Sunday, December 22, 2024
Homeព័ត៌មានជាតិស្រលាញ់គ្នា២ខែ ប្រុសស្នេហ៍អង្វរម៉ែឱ្យចូលដណ្តឹង

ស្រលាញ់គ្នា២ខែ ប្រុសស្នេហ៍អង្វរម៉ែឱ្យចូលដណ្តឹង

ស្នេហាយុវវ័យ សម័យថ្មីនេះ មានភាគតិចណាស់ ដែលគោរពប្រពៃណី បានខ្ជាប់ខ្ជួន មិនថ្លោះធ្លោយប្តូរសាច់ ទុំមុនស្រគាល មុនបាចផ្កាស្លា។ យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ បានបង្កាត់ភ្លើងស្នេហ៍ ឆ្លងដែននឹងគ្នានៅឯស្រុកថៃ តែពួកគេរក្សាប្រពៃណីខ្មែរ បានល្អណាស់ ទោះជាភ្លើងស្នេហ៍ដុត រោលខ្លាំងយ៉ាងណាក្តី។ លុះពួកគេត្រឡប់មកស្រុក ប្រុសស្នេហ៍យំរំអុក អង្វរម៉ែឱ្យចូលស្តីដណ្តឹងស្រីថ្លើម ថ្លៃរៀបការធ្វើជាប្រពន្ធ…។

នាងអ៊ន ឆី អាយុ២២ឆ្នាំ រស់នៅភូមិទ្រយឹង ឃុំរៀមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបរាប់ ឱ្យដឹងថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៦នាក់ (ស្រី៤ ប្រុស២) ដែលឪពុកឈ្មោះអោម អឿន អាយុ៦៧ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង នាងមានវាសនារៀនសូត្រ បានចប់ថ្នាក់បឋមសិក្សាដែរ តែដោយខួរក្បាលខ្សោយ រៀនលែងចូល ក៏បោះបង់ការសិក្សាត្រឹមនោះ ដោយនៅផ្ទះជួយ ធ្វើការងារស្រែចម្ការចិញ្ចឹមជីវិតជាមួយ ក្រុមគ្រួសាររហូតមក។ លុះក្រោយមក ដោយសារនៅស្រុកមិនសម្បូរការងារធ្វើ ម៉្យាងទៀត ការងារមួយចំនួនទទួលបានប្រាក់កម្រៃ តិចផង ទើបនាងបានចេញទៅធ្វើ ជាពលករនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់មួយជាមួយបងៗ នាងប៉ុន្មាននាក់ទៀត នៅពេលទៅដល់ស្រុកថៃ នាង ចូលធ្វើជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់។ ខណៈដែលទៅធ្វើការនៅទីនោះ បានមួយរយៈនាងបានជួបជាមួយកំលោះម្នាក់ឈ្មោះអ៊ុង ចក់ អាយុបងនាង៦ឆ្នាំ (ប្តីសព្វថ្ងៃ) រហូតជំពាក់ចិត្តជំពប់ស្នេហ៍ បាក់ចិត្តស្រលាញ់គ្នាធ្វើជាគូសង្សារយ៉ាងផ្អែមល្ហែម។

នាងអ៊ន ឆី និងលោកអ៊ុង ចត់

នាងឆី បន្តឱ្យដឹងទៀតថា តាមពិតទៅកំលោះអ៊ុង ចក់ មិនមែន ជាអ្នកស្រុកឆ្ងាយទេ ពោលគឺជាអ្នកស្រុកភូមិនៅក្បែរគ្នាសោះ ដែលកាលពីក្មេងបានស្គាល់គ្នា រត់ប្រលែងជាមួយគ្នាលេងតាំងពី មិនទាន់ចេះស្លៀកខោមកម៉្លេះ តែក្នុងនាមជាមិត្តភាពប៉ុណ្ណោះ មិនធ្លាប់គិតដល់រឿងស្នេហាម្តងណាឡើយ។ លុះពេលទៅធ្វើ ការនៅស្រុកថៃ ជាមួយគ្នា ទើបមិត្តភាពរវាងពួកនាងចាប់ផ្តើមមាន ការប្រែប្រួលកាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើង ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយ ទីទៃ នៅព្រៃម្តាយជាមួយ” រួមផ្សំទាំងបងប្អូន និងអ្នកស្រុកទៅធ្វើការនៅក្បែរគ្នា និយាយចំអន់ផ្គូរផ្គងចុះឡើងៗ ធ្វើឱ្យពួកនាងទាំងពីរនាក់ចាប់អារម្មណ៍លើគ្នាថែម មួយកម្រិតទៀត ក៏បង្កើតបានជាភ្លើងស្នេហ៍ ឆ្លងដែនមានកម្តៅរាប់ពាន់អង្សា ដោយបានបណ្តើរគ្នាដើរលេងសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមរួមគ្នារាប់មិនអស់។

