Thursday, April 25, 2024
Homeព័ត៌មានជាតិលង់ស្នេហ៍តាមទូរស័ព្ទ!!! ដំបូងផ្អែមល្ហែមដូចទឹកឃ្មុំ បានកូន២ ប្តីវាយព្រឹកល្ងាច ប្រពន្ធនាំកូនរត់ទៅផ្ទះម្តាយវិញ

លង់ស្នេហ៍តាមទូរស័ព្ទ!!! ដំបូងផ្អែមល្ហែមដូចទឹកឃ្មុំ បានកូន២ ប្តីវាយព្រឹកល្ងាច ប្រពន្ធនាំកូនរត់ទៅផ្ទះម្តាយវិញ

ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់នេះបានទាក់ទងស្គាល់បុរសម្នាក់តាមទូរស័ព្ទ លុះសាសងគ្នាទាំងយប់ថ្ងៃចុះឡើង ក៏បង្កាត់បានជាភ្លើងស្នេហ៍ ព្រមទទួលយកគ្នាជាប្តីប្រពន្ធត្រឹមសែនព្រេន១ព្រឹក អស់មាន់ស្ងោរ១ រួចក៏វេចបង្វេចចេញទៅរួមរស់ជាមួយប្តី ដឹងអី! ស្នេហាផ្អែមល្ហែមបានត្រឹមកូន២ ស្រាប់តែប្តីបែកគំនិតចាត់ទុកប្រពន្ធដូចកញ្ជះតណ្ហា និងតែងវាយធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ក៏វេចបង្វេចនាំកូន២នាក់ ត្រឡប់មករស់នៅជាមួយម្តាយវិញ។

នាងជា សុខចាន់ អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោង បានរៀបរាប់ប្រាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកឈ្មោះជា សឿន ម្តាយឈ្មោះយន់ កាក់។ ជីវភាពគ្រួសារនាងក្រីក្រណាស់ ហេតុនេះមិនអាចជំរុញឱ្យនាងបានរៀនសូត្រចប់ចុងចប់ដើមនោះទេ លុះពេលចូលដល់វ័យក្រមុំ ក៏មានប្រុសចោមស្នេហ៍មិនតិចនាក់ដែរ តែនាងហាក់គ្មាននិស្ស័យជាមួយ ទើបចេះតែប្រកែក ក្រោយមកនាងក៏បានចូលធ្វើការរោងចក្រ ហើយក៏ខំសន្សំលុយទិញបានទូរស័ព្ទមួយប្រើ គ្រាន់ទាក់ទងមកស្រុកសួរសុខទុក្ខឪពុកម្តាយ។

នាងជា សុខចាន់

នាងជា សុខចាន់ បន្តថា លុះដល់ថ្ងៃមួយ ស្រាប់តែនាងបានឃើញមានលេខទូរស័ព្ទប្លែកមួយ បានខលចូលទូរស័ព្ទនាង ដល់ពេលនាងលើកទទួល ក៏ឮសូរសំឡេងមនុស្សប្រុសនិយាយមករកទាំងសំឡេងស្រទន់ គួរឱ្យចង់រាប់អាន។ លុះពេលសួរនាំទៅ ទើបដឹងថា ច្រឡំលេខ ស្រាប់តែពេលនោះខាងប្រុសបានណែនាំខ្លួនឯងថា គេឈ្មោះបេង សុខន នៅកំលោះមិនទាន់មានស្នេហាទេ និងចង់រាប់អានស្គាល់នាង ត្បិតអីស្តាប់សម្តី មាននិស្ស័យចង់ឃើញមុខ។ ពេលនោះ នាងក៏មិនកំណាញ់អ្វីដែរ ត្រឹមតែរាប់អានតាមទូរស័ព្ទនោះ ហើយតាំងពីពេលនោះមក កំលោះនោះតែងទាក់ទងមកនាងមិនដាច់ មិនថាយប់ថ្ងៃ ជួបទាក់ទងមកសួរពីរឿងសុខទុក្ខ ប្រាប់ឱ្យនាងញ៉ាំបាយឱ្យទៀងពេល ខ្លាចឈឺក្រពះជាដើម និយាយរួម កំលោះនេះសម្តីផ្អែមណាស់ ស្ករល្មមៗផ្អែមមិនដល់ទេ។

