននាពេលនេះ គឺគ្រាន់តែចង់ឃើញមុខប្តីរបស់នាងជាលើកចុងក្រោយប៉ុណ្ណោះ។

តាមសម្តីស្ត្រីឈ្មោះប៉ែន សុជាតា អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩៤ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលអះអាងថា ត្រូវជាប្អូនជីដូនមួយសព បានបញ្ជាក់ប្រាប់ថា គាត់បានដឹងដំណឹងបងជីដូនមួយស្លាប់តាមរយៈប្រពន្ធដើមសព នៅឯប្រទេសបារាំងឯណោះ ដោយខាងស្ថានទូត បានទាក់ទងទៅប្រាប់។ បន្ទាប់មកគាត់ក៏មកសាកសួរមូលហេតុអ្វីបានជាបងប្រុសជីដូនមួយស្លាប់បែបនេះ? ក្រោយមកសមត្ថកិច្ចបានប្រាប់មូលហេតុទើបបានដឹង ហើយគាត់ក៏ទទួលស្គាល់ដែរថា បងប្រុសជីដូនមួយរបស់គាត់ម្នាក់នេះ ពិតជាមានជំងឺបេះដូងចំហប្រាកដមែន ដោយរាល់ថ្ងៃព្យាបាលជំងឺនៅគ្លីនិកឯកជន។

ស្ត្រីជាប្អូនជីដូនមួយសពរូបនេះបានបញ្ជាក់ថា ពេលនេះ គាត់ស្នើសុំយកសម្ភារៈដែលនៅសល់ និងធ្វើបែបបទជាមួយខាងស្ថានទូតរួច នឹងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ហើយនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ ប្រពន្ធដើមរបស់សពនឹងមកដល់ស្រុកខ្មែរ ដើម្បីមកទទួលយកសព ដោយសារតែខាងស្ថានទូត តម្រូវឱ្យប្រពន្ធស្របច្បាប់មកបំពេញបែបបទ ទើបអាចឱ្យសមត្ថកិច្ចប្រគល់សពបាន៕

RELATED ARTICLES