នាងអ៊ន ឆី និងកូន

នាងអ៊ន ឆី ឱ្យដឹងទៀតថា ទោះយ៉ាងណា គូសង្សារនាងគោរពប្រពៃណីទំនៀម ទម្លាប់ខ្មែរបានល្អណាស់ មិនជ្រុលជ្រួសខ្លួនប្រាណទុំមុនស្រគាលឡើយ។ ជាពិសេសទៅទៀត បងប្អូននាងក៏បានដឹងពីទំនាក់ទំនងស្នេហានាងដែរ ហើយ ពួកគាត់មិនរារាំងបំបែកស្នេហ៍អ្វីឡើយ តែទាមទារឱ្យពួកនាងត្រូវគោរពប្រពៃណី ទុកមុខទុកមាត់ឱ្យក្រុមគ្រួសារផង ពុំនោះទេ ក្រុមគ្រួសារនឹងកាត់កាល់នាង ចោល។ ហេតុផលទាំងអស់នេះហើយ តែងពញ្ញាក់អារម្មណ៍នាងមិនឱ្យភ្លើតភ្លើន តាមកម្សួលភ្លើងកាមគុណដុតរោលឡើយ លុះក្រោយពីសាងស្នេហ៍ជាមួយ គ្នាបានរយៈពេល២ខែ ប្រុសស្នេហ៍បាក់ចិត្តស្រលាញ់នាងខ្លាំងឡើងបាត់មុខ មិនបាន ក៏ធ្វើដំណើរត្រឡប់មកស្រុកយំរំអុក អង្វរឪពុកម្តាយឱ្យចូលស្តីដណ្តឹង ដល់មេបារៀបការ តាមប្រពៃណីក្រាបក្បាលដល់កន្ទេល បាចផ្កាស្លាត្រឹមត្រូវ នាងទើបនាងប្រគល់ខ្លួនឱ្យប្រុសថ្លើមថ្លៃកន្លង។

នាងឆី បញ្ជាក់ថា ពេលរៀបការហើយ ប្តីប្រពន្ធនាងស្រលាញ់គ្នាខ្លាំងណាស់ ព្រោះបានរួមរស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ពេញក្នុងបេះដូង ឱ្យតែយប់ឡើងមិនទាន់ទេ ដឹកដៃគ្នាចូលបន្ទប់ជិះយានអវកាសទៅលេងឋាន ព្រះចន្ទ យ៉ាងមានសេចក្តីសុខ។ មិនយូរប៉ុន្មាននាងមានអាការឃ្លានម្ជូរចាញ់ កូនមានផ្ទៃពោះបាត់ទៅហើយ ពោលគឺរួមរស់ជាមួយគ្នាមិនទាន់ដល់២ឆ្នាំផង នាងបង្កើតបានកូនស្រីម្នាក់បាត់ទៅហើយ។ ពេលនេះ ចំណងស្នេហ៍ប្តីប្រពន្ធ នាងនៅតែផ្អែមល្ហែមដូចគ្រាដើម មិនទាន់ឃើញ សញ្ញាបែកបាក់ណាមួយកើតឡើងឡើយ។

