Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីអ្នកមានមិនហ៊ានយក លង់ស្នេហ៍កំលោះក្រីក្រ

ប្តីអ្នកមានមិនហ៊ានយក លង់ស្នេហ៍កំលោះក្រីក្រ

រឿងស្នេហា មិនប្រកាន់មាន ក្រ សខ្មៅ ឬវណ្ណៈ សង្គមអ្វីឡើយ សំខាន់ឱ្យតែបេះដូងប្រុសស្រី២នាក់ ស្រលាញ់គ្នា គឺចប់រឿង។ តួយ៉ាង នារីម្នាក់នេះ ជាកូនអ្នកមានធូរធារម្នាក់ ហើយកាលពីក្រមុំ មានកូនអ្នកមានទ្រព្យ ស្តុកចូលស្តីដណ្តឹងប្រាថ្នាយកនាងធ្វើជាប្រពន្ធ ជាបន្តបន្ទាប់ តែនាងមិនហ៊ានយក បែរជាមកលង់ ស្នេហ៍កំលោះអ្នកក្រ ទទួលយកធ្វើប្តី មកជ្រកកោនក្នុង កូនខ្ទមរយីករយាកមានទ៍ហំ២ម៉ែត្រ៤ជ្រុង…។

នាងញ៉ាញ់ ពៅ អាយុ២៦ឆ្នាំ សព្វថ្ងៃកំពុងរស់នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា រូបនាងជាកូនពៅក្នុងចំណោម បងប្អូន៤នាក់ (ស្រី២ ប្រុស២) ដែលឪពុកម្តាយកំពុងរស់នៅស្រុកកំណើត ឯខេត្តត្បូងឃ្មុំ ឯណោះ។ តាមពិត ទៅគ្រួសាររបស់នាងជាអ្នកមានជីវភាពធូរធារមួយនៅ ខេត្តត្បូងឃ្មុំ ព្រោះឪពុកម្តាយ ជាអ្នករកស៊ី មានមុខមានមាត់ម្នាក់ ប៉ុន្តែនាងរៀនសូត្រមិន បានវែងឆ្ងាយទេ ដោយខួរក្បាលខ្សោយរៀនមិន ចេះចាំចំណាំមិនបាន តែបើខាងរកស៊ីវិញ ធានាមិន ឱ្យចាញ់គេឡើយ។ ចំណែក ឯរូបសម្រស់របស់នាង ក៏មិនអន់ប៉ុន្មានដែរ ទាំងសាច់ឈាម និងកម្ពស់បានទាំងអស់ប្រុសណាបានឃើញរូបសម្រស់ នាងហើយ ច្បាស់ជាបាក់ចិត្តលង់ស្នេហ៍ប្រាថ្នា នែបនិត្យប្រាណនាងជាមិនខាន។

លោកសៀក រី

នាងពៅ បន្តឱ្យដឹងទៀតថា នាងនិយាយមិនអួតទេ គ្រាន់តែធំពេញរូប ពេញរាងភ្លាម មានប្រុសៗ បាក់ចិត្តលង់ស្នេហ៍ជ្រួលជ្រើមតាមអង្វរសុំស្នេហ៍ ប្រាថ្នាយកនាងធ្វើជាគូជីវិតឥតខ្វះ មានទាំងពោះម៉ាយ វ័យចំណាស់ សម្បូរទ្រព្យ និងកូនអ្នកមានរៀនបានជ្រៅជ្រះទៀតផង សុទ្ធតែនាំចាស់ទុំ ចូលស្តីដណ្តឹងនាងដល់មេបា ឱ្យតែនាងហើបមាត់ឆ្លើយយល់ព្រម គឺរស់នៅលើគំនរទ្រព្យសម្បត្តិ ប្រកបដោយភាពសុខសាន្តមិនភ័យ រឿងក្រឡើយ ប៉ុន្តែពេលនោះនាងមិនចេះស្រលាញ់ប្រុសឈ្មោល ឬចង់បានប្តីសីអ្វីទេ ទន្ទឹមនឹងនេះ ឪពុកម្តាយក៏មិនហ៊ានបង្ខំចិត្តនាងដែរ ទើបប្រុសៗសម្បូរទ្រព្យទាំងនោះ ត្រូវដកខ្លួនថយទៅវិញអស់រលីង មិនហ៊ានមកក្បែរនាងទៀតឡើយ។ នាងបន្តទៀតថា ក្រោយមក ដោយមានការនឿយណាយនឹង ការងាររកស៊ីដដែលៗ និងចង់ប្រឡូកការងារនៅសង្គមខាងក្រៅ ដើម្បីឱ្យស្គាល់រសជាតិជីវិតផង នាងបានសុំឪពុកម្តាយធ្វើដំណើរមកទីក្រុងភ្នំពេញ ចូលធ្វើការរោងចក្រកាត់ដេរមួយកន្លែង។

