ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង បញ្ជាក់ថា សមិទ្ធផលដែលកម្ពុជាកំពុងមាន នាពេលបច្ចុប្បន្ន គឺមានការតស៊ូ និងប្រឹងប្រែង យ៉ាងលំបាកខ្លាំងណាស់ ដូច្នេះមិនត្រូវឱ្យមាន ការបំផ្លិចបំផ្លាញពីសំណាក់ឧទ្ទាមក្នុងព្រៃ និង ឧទ្ទាមទីក្រុងនោះឡើយ។
សម្តេចហ៊ុន សែន បានថ្លែងបែបនេះ កាល ពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅក្នុង ឱកាសដែលសម្តេចអញ្ជើញជួបសួរសុខទុក្ខ កម្មករ-កម្មការិនី ចំនួន១៦៩០៩នាក់ មកពី រោងចក្រ ចំនួន២០ ស្ថិតនៅរោងចក្រតំបន់ ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចហ៊ុន សែន បានថ្លែងនៅពេល នោះថា “ការងារ និងប្រាក់ចំណូលដែលក្មួយៗ កំពុងមាននេះ ត្រូវការពារវាឱ្យបាន យើងរក វា រកបានដោយលំបាកណាស់ មិនត្រូវឱ្យអ្នក ណាបំផ្លាញ ទោះបីជាឧទ្ទាមនៅក្នុងព្រៃ ឬ ឧទ្ទាមទីក្រុង ក៏មិនផ្តល់ការអនុញ្ញាតឱ្យបំផ្លិចបំផ្លាញនូវអ្វីដែលបាននិងកំពុងមានរួចមកហើយ នោះទេ។ ទម្រាំមានថ្ងៃនេះ ជីដូនជីតា និងឪពុក ម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ បាន ធ្វើការតស៊ូយ៉ាងខ្លាំង ទើបមានថ្ងៃនេះ ប្រទេស របស់យើងត្រូវហែកហួរដោយសង្គ្រាម ត្រូវ ញាំញីដោយរបបប្រល័យពូជសាសន៍ និងបន្ត ដោយសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ទម្រាំរក បាននូវសុខសន្តិភាព គឺមិនមែនជាការលេង សើចទេ ជីវិតមនុស្សស្លាប់ច្រើនណាស់ នៅប្រទេស មួយដែលមានប្រជាជនតែប្រមាណ៧លាននាក់ ត្រូវបានសម្លាប់ប្រមាណ៣លាននាក់រួចស្រេច ទៅហើយ ១ភាគ៣នៃប្រជាជន ត្រូវបានសម្លាប់ នៅលើលោកនេះ គ្មានប្រទេសណាដែលខ្លោចផ្សា ទុក្ខលំបាកវេទនាលើសពីកម្ពុជា ទៀតទេ សូម្បីតែនៅប្រទេសរ្វាន់ដា នៅសេរ៉ាឡេអូន នៅប្រទេសដទៃទៀតដែលគេចាត់ទុកថា មាន សោកនាដកម្ម ក៏ប៉ុន្តែសោកនាដកម្មនោះ វា មិនស្មើនឹងសោកនាដកម្មដែលបានកើតនៅក្នុង ប្រទេសកម្ពុជាទេ យើងបានងើបឈរឡើង ព្រមៗគ្នា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវការរស់រានមានជីវិតសម្រាប់ ប្រជាជាតិរបស់យើង យើងបានតស៊ូរួមគ្នាជម្នះ នូវការលំបាក ទប់ស្កាត់នូវការវិលត្រឡប់របប ប៉ុល ពត យើងបានខិតខំរួមគ្នាដើម្បីធ្វើឱ្យជីវភាព សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនរបស់យើង កាន់តែប្រសើរ ដែលកាលពីមុននេះ ភាពក្រីក្រ គ្របដណ្តប់នៅទូទាំងប្រទេស ក្នុងអត្រា១០០ ភាគរយ គឺក្រទាំងអស់គ្នា ប៉ុន្តែឥឡូវនេះ ភាព ក្រីក្ររបស់យើង គិតត្រឹមឆ្នាំ២០១៤ អត្រានៃ ភាពក្រីក្រធ្លាក់មកនៅត្រឹម១៣ភាគរយ ដែល ប៉ាន់ស្មានមកដល់ពេលនេះ នៅម្តុំ៩ភាគរយ តែប៉ុណ្ណោះ ក្រោម១០ភាគរយ…”។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជួបសួរសុខទុក្ខកម្មករ-កម្មការិនី ចំនួន ១៦៩០៩នាក់ មកពីរោងចក្រ ចំនួន២០ ស្ថិត នៅរោងចក្រតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចហ៊ុន សែន បានសម្តែងនូវភាព សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក ជួបជុំជាមួយកម្មករ-កម្មការិនី ក្នុងការចុះជួប សំណេះសំណាលប្រចាំសប្តាហ៍នេះ ដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយ បញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និង ជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម (២០១៥-២០២៥) ឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។