នាងសុខចាន់ បានបន្តទៀតថា លុះក្រោយពីទាក់ទងគ្នាតាមទូរស័ព្ទយូរៗទៅ នាងក៏មានអារម្មណ៍ថា ខ្វះគេមិនបាន ជួនមួយថ្ងៃបើមិនបានស្តាប់សម្តីគេ ឬគេមិនខលមកទេ ដូចជារសាប់រសល់ដេកមិនលក់សោះ រហូតដល់ដាច់ចិត្តធ្វើមុខក្រាស់ខលទៅប្រុសមុនក៏មាន។ ទីបំផុត ក្រោយពីខាងប្រុសព្រលយពាក្យសុំស្នេហ៍ភ្លាម នាងក៏ឆ្លើយតបថា យល់ព្រមទៅវិញភ្លែត ដោយមិនចាំបាច់គិតច្រើន ព្រោះយល់ថា ជាគូព្រេងពីអតីតតែម្តង ព្រោះថា កន្លងមកប្រុសកំលោះក្នុងភូមិរាប់មិនអស់សុំស្នេហ៍ នាងមិនខ្វល់ខ្វាយ បែរជាបេះដូងទន់ជ្រាយជាមួយកំលោះនេះ។

នាងសុខចាន់ បានឱ្យដឹងទៀតថា បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ពួកនាងទាំង២នាក់ ក៏បានព្រមព្រៀងរើសថ្ងៃសែនព្រេនយកគ្នាជាប្តី ប្រពន្ធ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ដោយរៀបចំសែនព្រែនផ្តាច់ខ្មោចតែមួយព្រឹក អស់មាន់ស្ងោរតែ១ប៉ុណ្ណោះ ព្រោះថាពួកនាងទាំងពីរនាក់ សុទ្ធតែមានជីវភាពក្រីក្រដូចគ្នា ហើយក៏ទទួលយកគ្នាជាប្តីប្រពន្ធពេញមុខចាប់ពីពេលនោះមកតែម្តង។ នៅពេលរួមស្នេហ៍ដំបូង ឃើញថាប្តីនេះ ស្រលាញ់ថ្នមថ្នាក់នាងណាស់ ចំណែកនាងរឿងចំណីយប់ព្រលប់ តែងបំពេញបំណងប្តីមិនឱ្យទាស់ចិត្តឡើយ ទោះពេលខ្លះហត់នឿយ មិនសូវស្រួល ខ្លួន ក៏មិនហ៊ានរអ៊ូរទាំង ឬត្អូញត្អែរឱ្យប្តីឮដែរ។

នាងសុខចាន់ បានបន្ថែមថា លុះក្រោយពីនាងចាប់ផ្តើមសម្រាលកូនទី១ និងពពោះកូនទី២មក ឃើញថា ប្តីនេះចាប់ផ្តើមប្រែប្រួលចិត្ត គំនិតអស់ សូម្បីតែពាក្យសម្តីធ្លាប់ហៅនាងថាអូនឱ្យរលួយ បែរជាគំរោះគំរើយ ស្ទើរមិនចង់មើលមុខនាងផង។ រីឯលុយកាក់វិញ ពេលគេរកបាន មិនដែលឱ្យនាងជាប្រពន្ធទុកដាក់ឡើយ និងថែមទាំងដើរចាយវាយប៉ាវបនភឿនផឹកស៊ីអស់ៗ មិនតែប៉ុណ្ណោះពេលស្រវឹងចូលដល់ផ្ទះ ចាត់ទុកនាងដូចជាកញ្ជះតណ្ហាត្រូវការពេលណា ទារពេលហ្នឹង មិនស្គាល់យប់ថ្ងៃអីទេ បើនាងហ៊ានប្រកែកច្បាស់ជាត្រូវកំផ្លៀង ឬកែងជង្គង់ប្តីមិនខាន ធ្វើឱ្យនាងរបួសទាំងចិត្តរបួសទាំងកាយ នឹកស្មានមិនដល់ថា ប្តីអាចធ្វើដាក់នាងដល់ថ្នាក់នេះសោះ។