នាងញ៉ាញ់ ពៅ និងកូន

នាងញ៉ាញ់ ពៅ ឱ្យដឹងបន្តទៀតថា លុះបន្ទាប់ពីធ្វើជាកម្មការិនី រោងចក្រ មិនដល់១ឆ្នាំផង ក៏មានកំលោះម្នាក់ឈ្មោះសៀក រី អាយុ ប្អូននាង២ឆ្នាំ ជាជាងកាត់កញ្ចក់នៅផ្សារទួលទំពូង បានច្រឡំលេខចូលក្នុងទូរស័ព្ទដៃរបស់នាង។ ចាប់ពីពេលនោះមកទំនាក់ទំនងរវាងនាង និងគេបានកើតមានជាហែហូរ និងកាន់តែមានភាពស្និទ្ធស្នាលពីមួយថ្ងៃទៅ មួយថ្ងៃ រហូតវិវឌ្ឍន៍ចេញជាសេចក្តីស្នេហា តាមរលកធាតុអាកាសយ៉ាង ផ្អែមល្ហែម។ លុះពេលណាត់ជួបមុខមាត់ឃើញរូបរាងគ្នាពិត ក៏ស្រលាញ់ ពេញចិត្តគ្នាស្តូកតែម្តង ហើយពេលនោះ នាងក៏ដឹងថា ប្រុសស្នេហ៍ជាកូនអ្នកក្រដែរ ប៉ុន្តែសម្រាប់នាងរឿងមានក្រមិនបញ្ហាឡើយ សំខាន់ឱ្យតែបេះដូងនាងស្រលាញ់ ពេញចិត្តមនុស្សដែលខ្លួនពេញចិត្ត គឺចប់រឿង។ បន្ទាប់មក នាងប្រាប់ឱ្យប្រុសសំណព្វចិត្ត នាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបា រៀបការតាមប្រពៃណីក្លាយជាប្តីប្រពន្ធពេញ ច្បាប់ រួមរស់ជាមួយគ្នាក្នុងរង្វង់សុភមង្គលរហូតមកដល់សព្វថ្ងៃ ដោយបង្កើតបានកូន២នាក់ ជាចំណងស្នេហ៍ ដែលកូនទី២ ទើបតែសម្រាលបានប៉ុន្មានខែប៉ុណ្ណោះ។

ផ្ទះនាងញ៉ាញ់ ពៅ

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា កាលពីរៀបការហើយនោះ ប្តីប្រពន្ធនាងរស់នៅខេត្តត្បូងឃ្មុំ ឯណោះទេ ដោយឪពុកម្តាយបានចែកផ្ទះធំទ្រនំខ្ពស់ឱ្យរស់នៅ ព្រមទាំងដីស្រែចម្ការសម្រាប់បង្កបង្កើនផលឥតខ្វះ រស់នៅ ក្នុងជីវភាពធូរធារសមរម្យ មានមុខមាត់ម្នាក់នឹងគេដែរ។ លុះក្រោយមក ប្តីបានបបួលនាងមកលេងឪពុកម្តាយក្មេក ហើយពួកគាត់ បានចែកកេរ អាករដីស្រែឱ្យប៉ុន្មានអំពក ទើបប្តីប្រពន្ធនាងសម្រេចសង់កូនខ្ទមតូច មួយមានទំហំ២ម៉ែត្រ ៤ជ្រុង រស់នៅតែម្តង គួរឱ្យស្រណោះខ្លួនណាស់។

លោកហ៊ាន ទន

លោកសៀក រី អាយុ២៤ឆ្នាំ ជាប្តី បានឱ្យដឹងតាមទូរស័ព្ទថា លោកជាកូនកសិករក្រីក្រ រៀនសូត្រមិនបានជ្រៅជ្រះឡើយ គ្រាន់តែចូលដល់វ័យ ជំទង់ភ្លាម ដើររសាត់អណ្តែតស៊ីឈ្នួលជួលព័ទ្ធគេ គ្រប់ទីកន្លែង យកប្រាក់កម្រៃចិញ្ចឹមជីវិត ហើយក៏មិន ដែលមានទំនាក់ទំនងស្នេហ៍ជាមួយនារីណាខូចចិត្ត ខូចថ្លើមពីមុនមកដែរ។ លុះមានថ្ងៃមួយ ខណៈដែល គេកំពុងតែស៊ីឈ្នួលធ្វើជាងកាត់កញ្ចក់ឱ្យគេនៅផ្សារ ទួលទំពូង ក៏ច្រឡំលេខទូរស័ព្ទរបស់ប្រពន្ធសព្វថ្ងៃនេះ។ ចាប់ពីពេលនោះមក ទំនាក់ទំនងពួកលោកទាំងពីរបាន រីកដុះដាលជាលំដាប់ រហូតបង្កើតបានជាចំណងស្នេហា ស្មគ្រ័ស្មោះជាមួយគ្នាយ៉ាងមានន័យ។