សម្តេចហ៊ុន សែន បានថ្លែងអំណរគុណ ដល់កម្មករទាំងអស់ ដែលកន្លងមកបានចូលរួម ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ តាមរយៈការ បម្រើការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បី ជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើនដូចសព្វថ្ងៃ នេះ។ កម្ពុជា ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុង រយៈពេល៣០ឆ្នាំកន្លងមកនេះ ដោយសារតែ ស្ថិរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព ជូនប្រជាពលរដ្ឋ ដែលកត្តាទាំងនេះ ធ្វើឱ្យមាន លទ្ធភាពដំឡើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ប្រសាសន៍ថា ក្នុងរយៈពេល១៦ថ្ងៃ នៃខែមករា នេះ មានស្ត្រីជាកម្មការិនីបានទទួលសេវាថែទាំ សុខភាព និងសម្រាលកូន ចំនួន១៨៩៥នាក់ ហើយសម្រាលកូនបានចំនួន១៩១៤ទារក ក្នុង នោះ ក៏មានកូនភ្លោះផងដែរ។ រដ្ឋត្រូវបានចំណាយ ថវិកាអស់ប្រមាណ ៧៦៤លាន ៤សែនរៀល ផងដែរ។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ ២០១៧ កន្លងទៅ គឺជាឆ្នាំដែលមានសេដ្ឋកិច្ច ដ៏រឹងមាំ ដែលបានចាក់ស្រេះ មកដល់ឆ្នាំ២០១៨ ដែលយើងត្រូវខិតខំបន្តឱ្យខ្លាំងបន្ថែមទៀត។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួល ភ្ញៀវទេសចរចំនួន ៥លាន ៦សែននាក់ នេះ ជា មោទនភាពមួយដែលធ្វើឱ្យយើងត្រូវតែ ខិតខំជំរុញវិស័យនេះ ជាពិសេសពេលខាងមុខ នេះ យើងនឹងបន្ថែមអាកាសយានដ្ឋានថ្មីទាំង ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
សម្តេចហ៊ុន សែន បានស្នើឱ្យក្រសួង ការងារ រកពេលវេលាណាមួយ ដើម្បីជួបកម្មករ-កម្មការិនី នៅឯខេត្តព្រះសីហនុ ដែលមានកម្មករ ប្រមាណជាង២ម៉ឺននាក់។ ជាធម្មតា សម្តេច តែងតែអញ្ជើញទៅជួបជុំកូនក្មួយកម្មករ-កម្មការិនីនៅថ្ងៃទី០១ ឧសភា ដែលជាទិវាពលកម្ម អន្តរជាតិ តែសម្តេចសូមឱ្យក្រសួងការងារ រៀបចំ ឱ្យបានមុន ពីព្រោះនៅក្នុងអំឡុងខែឧសភា គឺអាចមានភ្លៀងធ្លាក់ ដូច្នេះត្រូវរៀបចំជាពីរ លើក ដោយយកថ្ងៃទី០១ ជួបជាមួយប្រធាន ផ្នែកប្រធានរដ្ឋបាល និងថ្ងៃទី០២ ជួបជាមួយ កម្មករ។
នៅក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន បានដាក់ចេញនូវសារសំខាន់ៗ ៨ចំណុច ដើម្បី ឱ្យក្រសួងពាក់ព័ន្ធអនុវត្តន៍ឱ្យមានប្រសិទ្ធភាព រួមមាន ៖
១-ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។
២-ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការ ព្យាបាលកម្មករ-កម្មការិនីរោងចក្រ រួមទាំង កីឡាករ-កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវ បានអនុវត្តដូចគ្នា ជាពិសេស រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើឱ្យបាន ហ្មត់ចត់។
៣-ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅ ទទួលបានប្រាក់ខែ ១២០ដុល្លារ (៥០ភាគរយ ដោយក្រុមហ៊ុន និង៧០ភាគរយ ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធ ត្រូវតាមដានការងារឱ្យ បានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤-ត្រូវអនុវត្តចំពោះកម្មការិនីសម្រាល បានកូន១ គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យ ផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបាន កូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ ចំនួន ៥លានរៀលទៀត ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥-ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០ភាគរយ។
៦-អនុវត្តតាមដានមើលបញ្ហាទឹក ភ្លើង គឺត្រូវខិតខំបន្តតទឹក តភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយ ដែលមិនទាន់ទៅដល់ឱ្យបាន គ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការិនី កុំឱ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះ កន្លងមកមានកំណត់រួចរាល់ហើយ។
៧-អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពី ឆ្នាំ២០១៩ ទៅ កម្មករនឹងទទួលបានប្រាក់ចូល និវត្តន៍ (ប្រាក់រ៉ឺិត្រែត) ដូច្នេះក្នុងរយៈពេល១ ឆ្នាំ២០១៨ ត្រូវត្រៀមរៀបចំឱ្យហើយ ដើម្បី ឱ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវរបប សោធននិវត្តន៍នេះ។
៨-អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករ ទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិត បទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ៕
ដារិទ្ធ