ឈ្មោះបេង សុខន

នាងសុខចាន់ បានបញ្ជាក់ថា ចូលមកដល់ឆ្នាំ២០១៧ ក្រោយពីរួមរស់នឹងប្តីបាន៤ឆ្នាំ ទទួលបានចំណងនិស្ស័យកូនប្រុសស្រី២នាក់រួចមក ដោយសារតែលែងអាចទ្រាំទ្រនឹងទង្វើរបស់ប្តីបានតទៅទៀត នាងក៏ដាច់ចិត្តនាំកូនប្រុសស្រីទាំង២នាក់ វេចបង្វេចចុះចោលប្តីមករស់នៅស្រុកកំណើតជាមួយម្តាយវិញ ដោយប្រឹងដើរស៊ីឈ្នួលគេចិញ្ចឹមកូនទាំង២នាក់យ៉ាងលំបាកវេទនា។ ប៉ុន្តែយ៉ាងណា ដោយសារតែមិនទាន់ដាច់អាល័យពីប្តី និងនឹកថាថ្ងៃណាមួយប្តីអាចនឹងកែប្រែចរិតបាន ទើបនាងមិនហ៊ានប្តូរលេខទូរស័ព្ទទេ បើកទូរស័ព្ទទុកចាំប្តីខលមក ដឹងអី! រាប់ឆ្នាំមិនដែលឃើញប្តីខលមកលេង ឬសួរសុខទុក្ខកូនសោះ លុះថ្ងៃមួយ ម្តាយក្មេកមកលេង នាងនឹកស្មានថា មកស្នើសុំនាងឱ្យជានាជាមួយប្តីវិញ តែបែរជាប្រាប់ថាមក សុំចៅប្រុសទៅលេង១យប់២យប់ រួចក៏យកទៅបាត់រហូតមិនឃើញយកមកឱ្យនាងវិញសោះ ទុកឱ្យនាងនៅតែ២នាក់កូនស្រី ដោយរាល់ថ្ងៃនាងប្រឹងដើររើសអេតចាយផង ស៊ីឈ្នួលច្រូតកាត់ ដកស្ទូងឱ្យគេផង គ្រាន់បានកម្រៃមកចិញ្ចឹមកូនស្រី និងនឹកស្រណោះដល់អតីតកាល មិនគួរណាប្រុសសុំស្នេហ៍គគោក មិនជ្រើសយក បែរជាទៅលង់ស្នេហ៍ប្រុសហេងស៊យ សល់ត្រឹមតែទឹកភ្នែកជូតក្បាលជង្គង់ប៉ុណ្ណោះ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីឈ្មោះបេង សុខន បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

 

អត្ថបទមុនៗ

 

ប្តីកំណាចវ៉ៃប្រពន្ធទម្លាក់ពីលើឡាន រលូតកូនភ្លោះ ខឹងសុំលុយ៣មុឺនដុល្លារ រៀបការស្រីថ្មីមិនបាន

ភ្នំពេញ ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេ កំពុងមានផ្ទៃពោះកូនភ្លោះជិតគ្រប់ខែ ស្រាប់តែប្តីហេងស៊យសុំលុយយកទៅរៀបការប្រពន្ធថ្មី លុះប្រពន្ធអត់លុយឱ្យ ស្រាប់តែប្តីកំណាចផ្ទុះកំហឹងវ៉ៃប្រពន្ធដែលកំពុងពពោះកូនភ្លោះក្នុងផ្ទៃជិតគ្រប់ខែ ទម្លាក់ពីលើឡាន បណ្តាលឱ្យកូនភ្លោះត្រូវរលូតស្លាប់ ចំណែកប្រពន្ធត្រូវធ្លាក់ខ្លួនពិការដើរមិនរួចដល់សព្វថ្ងៃ។

