Wednesday, January 15, 2025
Homeសង្គម និងជីវិតក្រមុំងងឹតភ្នែក លង់ស្នេហ៍ពោះម៉ាយ បានកូន១រត់ចោលនាងបាត់

ក្រមុំងងឹតភ្នែក លង់ស្នេហ៍ពោះម៉ាយ បានកូន១រត់ចោលនាងបាត់

ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់នេះ កើតមកមានវាសនាអភ័ព្វខ្លាំងណាស់ គ្រាន់តែចូលដល់អាយុ៦ឆ្នាំ ក៏ងងឹតភ្នែកដោយមិនដឹងមូលហេតុ ជាហេតុធ្វើឱ្យធំពេញវ័យក្រមុំ គ្មានប្រុសណាចាប់អារម្មណ៍សុំស្នេហ៍ ដណ្តឹងធ្វើជាប្រពន្ធសោះ ក្រោយមកក៏បានជួបនឹងបុរសពោះម៉ាយម្នាក់ តាមលួងលោមសុំស្នេហ៍ រហូតដល់ព្រមរួមរស់នឹងគ្នាបាន១ឆ្នាំ មានផ្ទៃពោះ៦ខែ ស្រាប់តែប្តីហេងស៊យ រត់ចោលបាត់ ទុកឱ្យប្រពន្ធងងឹតភ្នែក ត្រូវទទួលរ៉ាប់រងចិញ្ចឹមមើលថែកូនទាំងលំបាកវេទនាជាទីបំផុត។

នាងយ៉ា សុភាព អាយុ២៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាភេម ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ បានរៀបរាប់ប្រាប់ថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន១០នាក់ (ប្រុស៨ ស្រី២) មានឪពុកឈ្មោះយ៉ា ណន អាយុ៦៣ឆ្នាំ ម្តាយឈ្មោះហង់ សុយ អាយុ៦៥ឆ្នាំ។ ដោយសារតែភ្នែករបស់នាងចាប់ផ្តើមពិការនៅអាយុ៦ឆ្នាំ ហេតុនេះទើបនាងមិនបានរៀនសូត្រអ្វី បានចេះដឹងនឹងគេនោះទេ។

នាងយ៉ាង សុភាព បានបន្តថា តាមពិតនៅពេលដែលនាងចាប់កំណើតក្នុងផ្ទៃម្តាយ កើតមកមានភ្នែកភ្លឺល្អធម្មតា អាចមើលឃើញដូចគេឯងដែរ តែអកុសល ពេលដែលនាងឈានចូលអាយុ៦ឆ្នាំ នៅសុខៗស្រាប់តែភ្នែករបស់នាងត្រូវងងឹតទាំងសងខាងតែម្តង និងលែងអាចមើលឃើញ អ្វីទាំងស្រុងចាប់ពីពេលនោះមក សូម្បីទៅសាលារៀនសូត្រក៏មិនកើតដែរ។ ដំបូងឡើយ ម្តាយនាងបានព្យាយាមនាំនាងទៅមន្ទីរពេទ្យព្យាបាលញឹកញាប់ណាស់ តែមិនមានលទ្ធផលសោះ។ មូលហេតុ ដែលនាងងងឹតភ្នែក គឺមកពីតំណពូជ ព្រោះជីដូនជីតាខាងឪពុករបស់នាង មានកុងម៉ា ត្រូវសែនព្រេនឱ្យ តែពួកគាត់កំណាញ់ម៉ៅស្វិតពេក មិនដែលសែនព្រេនឱ្យសោះ ហេតុនេះទើបធ្លាក់ខ្លួនពិការភ្នែកតាំងពីជំនាន់ជីតារបស់នាងមក។

នាងសុភាព បានឱ្យដឹងថា លុះចូលដល់វ័យក្រមុំពេញរូបពេញរាង ត្បិតថានាងមានរូបសម្រស់ស្អាតគួរសម ប៉ុន្តែនៅពេលដឹងថាភ្នែកនាងពិការ គ្មានប្រុសណាគេចាប់អារម្មណ៍ចង់ចូលក្បែរនែបនិត្យសោះឡើយ ទើបធ្វើឱ្យនាងត្រូវធ្លាក់ខ្លួនក្លាយជាក្រមុំសៅកែ រហូតដល់ក្រោយមក ត្រូវ បុរសពោះម៉ាយម្នាក់ស្ម័គ្រយកនាងជាប្រពន្ធ ធ្វើឱ្យនាងរីករាយយ៉ាងខ្លាំងនឹកថាគូព្រេងមកដល់ហើយ តែយ៉ាងណានាងក៏មិនទាន់ហ៊ានសម្រេច យល់ព្រមភ្លាមៗដែរ ខ្លាចប៉ះចំប្រុសចិត្តមិនស្មោះ។ បុរសពោះម៉ាយនោះ មានឈ្មោះអឿន ស៊្រន អាយុ៤៥ឆ្នាំ ជាពោះម៉ាយកូន១ គេបានព្យាយាម ទាក់ទងនាងជាង១ឆ្នាំ ទម្រាំនាងយល់ព្រមយកគ្នាជាប្តីប្រពន្ធ តាមរយៈការសែនព្រេន១ព្រឹក។

នាងសុភាព បានឱ្យដឹងទៀតថា ក្រោយពីបានរួមរស់នឹងប្តីមកឃើញថា ជីវិតនាងស្រស់បំព្រងល្អណាស់ ព្រោះបានស្គាល់រសជាតិស្នេហានឹងគ្នា ហើយនាងពិតជាស្រលាញ់ប្តីណាស់មើលថែបម្រើប្តីមិនឱ្យទាស់ចិត្តឡើយ យប់ព្រលប់តែបំពេញសេចក្តីសុខប្តី ទោះជាពេលខ្លះនាងហត់នឿយអស់កម្លាំង ក៏មិនហ៊ានត្អូញត្អែរ ឬកាត់ផ្តាច់របបប្តីនោះឡើយ។ ដឹងអី ក្រោយពីរួមរស់បាន១ឆ្នាំ នាងចាប់ផ្តើមមានផ្ទៃពោះ៦ខែ ស្រាប់តែប្តីហេងស៊យ បានចុះចោលនាងបាត់ ទុកឱ្យនាងរស់នៅរងទុក្ខវេទនា ពពោះទាំងងងឹតពពីមពពើម គ្រប់ខែអត់មានលុយសម្រាលបានបងប្អូន សាច់ញាតិអាណិត ជួយយកអាសាររហូតសម្រាលបានកូនស្រីម្នាក់ ហើយមកដល់សព្វថ្ងៃ តំណក់ឈាមរបស់ប្តីហេងស៊យនោះ មានអាយុជាង១ខួបទៅហើយ។

នាងយ៉ា សុភាព បានត្អូញត្អែរថា សព្វថ្ងៃនាងរស់នៅលំបាកវេទនាបំផុត ហើយបើកុំតែបានឪពុកម្តាយ បងប្អូនជួយទេ ម៉្លេះសមនាងនិងកូនដាច់ពោះស្លាប់បាត់អស់ទៅហើយ ព្រោះនាងមិនអាចចេញទៅរកស៊ីអ្វីបានឡើយ ព្រោះភ្នែកងងឹត សូម្បីតែបំបៅដោះកូនម្តងៗក៏ពពីម ពពើមដែរ ទម្រាំកូនបានបៅម្តងៗ ឃើញថាវេទនាខ្លាំងណាស់។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តីឈ្មោះអឿន ស៊្រន បាននៅឡើយទេ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES