ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ ព្រោះតែម្តាយធ្វេសប្រហែសមួយភ្លែត ស្រាប់តែដើរធ្លាក់ពីលើគ្រែបោកក្បាលនឹងជើងតាងផ្ទះ ចំលលាដ៍ បង្ហើយក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវគ្រូពេទ្យប្រាប់ថា អស់សង្ឃឹមព្យាបាលហើយ មានតែចាំដង្ហើមចុងក្រោយប៉ុណ្ណោះ លុះម្តាយយកមកផ្ទះវិញ បែរជាមិនស្លាប់ ផ្ទុយទៅវិញក្បាលចេះតែរកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមិនអាចធ្វើអ្វីបានទាំងអស់ សូម្បីបាយទឹកក៏មិនអាចហូបខ្លួនឯងបាន ត្រូវការអ្នកបញ្ចុកមើលថែ រហូតដល់អាយុ២០ឆ្នាំ ទើបស្លាប់ រួចក៏មកពន្យល់សប្តិម្តាយសុំចាប់កំណើតជាមួយវិញ លុះម្តាយអនុញ្ញាត ក៏តាមមកចាប់កំណើតជាថ្មី ក្នុងផ្ទៃម្តាយដដែល តែមិនមានក្បាលរីកធំចម្លែកដូចមុនទៀតនោះទេ។
អ្នកស្រី ជិន សាមើ អាយុ៥០ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធិ ស្រុកដងទង់ បានរៀបរាប់ប្រាប់ថា គាត់មានប្តីឈ្មោះជា វណ្ណៈ អាយុបងគាត់៥ឆ្នាំ ហើយតាំងចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់រួមរស់នឹងគ្នា បង្កើតបានកូនសរុបចំនួន១០នាក់ (ប្រុស៧ ស្រី៣)។
និយាយពីកូនទី៤ ឈ្មោះណិល ង៉ែត វិញ កូននេះ កើតមកដំបូងមានលក្ខណៈសម្បត្តិល្អធម្មតាទាំងអស់ ស្រាប់តែចូលដល់អាយុ២ខួប ចេះដើរ បងៗរបស់គេបាន បេះផ្លែព្រីងទុំឱ្យហូប លុះពេលវាដើរពីលើគ្រែទៅយកផ្លែព្រីងហូប មិនប្រយ័ត្ន ក៏ធ្លាក់បោកក្បាលនឹងជ្រុងជើងតាងផ្ទះ ចំបង្ហើយក្បាល និងធ្វើឱ្យ កូននេះចេះតែឈឺក្បាលមិនឈប់ ហើយក្បាលរបស់វាចេះតែរីកធំឡើងជាបន្តបន្ទាប់។
អ្នកស្រី ជិន សាមើ បានឱ្យដឹងថា នៅពេលកូនប្រុសធ្លាក់ពីលើគ្រែបោកក្បាលភ្លាមៗនោះ គាត់ភ័យណាស់ បាននាំកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែគ្រូពេទ្យប្រាប់ថា របួសនេះធ្ងន់ណាស់ មិនមានសង្ឃឹមព្យាបាលទេ ឮបែបនេះ គាត់អស់សង្ឃឹមខ្លាំងណាស់ ក៏យកកូនប្រុស ត្រឡប់មកផ្ទះវិញ រង់ចាំតែថ្ងៃស្លាប់ ប៉ុន្តែកូនប្រុសនេះ មានស្លាប់ឯណា បែរជារីកក្បាលធំៗឡើងជាលំដាប់ និងថែមទាំងពយវែងទៅក្រោយទៀតផង និងត្រូវបានអ្នកស្រុកភូមិនាំគ្នាហៅកូនប្រុសនេះថា កូនក្បាលធំៗរហូតមក។
កូនប្រុសនេះ មិនអាចធ្វើអ្វីកើតសោះ ត្រូវការគាត់មើលថែបម្រើ ជាប់ជានិច្ច រហូតដល់គេមានអាយុ២០ឆ្នាំ ទើបស្លាប់ទៅ ធ្វើឱ្យគាត់ចេះតែមានអារម្មណ៍ទម្លាក់កំហុសឱ្យខ្លួនឯងថា មកពីគាត់ធ្វេសប្រហែស ទើបបណ្តាលឱ្យកូនប្រុសធ្លាក់បោកក្បាល រហូតកើតមានអាការៈចម្លែក ក្បាលរីកធំ រស់នៅយ៉ាងលំបាកវេទនាអស់រយៈពេល២០ឆ្នាំ។
អ្នកស្រី ជិន សាមើ បានបន្តថា ដោយសារតែដក់អារម្មណ៍អាណិតអាសូរកូនប្រុសក្បាលធំនោះពេក ទើបគាត់សម្រេចថានឹងយកកូនម្នាក់ទៀត ហើយបើវត្ថុស័ក្តិសិទ្ធិមានមែន សូមឱ្យកូនប្រុសនោះ ត្រឡប់មកចាប់កំណើតជាមួយគាត់ម្តងទៀត គ្រាន់តែសុំកុំឱ្យក្បាលធំ និងលំបាកវេទនា ដូចមុនទៀតបានហើយ ពោលគឺកើតមករស់នៅធម្មតាដូចក្មេងដទៃទៀតចុះ។
លុះដល់យប់១ គាត់ក៏បានយល់សប្តីឃើញកូនប្រុសឈ្មោះណិល ង៉ែត នោះមកពន្យល់សប្តិ សុំគាត់នៅជាមួយវិញ ដោយគេមកពន្យល់សប្តិប្រាប់ ទាំងសភាពក្បាលធំដដែល។ ពេលនោះ គាត់តបថា កូនឯងមកសុំ ម៉ែនៅទាំងក្បាលធំយ៉ាងនេះ តិចពេលកើតមកក្បាលធំដូចមុនទៀតទៅ តែកូនប្រុសបានប្រាប់មកវិញថា អត់ទេ ខ្ញុំមកចាប់ជាតិម្តងនេះ គឺមាន លក្ខណៈត្រឹមត្រូវមិនដូចជាតិមុនទេ។ តាំងពីពេលនោះ មកគាត់ក៏ចាប់ផ្តើមមានផ្ទៃពោះ លុះពេលសម្រាលមក ឃើញថា ជាកូនប្រុស ឈ្មោះណិត ង៉ែត ដូចជាតិមុនមែន តែជាតិនេះ គាត់បានដាក់ឈ្មោះឱ្យគេថា ណិល ដាំ ហើយពេលនេះគេមានអាយុ៣ខួបកន្លះហើយ តែកាយសម្បទារបស់គេ ល្អធម្មតាទាំងអស់។
លោក ជា វណ្ណៈ ត្រូវជាប្តី បានបញ្ជាក់ថា រឿងកូនប្រុសគាត់ឈ្មោះណិល ង៉ែត ដែលមានក្បាលធំតាំងពីក្មេង រហូតដល់ស្លាប់នៅអាយុ ២០ឆ្នាំនោះ គឺមកពីប្រពន្ធមើលថែវាមិនបានល្អ បណ្តាលឱ្យធ្លាក់ពីលើគ្រែបុកនឹងជើងតាងផ្ទះ។ ប៉ុន្តែពេលគេមកចាប់ជាតិនៅជាតិនេះ ឃើញថា មានលក្ខណៈត្រឹមត្រូវ មិនមានក្បាលធំពយ ដូចជាតិមុននោះទេ រីឯសុខភាពក៏ល្អធម្មតាដូចក្មេងទូទៅដែរ៕