អ្នកស្រីឡាញ់ ទុំ

លោកអ៊ុង ចត់ អាយុ២៨ឆ្នាំ ជាប្តីបានឱ្យដឹងថា ប្តីប្រពន្ធលោកបានស្គាល់គ្នាតាំងពីនៅតូចធ្លាប់រត់ ប្រឡែងគ្នាលេងបាយឡុយបាយឡជាមួយគ្នា ព្រោះជា អ្នកស្រុកភូមិក្បែរគ្នា។ លុះពេលធំពេញរូបពេញរាង កំលោះក្រមុំរៀងៗខ្លួន យូរៗទៅស្រាប់តែបេះដូងកំលោះ ក្រមុំពួកលោកទាំងពីរនាក់មានចរន្តស្នេហ៍រត់រកគ្នា ទាំងមិនដឹងខ្លួន រហូតបាក់ចិត្តស្រលាញ់គ្នា យ៉ាងផ្អែមល្ហែម ដូចស្រមោចនិងស្ករ។ តែយ៉ាងណា លោកពិត ជាស្រលាញ់នាងអ៊ន ឆី ស្ម័គ្រស្មោះចង់បានធ្វើជាគូជីវិត រួមរស់ថែរក្សាគ្នាដល់ចាស់កោងខ្នង តែមិនចង់ឱ្យខូច កិត្តិយសមុខមាត់គ្រួសារស្រីស្នេហ៍ដែរ ទើបលោកខំប្រឹង តាំងចិត្តទប់អារម្មណ៍ខ្លួនឯង មិនប៉ះពាល់ខ្លួនប្រាណ នាងម៉្យាងទៀតខ្លាចបាត់បងនាងពីដើមទ្រូងមានប្រុសថ្មី មកដណ្តើម លោកក៏ប្រញាប់ធ្វើដំណើរមកស្រុកបង្ខំ ឪពុកម្តាយឱ្យចូលស្តីដណ្តឹងស្រីដែលខ្លួនស្រលាញ់ ស្មើជីវិត រៀបការយកធ្វើជាប្រពន្ធថ្នាក់ថ្នមចិត្តកាយ របស់នាងមកដល់សព្វថ្ងៃ និងសប្បាយចិត្តរីកថ្លើម ប្រមាត់ជាខ្លាំង ដែលស្នេហ៍សមតាមបំណង។

អ្នកស្រីឡាញ់ ទុំ អាយុ៥២ឆ្នាំ និងលោកសុខ បាន អាយុ៤៤ឆ្នាំ ជាសាច់ញាតិបានឱ្យដឹងថា ប្តីប្រពន្ធ របស់នាងឆី បានផ្តើមស្នេហ៍នឹងគ្នាតាំងពីពួកគេទៅ ធ្វើការនៅប្រទេសថៃ មកម៉្លេះ គឺតាំងពីកំលោះក្រមុំ។ ជាពិសេស គួរឱ្យសរសើរដែលពួកគេចេះយល់ចិត្តគ្នា គោរពប្រពៃណីបានល្អ មិនជ្រុលជ្រួសខ្លួនប្រាណទុំ មុនស្រគាល ធ្វើឱ្យអាប់ឱនកិត្តិយសក្រុមគ្រួសារខាង ស្រី ទើបក្រុមគ្រួសារទាំងសងខាងសម្រេចផ្សំផ្គុំឱ្យ ពួកគេក្លាយជាប្តីប្រពន្ធ តាមប្រពៃណីតែម្តងទៅ និង រួមរស់ជាមួយគ្នាក្នុងរង្វង់សុភមង្គលដល់សព្វថ្ងៃ។

លោកសុខ បាន

គួរបញ្ជាក់ថា គូស្នេហាយុវវ័យសម័យថ្មីនេះ មួយចំនួនឱ្យតែពួកគេស្រលាញ់ពេញចិត្តគ្នាហើយ មិនសូវជាខ្វាយខ្វល់រឿងប្រពៃណីទំនៀមទម្លាប់អ្វី ឡើយ ច្រើនតែនាំគ្នាដើរផ្លូវកាត់ ដើម្បីឱ្យស្នេហ៍ឆាប់ ដល់គោលដៅ ប៉ុន្តែចំណងស្នេហ៍លោតផ្លោះបែបនេះ មិនសូវជាទទួលផលល្អប៉ុន្មានឡើយ ជាពិសេស តួស្រីងាយនឹងរងគ្រោះ ត្រូវប្រុសស្នេហ៍បោះបង់ចោល ឱ្យទឹកភ្នែកជូតក្បាលជង្គង់។ ដូច្នេះយុវវ័យទាំងឡាយ គួរតែយកតាមគំរូប្តីប្រពន្ធរបស់នាងអ៊ន ឆី បើស្រលាញ់ពេញចិត្តគ្នាហើយ ត្រូវឱ្យចាស់ទុំដឹងឮ រៀបការតាមប្រពៃណី ទើបហៅថា គូស្នេហ៍ស្រលាញ់ ស្មគ្រ័ស្មោះ ម៉្យាងទៀតភាគីខាងស្រីបានបំពេញមុខ មាត់ក្រុមគ្រួសារ មិនឱ្យទទួលរងរឿងអាស្រូវ ស្អុយសាយភាយបញ្ច្រាសខ្យល់…”៕

RELATED ARTICLES