Wednesday, January 15, 2025
Homeសង្គម និងជីវិតគួរឲ្យអស់សំណើចណាស់! ជិះរថយន្តឈ្នួលចង្អៀតពេកសុំចុះ អ្នកបើកបរទារលុយពេញថ្លៃ

គួរឲ្យអស់សំណើចណាស់! ជិះរថយន្តឈ្នួលចង្អៀតពេកសុំចុះ អ្នកបើកបរទារលុយពេញថ្លៃ

ភ្នំពេញ ៖ អ្នកជិះរថយន្តឈ្នួលម្នាក់ ត្រូវអ្នកដេញចាប់ម៉ូយយកទៅញាត់ទ្រាំលែងបានទាមទារចុះពាក់កណ្តាលផ្លូវ ម្ចាស់រថយន្តទារលុយ ក៏កើតជម្លោះមាត់តូច មាត់ធំដាក់គ្នាផ្អើលអ្នកជិតខាង ទើបសមត្ថកិច្ចចេញទៅសម្របសម្រួល កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីភាគីខាងរថយន្តឈ្នួល បានឱ្យ ដឹងថា គាត់រកស៊ីរត់តាក់ស៊ីភ្នំពេញ-កំពត ច្រើន ឆ្នាំមកហើយ ដោយក្នុងរថយន្តដាក់មួយបាំង ៤នាក់ ក្នុងករណីពិសេស ថ្ងៃកម្មករ ពលរដ្ឋ ឈប់សម្រាកការងារ អ្នកដំណើរទៅស្រុកច្រើន ជួនកាលដាក់ដល់៥នាក់ក្នុងមួយបាំង។

លុះមកដល់រសៀលថ្ងៃកើតហេតុនេះ អ្នកដំណើរម្នាក់ជិះរថយន្តគាត់ចេញពីចំណតផ្សារដើមគ គោល ដៅចុះផ្សារត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ និយាយតម្លៃត្រូវគ្នា៥០០០រៀល ហើយមួយបាំងដាក់ម៉ូយ៤នាក់ជាធម្មតា តែបែរជាបុរសអ្នកជិះខាងលើ រអ៊ូរទាំថាចង្អៀត អ្នករួមដំណើរសុទ្ធតែមាឌធំៗ ពិបាកអង្គុយចេញដំណើរបណ្តើរ រអ៊ូបណ្តើរ។ លុះមកដល់មុខប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ភ្ញៀវនេះបានទាមទារឱ្យរថយន្តឈប់ គាត់ក៏ចតឈប់តែមិនភ្លេចទារលុយឈ្នួល៥០០០រៀល បែរជាភ្ញៀវរករឿងថា ឡានជិះអត់កើតយកលុយដែរ? ក៏កើតជាជម្លោះតឹងសរសៃក។

ចំណែកភាគីខាងអ្នកជិះ បានឱ្យដឹងថា ពេលដែលខាងរថយន្តហៅគាត់ឱ្យជិះ មានគ្នា៧នាក់ ថារថយន្តចេញហើយ លុះរថយន្តចេះតែឈប់ដាក់ម៉ូយតាមផ្លូវ គិតតែពីរឿងលុយបញ្ចូលក្នុងរថយន្តណែន ទើបធ្វើឱ្យពិបាកជិះខុសពីគ្រាដែលបើកចេញមក ទ្រាំលែងបានសុំចុះ មកទារលុយពេញថ្លៃដែរ។

ជម្លោះនេះ បង្កឱ្យផ្អើលដល់អ្នកជិតខាង សមត្ថកិច្ចចេញទៅសម្របសម្រួល ទីបំផុតបុរសជាអ្នកដំណើរខ្ជិលសន្សំរឿង ក៏ឱ្យលុយ៥០០០រៀល ទើបរថយន្តបើកបន្តដំណើរចាកចេញ ធ្វើឱ្យអ្នកបានឃើញគ្រវីក្បាលហួសចិត្ត ព្រោះតែរឿង៥០០០រៀល៕

RELATED ARTICLES