អ្នកស្រីវង្ស ធារី
អ្នកស្រីវង្ស ធារី អាយុ៥០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ បានរៀបរាប់ប្រាប់ថា គាត់ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកឈ្មោះយិន ស្រូយ ម្តាយឈ្មោះយី មួយ។ កាលពីក្មេងគាត់មិនសូវបានរៀនសូត្រនោះទេ ព្រោះជីវភាពគ្រួសារក្រីក្រពេក លុះពេលធំពេញវ័យក្រមុំ ក៏ត្រូវឪពុកម្តាយផ្សំផ្គុំឱ្យមានប្តីឈ្មោះយស់ រិទ្ធ និងបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ត្បិតថា ជីវភាពក្រីក្របន្តិចមែន តែប្តីមិនដែលធ្វើឱ្យប្រពន្ធទាស់ចិត្តឡើយ មើលថែថ្នាក់ថ្នម ការងារអ្វីធ្ងន់ស្រាលមិនសូវឱ្យប្រពន្ធធ្វើឡើយ សុខចិត្តនឿយលំបាកតែម្នាក់ឯង ធ្វើឱ្យជីវិតគាត់រស់នៅមានសុភមង្គលល្អណាស់។

ប្តីកំណាចលឹម ថន
អ្នកស្រីវង្ស ធារី បន្តថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់ចាប់យករបរដឹកអុសលក់តាមរថយន្ត ដោយប្រឹងពួតដៃគ្នារកស៊ីទាំងពីរនាក់ ដោយគ្មានរួញរាអ្វីឡើយ លុះពេលកំពុងតែរួមរស់យ៉ាងមានសេចក្តីសុខ នៅអំឡុងឆ្នាំ២០០០ គ្រាដែលគាត់មានកូន៣នាក់ ជាចំណងនិស្ស័យនឹងគ្នាទៅហើយ ស្រាប់តែថ្ងៃមួយ ប្តីរបស់គាត់បានជួបគ្រោះអកុសល គ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគាត់ និងកូនៗបាត់ទៅ បន្សល់ទុកកូន៣នាក់ ឱ្យគាត់រ៉ាប់រងចិញ្ចឹមយ៉ាងលំបាកលំបិន។

អ្នកស្រីវង្ស ធារី និងលោកលឹម ថន
អ្នកស្រីធារី បានឱ្យដឹងទៀតថា ក្រោយពីប្តីស្លាប់ចោលទៅ គាត់ត្រូវរកស៊ីដឹកអូសដើរលក់តែម្នាក់ឯង ប៉ុន្តែដោយសារខ្វះអ្នកបើកឡាន ទើបគាត់បានរកតៃកុងឡានមកជួយបើកឡានដឹកគាត់ដើរលក់។ ក្រោយមក គាត់ក៏បានទទួលកំលោះម្នាក់ ឈ្មោះលឹម ថន អាយុប្អូនគាត់ជាង១០ឆ្នាំ ឱ្យមកបើកឡានដឹកអុសលក់ជាមួយគាត់ ហើយតាំងពីនោះមក នៅពេលទៅណាមកណាជិតឬឆ្ងាយ ពួកគាត់ទាំងពីរនាក់តែទៅជាមួយគ្នាឱ្យត្រសងដូចលលកញីឈ្មោល ហើយប៉ះចំកំលោះនោះមានសម្តីផ្អែម ពូកែលួងលោម ធ្វើឱ្យគាត់រំសាយអារម្មណ៍លែងកើតទុក្ខ នឹកគិតដល់ខ្មោចប្តី និងថែមទាំងមានអារម្មណ៍ថាបាត់មុខកំលោះនេះមិនបានទៀតផង។