អ្នកស្រីងួន សុខវឿន

បុរសជាប្តីរូបនេះបញ្ជាក់ថា កាលដើមឡើយ លោកមិនមានសង្ឃឹមបានរួមរស់ជាមួយប្រពន្ធ សព្វថ្ងៃនេះឡើយ ព្រោះបើនិយាយពីរឿងវណ្ណៈគ្រួសារ វិញ ខុសគ្នាឆ្ងាយដូចមេឃនិងដី នាងជាកូនអ្នកមាន រីឯលោកជាកូនអ្នកក្រ ប៉ុន្តែជាភ័ព្វសំណាង ឪពុកម្តាយ របស់នាងព្រមលើកកូនក្រមុំដ៏ស្រស់ស្អាតឱ្យរៀបការ ជាមួយលោកធ្វើជាប្រពន្ធ នែបនិត្យប្រាណមកដល់ សព្វថ្ងៃ ធ្វើឱ្យបុរសមួយចំនួនមានចិត្តច្រណែនជាមួយ លោកដែលបានប្រពន្ធស្អាត ជាពិសេស បុរសដែល ធ្លាប់លួចស្រលាញ់នាងពីមុនមកតែម្តង។ ហើយលោក គិតថា នាំប្រពន្ធស្អាតមករស់នៅទីនេះ តែមួយ រយៈពេលខ្លីប៉ុណ្ណោះ បន្តិចទៀត ប្តីប្រពន្ធលោកនឹង វិលត្រឡប់ទៅរស់នៅឯខេត្តត្បូងឃ្មុំ វិញហើយ ព្រោះលោកមិនដាច់ចិត្តឃើញប្រពន្ធស្អាតជាទីស្រលាញ់ មករស់នៅក្នុងកូនខ្ទមរខេករខាកបែបនេះឡើយ។

លោកប្រាក់ ភារម្យ

លោកប្រាក់ ភារម្យ អាយុ២៨ឆ្នាំ លោកហ៊ាន ទន អាយុ៥៣ឆ្នាំ និងអ្នកស្រីងួន សុខវឿន អាយុ៤៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងញ៉ាញ់ ពៅ ប្រហែលជាគូព្រេងពីអតីតជាតិ ទើប បានជាវាសនារុញច្រានឱ្យពួកគេជួបគ្នាសាងចំណង ស្នេហ៍ដ៏ផ្អែមល្ហែម រហូតបានគ្នាជាប្តីប្រពន្ធ សាងគ្រួសារនឹងគ្នាបែបនេះ។ បើនិយាយពីរូបសម្រស់ និងទ្រព្យសម្បត្តិវណ្ណៈគ្រួសារវិញ មានភាពខុសគ្នាឆ្ងាយ ដូចមេឃ និងដី ព្រោះថា នាងពៅ ជាកូនអ្នកមាន និងមានប្រុសតាមចោមរោមអង្វរសុំស្នេហ៍ឥតខ្វះ រហូតធ្លាប់មានបុរសទ្រព្យស្តុកចូលស្តីដណ្តឹងទៅដល់ ពីរនាក់ តែនាងមិនយកភ្នែកមើលឡើយ បែរជាមក បើកប្រអប់បេះដូងទទួលយកសេចក្តីស្នេហាពីលោក សៀក រី ជាជនក្រីក្រទៅវិញ។ តែយ៉ាងណា ពួកគាត់ សូមឱ្យចំណងស្នេហ៍អ្នកទាំងពីរនៅស្ថិតស្ថេរជា អមតៈ ថែរក្សាគ្នាដល់ចាស់កោងខ្នង។
គួរបញ្ជាក់ថា ស្នេហាបរិសុទ្ធចេញពីបេះដូង កំលោះក្រមុំ រឿងទ្រព្យសម្បត្តិមាសប្រាក់មិនសំខាន់ឡើយ ហើយមិនអាចរារាំងពន្លកស្នេហ៍ពួកគេមិនឱ្យ រីកដុះដាលបាននោះទេ។ តែយ៉ាងណាក៏មិនត្រូវដើរ រំលងគន្លងប្រពៃណី និងបំបាក់មុខមាត់កិត្តិយស ក្រុមគ្រួសារដែរ…”៕

RELATED ARTICLES