អ្នកស្រីវង្ស ធារី ពេលធ្លាក់ខ្លួនពិការ ដោយសារប្តីវាយទម្លាក់ពីលើឡាន

អ្នកស្រីធារី បានបន្ថែមថា ធម្មតាស្រមោចនិងស្ករនៅក្បែរគ្នាយូរទៅ លែងអីនឹងរួមរឹតគ្នា ជាក់ស្តែងកំលោះនោះពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែផ្តោះផ្តងព្រលយពាក្យស្នេហាដាក់គាត់មិនឈប់ រហូតដល់គាត់ទន់ចិត្តត្រូវរ៉ូវគ្នា ទាក់ទងស្នេហាអូនបងឱ្យរលួយ។ ត្បិតថា គាត់ជាមេម៉ាយកូន៣ និងថែមទាំងមានវ័យចាស់ជាងគេ ដល់ទៅជាង១០ឆ្នាំ ប៉ុន្តែកំលោះលឹម ថន នៅតែផ្តល់តម្លៃលើកកិត្តិយសគាត់ ដោយឱ្យម្តាយរបស់គេចូលស្តីដណ្តឹងគាត់រៀបការពេញច្បាប់ទៀតផង។ លុះចាប់តាំងពីក្លាយជាប្តីប្រពន្ធគ្នាមក សេចក្តីសុខរបស់គាត់មានតែមួយឆាវដំបូងប៉ុណ្ណោះ ព្រោះតែប្តីក្មេងហាក់បែកគំនិតរំសាយចិត្តស្រលាញ់ចំពោះប្រពន្ធចាស់ ចេះតែលួចលាក់ទាក់ទងស្រីថ្មីរាប់មិនអស់ និងឧស្សាហ៍ដើរចោលផ្ទះបាត់ៗ។

អ្នកស្រីធារី បានបញ្ជាក់ថា លុះក្រោយមក គាត់ក៏ចាប់ផ្តើមមានផ្ទៃពោះ លុះពេលទៅពិនិត្យ ឃើញថា ជាកូនភ្លោះទៀតផង ធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែប្តីហាក់មិនសប្បាយរីកថ្លើមជាមួយគាត់សោះ ព្រោះគេកំពុងវក់នឹងស្រីក្មេងម្នាក់ទៀតទៅហើយ។ តាំងពីនោះមក ប្តីនេះចេះតែរករឿងកោសរូសគាត់ជាប្រពន្ធមិនឈប់ ដោយចេះតែទាមទារយកស្រីម្នាក់នោះជាប្រពន្ធថែមម្នាក់ទៀត តែគាត់មិនព្រម។ លុះពេលកូនក្នុងផ្ទៃគ្រប់ខែ នៅសល់តែ១៩ថ្ងៃទៀត ដល់ថ្ងៃសម្រាលទៅហើយ បែរជាប្តីបានមកទាររកលុយពីគាត់ជាប្រពន្ធចំនួន៣ម៉ឺនដុល្លារ យកទៅរៀបការជាមួយនឹងស្រីថ្មី លុះពេលគាត់ប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែពេលដែលកំពុងបើករថយន្តដឹកគ្នាចេញទៅលក់អុសដូចសព្វដង ប្តីកំណាចនេះក៏បានវ៉ៃគាត់ដែលកំពុងមានផ្ទៃពោះកូនភ្លោះ ទម្លាក់ពីលើឡាន បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា កូនភ្លោះក្នុងផ្ទៃរបស់គាត់បានស្លាប់ទៅហើយ ហេតុនេះមានតែវះកាត់យកចេញ ដើម្បីស្រោចស្រង់ជីវិតគាត់ជាម្តាយ។ ចំណែកគាត់ ត្បិតថាបានរួចពីសេចក្តីស្លាប់ ប៉ុន្តែត្រូវធ្លាក់ខ្លួនពិការដើរមិនរួចរហូតមកដល់សព្វថ្ងៃ រស់នៅយ៉ាងលំបាកវេទនា តែសំណាងបានកូនៗជួយមើលថែ និងបានអ្នកជិតខាងចិត្តបុណ្យចិត្តធម៌ ចេះតែជួយយកអាសាររហូតមក។ ដោយឡែកប្តីកំណាចរូបនោះ តាំងពីប៉ងសម្លាប់គាត់មិនបានសម្រេចមក ក៏គេចខ្លួនបាត់ស្រមោល មិនដែលឃើញអើតឈ្ងោកមករកគាត់ទេ មិនដឹងជាស្លាប់រស់នៅឯណាក៏មិនដឹង៕

 

http://www.nokorthomdaily.com/2018/01/violence-59591/

RELATED ARTICLES